មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល ក្រោមការដឹកនាំរបស់ លោក បូរី វង្សសានិត្យ បានយកចិត្តទុកដាក់ខ្ពស់ធានាបានហេដ្ឋារចនាសម្ព័ន្ធ ដែលអាចប្រើប្រាស់បានយូរអង្វែង បម្រើដល់ការធ្វើចរាចរប្រចាំថ្ងៃ ការដឹកជញ្ជូនទំនិញ និងកសិផល ប្រជាពលរដ្ឋ !

ក្នុងនាមជាសេនាធិការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្នាក់ក្រោមជាតិ និងរដ្ឋបាលខេត្តកណ្តាល-មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល ក្រោមការដឹកនាំរបស់ លោក បូរី វង្សសានិត្យ បានយកចិត្តទុកដាក់ខ្ពស់ និងចាត់អោយលោកប៉ែត សារ៉ាត់ អនុប្រធានមន្ទីរទទួលបន្ទុក និងក្រុមកាការងារថែទាំ បណ្តាញផ្លូវ ថ្នល់ ស្ពាន លូ និងសំណង់សិល្បការ្យនានាក្នុងភូមិសាស្ត្រខេត្តកណ្តាលទាំងមូល បានខិតខំយកចិត្តទុកដាក់ ធានាបានហេដ្ឋារចនាសម្ព័ន្ធដែលអាចប្រើប្រាស់បានយូរអង្វែង បម្រើដល់ការធ្វើចរាចរប្រចាំថ្ងៃ ការដឹកជញ្ជូនទំនិញ និងកសិផល និងការតភ្ជាប់ប្រព័ន្ធភស្តុភារកម្មរាជធានីភ្នំពេញ ទៅបណ្តាខេត្ត រួមទាំងប្រទេសជិតខាង។

ភូមិសាស្ត្រខេត្តកណ្តាល ក៏ដូចជាខេត្តមួយចំនួនទៀតដែរ ស្ថិតនៅក្នុងតំបន់ទំនាប ដែលបណ្តាញហេដ្ឋារចនាសម័្ពន្ធងាយរងគ្រោះខ្លាំងដោយសារជំនន់ទឹកភ្លៀង និងជំនន់ទន្លេមេគង្គ។ ជាក់ស្តែងក្រោយសង្កេតឃើញថា ផ្លូវថ្នល់មួយចំនួនបានរងការខូចខាតដោយសារជំនន់ទឹកភ្លៀងនារដូវវស្សា និងការដឹកជញ្ជូនទំនិញ មន្ទីរសាធារណការ បានសម្រុកធ្វើការជួសជុល ថែទាំ គ្រប់ខ្សែផ្លូវ ទាំងផ្លូវជាតិ ផ្លូវខេត្ត តាមមូលដ្ឋានស្រុកនីមួយៗ ដែលមានប្រវែងសរុប ៥១៨ គីឡូម៉ែត្រ។ មន្ទីរបានធ្វើការបែងចែកក្រុមការងារជា ក្រុមរួមមាន៖

ក. ក្រុមថែទាំប្រចាំ៖ មាន ០៥ក្រុម ១. ក្រុមថែទាំប្រចាំឈរជើងនៅមូលដ្ឋានស្រុក មុខកំពូល ស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម និងក្រុងអរិយក្សត្រ ២. ក្រុមថែទាំប្រចាំឈរជើងនៅមូលដ្ឋានស្រុក កណ្តាលស្ទឹង ស្រុកអង្គស្នួល និងស្រុកពញ្ញាឮ

៣. ក្រុមថែទាំប្រចាំឈរជើងនៅមូលដ្ឋានស្រុក លើកដែក ស្រុកកៀនស្វាយ ស្រុកកោះធំ និងក្រុងសំពៅពូន ៤. ក្រុមថែទាំប្រចាំឈរជើងនៅមូលដ្ឋានក្រុងតាខ្មៅ និងស្រុកស្អាង ខ. ក្រុគ្រឿងចក្រធុនធំ៖ មាន ០៥ក្រុម ១. ក្រុមសម្រួលគ្រឹះ កៀរចិញ្ចើមរំដោះទឹក ឈរជើងនៅមូលដ្ឋានស្រុក មុខកំពូល ស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម និងក្រុងអរិយក្សត្រ មាន ០២ក្រុម ២. ក្រុមសម្រួលគ្រឹះ កៀរចិញ្ចើមរំដោះទឹក ឈរជើងនៅមូលដ្ឋានស្រុក កណ្តាលស្ទឹង ស្រុក អង្គស្នួល និងស្រុកពញ្ញាឮ មាន ០១ក្រុម

៣. ក្រុមសម្រួលគ្រឹះ កៀរចិញ្ចើមរំដោះទឹក ឈរជើងនៅមូលដ្ឋានស្រុក លើកដែក ស្រុកកៀនស្វាយ ស្រុកកោះធំ និងក្រុងសំពៅពូន មាន ០២ក្រុម គ. ក្រុមការងារកាត់ស្មៅ និងសំអាតសំណង់សិល្បការផ្លូវថ្នល់៖ មាន ០២ក្រុម បច្ចុប្បន្នកំពុងធ្វើការកាត់សម្អាតស្មៅ សួនច្បារកណ្តាលទ្រូងផ្លូវ សង្ខាងផ្លូវ នានាក្នុងភូមិសាស្ត្រខេត្ត។

ដើម្បីពង្រឹងការផ្តល់សេវាសាធារណៈ ជូនដល់ប្រជាពលរដ្ឋក្នុងខេត្តទាំងមូល ក៏ដូចជាប្រជាពលរដ្ឋទូទៅ មន្ទីរសាធារណការ និងដឹកជញ្ជូន បេ្តជ្ញាចិត្តខ្ពស់ ធ្វើការថែទាំផ្លូវ ថ្នល់ ស្ពាន និងសំណង់សិល្បការ្យនៅក្នុងភូមិសាស្ត្រខេត្ត ធានាដល់ការធ្វើចរាចរ ការដឹកទំនិញ និងការតភ្ជាប់ពីតំបន់មួយ ទៅតំបន់មួយ កាន់តែប្រសើរឡើង។

លើសពីនេះ មន្ទីរក៏សូមថ្លែងអណរគុណដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលបានចង្អុលបង្ហាញ ណែនាំអាជ្ញាធរមូលដ្ឋាន បានចូលរួមសហការ ពិសេសការងាររំដោះទឹកលើដងផ្លូវ អ្នកសារព័ត៌មាន និងមហាជនទូទៅ ដែលបានជូនដំណឹងអំពីចំនុចផ្លូវដែលរងការខូចខាតខ្លាំងដោយសារកត្តាទឹកភ្លៀង ឬការបាក់ស្រុតដីជាដើម។