កម្ពុជា-វៀតណាម រៀបចំពិធីជំនួបប្រាស្រ័យមិត្តភាពការពារព្រំដែនលើកទី២ និងលំហាត់សុខាភិបាលយោធារួមគ្នា
ពិធីជំនួបប្រាស្រ័យមិត្តភាពការពារព្រំដែន កម្ពុជា-វៀតណាម លើកទី២ និង លំហាត់សុខាភិបាលយោធារួមគ្នា រវាងកងទ័ពនៃប្រទេសទាំងពីរ បានប្រព្រឹត្តទៅក្នុងអំឡុង ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានគោលបំណងចម្បងក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគី ការកសាងព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព ដើម្បីផលប្រយោជន៍រួមនៃប្រជាជនទាំងពីរ។
នៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងក្របខ័ណ្ឌនៃកម្មវិធីនេះ ក្រុមគ្រូពេទ្យកងទ័ពវៀតណាមបានរៀបចំសកម្មភាពមនុស្សធម៌ ដោយផ្តល់សកម្មភាពពិនិត្យព្យាបាលជំងឺ និងផ្ដល់ថ្នាំឥតគិតថ្លៃជូនប្រជាពលរដ្ឋកម្ពុជា នៅមណ្ឌលសុខភាពគគីសោម ឃុំគគីសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង មានការអញ្ជើញចូលរួមពី លោក ជា ហ៊ន អភិបាលស្រុកស្វាយទាបលោកឧត្តមសេនីយ៍ត្រី ត្រឹង ចុងក្រឿង អនុប្រធាននាយកដ្ឋានយោធាពេទ្យ សាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងថ្នាក់ដឹកនាំសមាជិកសមាជិកានៃប្រទេសទាំងពីរកម្ពុជាវៀតណាមជាច្រើនរូបទៀត។
លោក ជា ហ៊ន អភិបាលស្រុកស្វាយទាប បានមានប្រសាសន៍ថា÷ ប្រជាពលរដ្ឋសរុបប្រមាណ ១,១០០ នាក់ មកពី ៩ឃុំ នៃស្រុកស្វាយទាប ត្រូវបានរៀបចំសម្រាប់ចូលរួមពិនិត្យព្យាបាលជំងឺ និងផ្ដល់ថ្នាំឥតគិតថ្លៃជូនប្រជាពលរដ្ឋនកម្ពុជា ហើយប្រភេទជំងឺដែលក្រុមគ្រូពេទ្យពិនិត្យព្យាបាលជូនដូចជា ឈឺក្រពះពោះវៀន ឈឺភ្នែក ឈឺត្រចៀក បំពង់ក ជាដើម ។ លោកបន្តថាសកម្មភាពទាំងនេះពិតជាបានបង្ហាញឲ្យឃើញពីមនោសញ្ចេតនាស្រលាញ់រាប់អានក្នុងស្មារតីមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អប្រសើររវាងថ្នាក់ដឹកនាំនិងប្រជាពលរដ្ឋនៃព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។
ពិធីជាផ្លូវការនៃជំនួបប្រាស្រ័យមិត្តភាពនេះ នឹងប្រព្រឹត្តទៅនៅ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ រដ្ឋមន្ត្រីក្រសួងការពារប្រទេសទាំងពីរ កម្ពុជា-វៀតណាម។
នៅក្នុងក្របខណ្ឌនៃពិធីនេះមានកម្មវិធីអមដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ០៥ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងនោះរួមមាន៖
• ពិធីលាបថ្នាំបង្គោលព្រំដែន។
• ការដាំដើមឈើមិត្តភាព។
• ការត្រួតពិនិត្យល្បាតព្រំដែនរួមគ្នា។
• ការធ្វើលំហាត់សុខាភិបាលយោធារួមគ្នារវាងកងទ័ពទាំងពីរ។
• ការពិនិត្យសុខភាព ព្យាបាលជំងឺ និងផ្តល់ថ្នាំពេទ្យដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែន។
• ការផ្លាស់ប្តូរទស្សនកិច្ចនាយទាហានវ័យក្មេង។
• ពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ សាលាបឋមសិក្សា សាំង សុវណ្ណ។
ពិធីនេះបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់កងទ័ព និងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ក្នុងការថែរក្សាចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការយូរអង្វែង រួមចំណែកដល់សន្តិភាព និងការអភិវឌ្ឍនៅតាមតំបន់ព្រំដែន។



