ភ្នំពេញ៖ ចាប់ពីខែមករា រហូតដល់ខែតុលា ឆ្នាំ២០២៥ គឺមានរយៈពេល១០ខែ ក្រសួងបរិស្ថាន បានទប់ស្កាត់ការបញ្ចេញសំណល់រាវបំពុលបរិស្ថានពីរោងចក្រ សហគ្រាសនិងក្រុមហ៊ុននានា ស្របតាមវិធានការច្បាប់បានចំនួន ១៥ ៨៩៤ ៤៥០ ម៉ែត្រគូប។
អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បញ្ជាក់ថា លទ្ធផលសម្រេចបាននេះ គឺស្របតាមគោលនយោបាយនិងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ និងកាត់បន្ថយការបំពុលទឹកសាធារណៈ។ លោកបន្ថែមថា ចំពោះភាពស្អាត គឺក្រសួងបរិស្ថាន បានធ្វើការផ្សព្វផ្សាយ ដាក់ចេញជាយុទ្ធនាការ និងអនុវត្តសកម្មភាព ដើម្បឱ្យកម្ពុជាមានភាពស្អាតទាំងនៅលើផ្ទៃដី ភាពស្អាតក្នុងទឹក និងភាពស្អាតលើមេឃ។ ដោយឡែក ចំពោះភាពស្អាតក្នុងទឹក ក្រសួងរួមបញ្ចូលយុទ្ធនាការទប់ស្កាត់ការបញ្ចេញសំណល់រាវបំពុលតំបន់ទឹកសាធារណៈ និងបរិស្ថាន។ ជាក់ស្តែង គ្រាន់តែក្នុងខែតុលាឆ្នាំនេះ ក្រសួងទប់ស្កាត់ការបញ្ចេញសំណល់រាវមិនឱ្យមានការបំពុលបរិស្ថាន បានចំនួនប្រមាណ២លានម៉ែត្រគូប។
អ្នកនាំពាក្យរូបនេះបន្ថែម ការទប់ស្កាត់ការបញ្ចេញសំណល់រាវដែលនាំឱ្យមានការបំពុលបរិស្ថាន បានចែងតាមច្បាប់ជាធរមានរបស់កម្ពុជា ក្នុងក្រមបរិស្ថាន និងធនធានធម្មជាតិ។ លើសពីនេះ ការត្រួតពិនិត្យការបំពុលទឹក ការកាត់បន្ថយនិងទប់ស្កាត់ការបំពុលតំបន់ទឹកសាធារណៈ ក៏មានចែងក្នុងបទដ្ឋានគត្តិយុត្តមួយចំនួនផ្សេងទៀត ដែលបានចូលជាធរមាន របស់ព្រះរាជាណាចក្រកម្ពុជា។ សូមជម្រាបថា គិតត្រឹមខែតុលាដូចគ្នា មានរោងចក្រ សហគ្រាស និងក្រុមហ៊ុនចំនួ៦១ទីតាំង បានចុះកិច្ចសន្យា ក្នុងនោះមាន៤៨ទីតាំង បានបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យការបញ្ចេញសំណល់រាវ នៅតាមទីតាំងរៀងៗខ្លួន៕



