ឯកឧត្តម ណុប រ័ត្ននិមល និងលោកជំទាវ ហុីង សុខលាភ តំណាងដ៏ខ្ពង់ខ្ពស់នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវ ប៉ែន ចន្នី រួមជាមួយនាយទាហាន ពលទាហាន បញ្ជាការដ្ឋានអង្គរក្ស និងប្រជាពលរដ្ឋជាពុទ្ធបរិស័ទចំណុះជើងវត្តជាច្រើន បានដង្ហែព្រះអង្គកឋិនទានប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស នៅវត្តអារាមប្រជុំនទី(ហៅវត្តក្រពើហា)សង្កត់ព្រែកឫស្សី ក្រុងតាខ្នៅ ខេត្តកណ្កាល នាថ្ងៃទី០២ ខែវិច្ចិកាឆ្នាំ២០២៥។
អង្គកឋិនទាន មានរយៈពេល ២៩ថ្ងៃ ចាប់ពីថ្ងៃ ១រោច ខែអស្សុជ ដល់ថ្ងៃ ១៥កើត ខែភទ្របទ។ នេះជាវត្តទី៣ហើយ ដែលនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត និងលោកជំទាវ បានគ្រោងដង្ហែអង្គកឋិនទានចូលមកវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសមកនោះ ដើម្បីជួយទ្រទ្រង់ដល់វិស័យព្រះពុទ្ធសាសនា ឲ្យកាន់តែរីកចម្រើន។
ថ្លែងទៅកាន់លោកតា លោកយាយ ប្រជាពលរដ្ឋពុទ្ធបរិស័ទ នាឪកាសនោះ ឯកឧត្តម ណុប រ័ត្ននិមល បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងពីសម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី មកជូនដល់ព្រះសង្ឃ មន្ត្រីរាជការអាជ្ញាធរ និងបងប្អូនប្រជាពលរដ្ឋ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។ ឯកឧត្តម ក៏បានលើកឡើងផងដែរថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំពរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បន្តវេនពីសម្តេចតេជោ បានខិតខំប្រឹងប្រែងណាស់ ក្នុងការកសាងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិឲ្យមានការរីកចម្រើនលើគ្រប់វិស័យទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ពិសេសបានខិតខំដោះស្រាយបញ្ហាបញ្ចប់ជម្លោះព្រំដែន និងទាក់ទងអ្នកវិនិយោគបរទេសមកបណ្តាក់ទុននៅកម្ពុជា ដើម្បីជាប្រយោជន៍លើកកម្ពស់ជីវភាពរស់នៅដល់បងប្អូនប្រជាពលរដ្ឋរបស់យើង។ ឯកឧត្តម ណុប រ័ត្ននិមល ក៏បានអំពាវនាវផងដែរ ចំពោះព្រះសង្ឃ មន្ត្រីរាជការអាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ជាពុទ្ធបរិស័ទ ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល បន្តការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការថែរក្សាសុខសន្តិភាព សុវត្ថិភាពសាធារណៈ និងការអភិវឌ្ឍសង្គមជាតិកម្ពុជា ឲ្យកាន់តែសំបូររុងរឿង។
ក្នុងឪកាសនោះ ឯកឧត្តម ណុប រ័ត្ននិមល និងលោកជំទាវ ហ៊ីង សុខលាប បានប្រគេនព្រះសង្ឃវត្តប្រជុំនទី (ហៅក្រពើហា) ៖
– ព្រះសង្ឃក្រាលគ្រង ចំនួន ១អង្គ ប្រគេនទេយ្យទាន ១កញ្ចប់,បច្ច័យ ៤០ម៉ឺនរៀល។
-ព្រះសង្ឃសូត្រស្តាំ-ឆ្វេង ចំនួន ២អង្គ ក្នុង១អង្គ ប្រគេនទេយ្យទាន ១កញ្ចប់,បច្ច័យ ២០ម៉ឺនរៀល។
– ព្រះភិក្ខុសង្ឃគង់ហត្ថបាស ចំនួន ៤អង្គ ក្នុង១អង្គ ប្រគេនទេយ្យទាន ១កញ្ចប់,បច្ច័យ ២០ម៉ឺនរៀល
– ព្រះសង្ឃ ក្នុងវត្ត ចំនួន១៨៨អង្គ ក្នុង១អង្គ ប្រគេនទេយ្យទាន ១កញ្ចប់,បច្ច័យ ១០ម៉ឺនរៀល។
– គណៈកម្មការ អាចារ្យវត្ត ចំនួន ១០នាក់ ក្នុង១នាក់ ជូនថវិកា ៥ម៉ឺនរៀល។
– យាយបម្រើព្រះសង្ឃក្នុងវត្ត ចំនួន ១៨នាក់ ក្នុង១នាក់ ជូនថវិកា ៥ម៉ឺនរៀល។
> បច្ច័យសង្កត់ត្រៃរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ផ្កាយមាស៤ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចន្ទី = ៥០លានរៀល និងត្រៃធំ ១ – ត្រៃលាង ២។
> បច្ច័យអមត្រៃរបស់ពុទ្ធបរិស័ទ = ៥០លានរៀល និង ៣ពាន់ដុល្លារ (ត្រៃធំ ៣១ + ត្រៃលាង ១០៨)
* បច្ច័យសរុបរួម = ១០០លានរៀល និង ៣ពាន់ដុល្លារ, ត្រៃធំ ៣២ – ត្រៃលាង ១១០។



