ឯកឧត្ដម ឈិន កេតនា អញ្ជើញដឹកនាំពិនិត្យផែនឈរត្រៀមរៀបចំពិធីបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ឆ្នាំ២០២៥ នៅវិមានឯករាជ្យ 

ឯកឧត្ដម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិអន្តរជាតិ នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំ ដើម្បីពិនិត្យទីតាំងផែនឈរសម្រាប់ថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល នគរបាលជាតិ និងកងយោធពលខេមរភូមិន្ទ សម្រាប់ចូលរួមពិធីខួប​អនុស្សាវរីយ៍លើកទី ៧២ នៃទិវាបុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា និងទិវាកំណើត នៃកងយុទ្ធពលខេមរភូមិន្ទ ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ តំណាងក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងរដ្ឋបាល​រាជធានីភ្នំពេញ វិមានឯករាជ្យ រាជធានីភ្នំពេញ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះ​សមាជិក សមាជិកា ​ដែលបាន ចូលរួមតាមការអញ្ជើញ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំបុណ្យជាតិ-អន្តរជាតិ ហើយ​បានមានប្រសាសន៍បន្ថែមទៀតថា ការចុះត្រួតពិនិត្យ​នេះ មានគោល​បំណងធានា​បាននូវការប្រារព្ធនៃពិធីខួបអនុស្សាវរីយ៍នេះ ប្រព្រឹត្តទៅ​ដោយ​រលូន និងអធិកអធម ។​

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានជម្រាបលម្អិតជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការចូលរួមអំពីផែនឈរ​ រួមមាន៖

• ​ផែនឈរថ្នាក់ដឹកនាំ

• ​ផែនឈរមន្ត្រីរាជការ

• ​ផែនឈរនគរបាលជាតិ

• ​ផែនឈរកងយោធពលខេរមភូមិន្ទ

• ​ផែនកងកិត្តិយសត្រែទ័ព រួមនឹងផែនមហាជនជាច្រើនទៀត។​

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានលើកគោលការណ៍សំខាន់ៗ សម្រាប់​អនុវត្ត​និង​ជម្រាបជូនអំពីកាលបរិច្ឆេទ ទីតាំងប្រារព្ធពិធី និងកម្មវិធី នៃការ​ប្រារព្ធពិធីបុណ្យ​ឯករាជ្យជាតិ ចាប់ពីថ្ងៃទី០៨ , ០៩ , ១០ ,១១ ខែវិច្ឆិកា ឆ្នាំ២០២៥ រួមមាន ៖ 

.ថ្ងៃទី០៨ វេលាម៉ោង ១៤:០០នាទី នឹងមានរៀបចំពិធីដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និងថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា “ព្រះបរមរតនកោដ្ឋ” នៅមណ្ឌបសួនច្បារខាងកើតវិមានឯករាជ្យ។

.ថ្ងៃទី០៩ វេលា៨:០០នាទីព្រឹក ចាប់ផ្តើមប្រារព្ធព្រះរាជពិធីប្រទានភ្លើងជ័យ នៅវិមានឯករាជ្យ។ 

.ថ្ងៃទី១០ មានកម្មវិធីសិល្បៈ តាមទីតាំងដែលបានកំណត់ ។ 

.ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ម៉ោង ១៦:៣០នាទី ចាប់ផ្តើមប្រារព្ធព្រះរាជពិធីពន្លត់ភ្លើងជ័យ នៅវិមានឯករាជ្យ។ 

ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បន្តថា ដើម្បីពិធីឱ្យកាន់តែអធឹកអធមថែមទៀតនោះ កម្មវិធីក៏បាន​ចាត់តាំង​ការអុជកាំជ្រួចរយៈពេល២ថ្ងៃ គឺថ្ងៃទី៩ -១១ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង១៩:០០នាទី នៅមុខព្រះបរមរាជវាំង។

ទាំងអស់នេះបង្ហាញយ៉ាងច្បាស់អំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធ្វើយ៉ាងណាឱ្យពិធីនេះប្រព្រឹត្ត​ទៅប្រកបដោយភាព​ថ្លៃថ្នូរ សក្តិសមនឹងព្រឹត្តិការណ៍​ជាប្រវត្តិសាស្ត្រនៃព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យ ៩ វិច្ឆិកា ១៩៥៣ ​ពីអាណានិគមបារាំងរបស់ព្រះករុណាព្រះបរមរតនកោដ្ឋ និងការរម្លឹក​ពិធីដ៏អធិកអធមនេះ ក៏នឹងប្រារព្ធក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។