គណៈសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តមបណ្ឌិត ចាយ បូរិន ព្រមទាំងលោកជំទាវ យាង និងអញ្ជើញជាព្រះរាជាធិបតី និងអធិបតី ពិធីចម្រើនព្រះពុទ្ធមន្ត ប្រោះព្រំ  និងអភិសេកព្រះបដិមា នៃគម្រោង ក្រុមហ៊ុន យិន ផារ៉ាដាយ

គណៈសង្ឃនាយកដឹកនាំដោយ សម្ដេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្ដេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា និងលោកជំទាវ សូ ភត្រ្តា ចាយបូរិន បានយាងនិងអញ្ជើញជាព្រះរាជាធិបតី និងអធិបតី ពិធីចម្រើន ព្រះពុទ្ធមន្ត ប្រោះព្រំ  និងអភិសេកព្រះបដិមា នៃគម្រោងក្រុមហ៊ុន យិន ផារ៉ាដាយ ដោយមានការទទួលបដិសណ្ឋារកិច្ចស្វាគមន៍ដោយ ឧកញ៉ា សាស្រ្តាចារ្យ ឡុង ណាលី ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន យិន ផារ៉ាដាយ ដែលប្រារព្ធធ្វើនៅគម្រោងឧទ្យានអនុស្សាវរីយ៍ យិន ផារ៉ាដាយ ក្នុងខេត្តកំពត នាថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ។

ពិធីនេះមានការ និមន្ត និងអញ្ជើញចូលរួមពីសំណាក់ សម្តេចព្រះព្រះសង្ឃនាយករង ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា ឯកឧត្តម ខាន់ សុខា អភិបាលរង តំណាងឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត អាជ្ញាធរមូលដ្ឋាន ថ្នាក់ដឹកនាំនិងបុគ្គលិកក្រុមហ៊ុន យិន ផារ៉ាដាយ និងប្រជាពលរដ្ឋមូលដ្ឋានយ៉ាងច្រើនកុះករ។

ឯកឧត្តម ចាយ បូរិន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងភាពប្រាកដនិយមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវគោលនយោបាយវិស័យវប្បធម៌ ទេសចរណ៍ និងសាសនា ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ស្តីពីមត៌កសិល្បៈវប្បធម៌ ជំនឿ និងសាសនា ។ ដោយឡែកក្រុមហ៊ុន យិន ផារ៉ាដាយ គឺជាវិស័យឯកជន ដែលមានចក្ខុវិស័យវែងឆ្ងាយ ហើយផ្តោតសំខាន់ទៅលើទីបញ្ចុះសព និងសមុហចេតិយ ដែលមានស្តង់ដារត្រឹមត្រូវតាមក្បួនហុងស៊ុយវិទ្យាសាស្ត្រ ពិសេសឆ្លើយតបបានយ៉ាងសមស្របទៅនឹងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងក្នុងពិធីបើក អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស នាពេលកន្លងទៅ ដោយសូមឱ្យក្រសួងធម្មការ និងសាសនា រួមជាមួយគណៈសង្ឃទាំងពីរគណៈ ពិចារណា គិតគូរ រកកន្លែងសមរម្យណាមួយ សម្រាប់រៀបចំធ្វើសមុហចេតិយ កន្លែងបញ្ចុះសព ដើម្បីជំនួសឱ្យការធ្វើចេតិយ ផ្នូរ ម៉ុងនៅក្នុងទីវត្តអារាម។

សម្រាប់គ្រប់សំណង់ក្នុងគម្រោង យិន ផារ៉ាដាយ ឋានសួគ៌នៃភាពស្ងប់សុខ ត្រូវបានឧកញ៉ាសាស្រ្តាចារ្យ ឡុង ណាលី រៀបចំឡើងតាមក្បួនខ្នាតត្រឹមត្រូវ និងមានហេដ្ឋារចនាសម្ព័ន្ធយ៉ាងស្រស់ស្អាត ព្រមទាំងមានទីសក្ការៈបូជាបែបខ្មែរ ដែលទទួលបានការគាំទ្រពីអ្នកជំនាញក្រសួងធម្មការនិងសាសនា ហើយក្រោយពីគម្រោងនេះបានដំណើរការ នឹងចូលរួមចំណែកអភិវឌ្ឍន៍វិស័យ ទេសចរណ៍បែបជំនឿនិងសាសនា ពិសេសជួយចូលរួមលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យបានកាន់តែប្រសើរឡើង ៕