ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន ដង្ហែអង្គកឋិនទានទៅកាន់វត្តចំនួន៥ ស្ថិតនៅឃុំត្រពាំងក្រញូង ឃុំលាយបូរ ឃុំរោង និងឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ
ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន ដង្ហែអង្គកឋិនទានទៅកាន់វត្តចំនួន៥ ស្ថិតនៅឃុំត្រពាំងក្រញូង ឃុំលាយបូរ ឃុំរោង និងឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ
ក្នុងឱកាសដែលប្រជាពលរដ្ឋជាពុទ្ធសាសនិកជនកំពុងចូលរួមប្រកបដោយ សទ្ធា ជ្រះថ្លាផ្តើមជា អង្គកឋិនទាន ដើម្បីដង្ហែ ទៅកាន់ទីអារាមនានា ទូទាំងព្រះរាជាណាចក្រកម្ពុជានោះ ដោយឡែក ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន តំណាងរាស្ត្រមណ្ឌលតាកែវ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកត្រាំកក់ និងលោកជំទាវ សុខ កែវ បុត្រា បុត្រី អស់លោក លោកស្រី រួមនិងពុទ្ធបរិស័ទ្ធជិតឆ្ងាយ បានផ្តួចផ្តើមធ្វើអង្គកឋិនសាមគ្គី ដើម្បីប្រមូលបច្ច័យដង្ហែទៅវេ ប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងពុទ្ធសីមាវត្តចំនួន៥ ក្នុងនោះរួមមាន៖ វត្តព្រៃក្តួច ស្ថិតក្នុងឃុំត្រពាំងក្រញូង ,វត្តលាយបូរ វត្តអំពិលស្អាង ស្ដិតក្នុងឃុំលាយបូរ , វត្តផ្ចិតជ្រុំ ឃុំរោង និងអាស្រមស្ពានមនោពុទ្ធាយ សិទ្ធត្រពាំងតាត្រៅ ឃុំស្រែរនោង ស្ថិតនៅស្រុកត្រាំកក់ ខេត្តតាកែវ។
ក្នុងឱកាសអញ្ជើញដល់វត្តព្រៃក្តួច ស្ថិតនៅឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ ព្រឹកថ្ងៃអង្គារ១៤កើត ខែកត្តិក ឆ្នាំម្សាញ់២៥៦៩ ត្រូវនឹង ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន តំណាងរាស្ត្រមណ្ឌលតាកែវ និងលោកជំទាវ រួមនឹង ឯកឧត្តម លោក ជំទាវ អស់លោក លោកស្រី និងពុទ្ធបរិស័ទ្ធ ជាអ្នកផ្តើមបុណ្យទាំងអស់ បានដង្ហែ អង្គកឋិនទាន ប្រទក្សិណ ៣ជុំព្រះវិហារ ដើម្បីវេរប្រគេនព្រះសង្ឃ ក្រាលគ្រងជាកិច្ចបញ្ចប់កម្មវិធីបុណ្យ។
សូមបញ្ជាក់ថា បុណ្យកឋិនទាននេះ ពុទ្ធបរិស័ទ យើងតែងតែ ប្រារព្វធ្វើជារៀងរាល់ឆ្នាំ តាមរដូវកាល ដែលមានរយះពេល ២៩ថ្ងៃ ពោលគឺចាប់ពីថ្ងៃ ១រោច ខែអស្សុជ រហូតដល់ថ្ងៃ ១៥ កើត ខែកត្តិក ហើយបុណ្យកឋិនទាននេះ មានអានិ សង្ឃ ខ្ពង់ខ្ពស់បំផុត ពោល គឺអ្នកផ្តើម កសាងអង្គកឋិនទាន ទទួលបានអានិសង្ឃ៥យ៉ាង រីឯព្រះសង្ឃទទួលក្រាលគ្រង អង្គកឋិនទាននេះ ក៏ទទួលបានអានិសង្ឃ៥យ៉ាងដែរ។
បន្ទាប់ពី ធ្វើកិច្ចតាមប្រពៃណី ព្រះពុទ្ធសាសនា នៅលើព្រះវិហារ រួចមក ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន តំណាងរាស្ត្រ មណ្ឌលតាកែវ និងលោកជំទាវ រួមនឹង ឯកឧត្តម លោកជំទាវ ព្រមទាំងអស់លោក លោកស្រី និងពុទ្ធបរិស័ទ្ធ ជាអ្នកផ្តើម បុណ្យទាំងអស់ បានអញ្ជើញប្រគេនបច្ច័យសង្កត់ត្រៃយ៍ដល់វត្តព្រៃក្តួច ប្រមាណជាង 24 លានរៀល ។ដោយឡែក វត្តចំនួន៤ទៀត រួមមាន ៖ វត្តលាយបូរ វត្តអំពិលស្អាង ស្ដិតក្នុងឃុំលាយបូរ , វត្តផ្ចិតជ្រុំ ឃុំរោង និងអាស្រមស្ពានមនោពុទ្ធាយសិទ្ធត្រពាំងតាត្រៅ ឃុំស្រែរនោង ស្ថិតនៅស្រុកត្រាំកក់ ខេត្តតាកែវ បានចូលរួមប្រគេនបច្ច័យសង្កត់ត្រៃយ៍អង្គកឋិនជាមួយបងប្អូនប្រជាពុទ្ធបរិស័ទ្ធ។
នៅក្នុងឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាអ្នកផ្តើមបុណ្យទាំងអស់ បានឧទ្ទិសកុសលផលបុណ្យ ជូនដល់វិញ្ញាណក្ខ័ន បុព្វការីជន មាតា បិតា ជីដូនជីតា និងញាតិកាទាំង៧ សណ្តាន ដែលបានចែកឋានទៅកាន់វរលោកខាងមុខ សូមវិញ្ញាណក្ខ័នអ្នកទាំងអស់ បានទៅសោយសុខ ក្នុងឋានសុគតិភព កុំបីឃ្លាង ឃ្លាត ឡើយ ។ មួយផ្នែកនៃ កុសលផលបុណ្យ ដែលកើតឡើងដោយទឹកចិត្តសទ្ធាជ្រះថ្លារបស់ឯកឧត្តម និងលោកជំទាវ ក្នុងពិធីបុណ្យ ថ្ងៃនេះ ក៏សូមឧទ្ទិសជូនវិញ្ញាណក័្ខន វិរជនស្នេហាជាតិ ដែលពលីជីវិតក្នុងបុព្វហេតុជាតិមាតុភូមិក្នុងអំឡុងពេលនៃជម្លោះព្រំដែន កម្ពុជា-ថៃ ព្រមទាំងវិញ្ញាណក័្ឌនជនរួមជាតិ ខ្មែរស្លូត ត្រង់ ជាង៣លាននាក់ ដែលបានបាត់បង់អាយុជីវិតយ៉ាងអយុត្តិធម៏ ក្នុងរបបប្រល័យពូជសាសន៏ ប៉ុល ពត សូមឲ្យវិញ្ញាណក័្ខន អ្នក ទាំងនោះ បានទៅសោយសុខ ក្នុងឋានសុគតិភព កុំបីអាក់ខានឡើយ។
បន្ទាប់មកក្នុងថ្ងៃដដែលនេះដែរ ឯកឧត្តម ច័ន្ទ សារុន និងលោកជំទាវ បានអញ្ជើញពិនិត្យបណ្ដាល័យបណ្ឌិតសភាចារ្យ ច័ន្ទ សារុន និងលោកជំទាវ សុខ កែវ ស្ថិតនៅស្រុកត្រាំកក់ ខេត្តតាកែវផងដែរ៕



