មនុស្ស២៦នាក់ស្លាប់ក្រោយពីហេតុការណ៍គ្រោះទឹកជំនន់ និង បាក់ដីភ្លាមៗនៅប្រទេសកេនយ៉ា! ខណៈអ្នកស្វែងរកកំពុង ប្រើគ្រប់មធ្យោបាយជួយសង្រ្គោះ

ចំនួនមនុស្សស្លាប់ដោយសារហេតុការណ៍គ្រោះរអិលបាក់ដីដ៏សាហាវនៅភាគខាងលិចប្រទេសកេនយ៉ាបានកើនឡើងដល់ ២៦ នាក់ហើយ បន្ទាប់ពីសពមនុស្សចំនួន៤ នាក់ទៀតត្រូវបានរកឃើញ។ ព័ត៌មានថ្មីចុងក្រោយបំផុតស្តីពីជនរងគ្រោះបានប្រកាសឡើងនៅពេលដែលកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះត្រូវបានផ្អាកនៅថ្ងៃអាទិត្យដោយសារតែទឹកជំនន់ភ្លាមៗនៅក្នុងតំបន់ Rift Valley។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកេនយ៉ាបាននិយាយថាមនុស្ស ២៥ នាក់នៅតែបាត់ខ្លួន ហើយរដ្ឋាភិបាលបានបង្កើនបេសកកម្មស្វែងរក ដោយយោធាបានដាក់ពង្រាយយន្តហោះចំនួន ៤ គ្រឿងដើម្បីជួយក្រុមសង្រ្គោះឲ្យចូលទៅក្នុងតំបន់ដែលបានកាត់ផ្តាច់ទាំងស្រុងដោយសារទឹកជំនន់ បន្ទាប់ពីផ្លូវត្រូវបានទឹកហូរនាំយកទៅ ពេលរអិលបាក់ដីដែរកាលពីថ្ងៃសៅរ៍នេះ ។ កាលពីថ្ងៃអាទិត្យនេះដែរ ក្រុមស្វែងរកបានសម្រេចបោះបង់ចោលការសង្រ្គោះនៅកន្លែងនោះ បន្ទាប់ពីមានទឹកជំនន់ភ្លាមៗធ្លាក់ចុះពីភ្នំមួយក្នុងតំបន់ Chesongoch និងតំបន់ Rift Valley ប្រទេសកេនយ៉ា។ ភ្លៀងធ្លាក់ខ្លាំងនៅតែបន្តនៅទូទាំងប្រទេសកេនយ៉ា ហើយទឹកជំនន់ត្រូវបានរាយការណ៍នៅក្នុងស្រុកជាច្រើនដែលបានធ្វើឱ្យមនុស្សរាប់ពាន់នាក់ផ្លាស់ទីលំនៅ។ រដ្ឋាភិបាលបានជំរុញឱ្យអ្នកដែលរស់នៅក្នុងតំបន់ដែលងាយនឹងរងគ្រោះដោយសារទឹកជំនន់ ឬរអិលបាក់ដីនោះ ត្រូវផ្លាស់ទីលំនៅឲ្យបានលឿនតាមដែលអាចធ្វើទៅបាន ខណៈដែលភ្លៀងធ្លាក់ត្រូវបានគេរំពឹងថានឹងបន្តនៅទូទាំងប្រទេសបន្ថែមទៀត។ លោក Murkomen បាននិយាយថារដ្ឋាភិបាលនឹងបន្តដឹកជញ្ជូនសម្ភារៈតាមអាកាសដល់អ្នកដែលរងផលប៉ះពាល់ រួមទាំងសាលារៀនចំនួន ១៥ ដែលត្រូវបានកាត់ផ្តាច់ ហើយឯកសារប្រឡងថ្នាក់ជាតិដែលកំពុងដំណើរការនឹងត្រូវបានដឹកជញ្ជូនតាមអាកាសទៅឱ្យបេក្ខជនប្រលងដែរ។ លោកបាននិយាយថា រដ្ឋាភិបាលនឹងចេញថ្លៃព្យាបាលដល់អ្នករងរបួសជាង ៣០ នាក់ និងផ្តល់ជម្រកដល់មនុស្សរាប់សិបនាក់ផ្សេងទៀតដែលផ្ទះរបស់ពួកគេត្រូវបានទឹកហូរនាំយកទៅបាត់ដែរ៕ 

សម្រួលអត្ថបទ៖ សុផារិន្ទ