ឯកឧត្តម មុំ សៀក៖ ពិធីបើកបវេសនកាលថ្មីនេះនឹងបន្តបង្កើតជាជំនាន់ថ្មីដែលមានចំណេះដឹង ចំណេះធ្វើ បំណិនជីវិត សីលធម៌ គុណធម៌ និងសមត្ថភាពក្នុងការរួមចំណែកអភិវឌ្ឍប្រទេសជាតិ

ឯកឧត្តម មុំ សៀក ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំធាយ បានមានប្រសាសន៍ថា ពិធីបើកបវេសនកាលថ្មី គឺជាពិធីសម្គាល់ការចាប់ផ្តើមដំណើរការនៃឆ្នាំសិក្សាថ្មី ដែលសុទ្ធសឹងតែពោរពេញដោយក្តីសង្ឃឹម ក្តីស្រមៃ និងក្តីប្រាថ្នា។ ពិធីនេះជាការបង្ហាញពីក្តីស្រឡាញ់ការ អប់រំ និងការត្រៀមខ្លួនរបស់លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស និងសិស្សានុសិស្ស សម្រាប់បន្តដំណើរនៃការសិក្សា ដើម្បីបន្តបង្កើតជាជំនាន់ថ្មីដែលមានចំណេះដឹង ចំណេះធ្វើ បំណិនជីវិត សីលធម៌ គុណធម៌ និងសមត្ថភាពក្នុងការរួមចំណែកអភិវឌ្ឍប្រទេសជាតិ។

ឯកឧត្តម មុំ សៀក លើកឡើងបែបនេះ ក្នុងឱកាសនៃការអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សា២០២៥-២០២៦ នៅវិទ្យាល័យធាយ ស្ថិតក្នុងឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥។

បន្ទាប់ពីលោក ស្រី សុទ្ធី នាយកវិទ្យាល័យធាយ បានជម្រាបជូនអំពីបច្ចុប្បន្នភាព និងការវិវត្តន៍របស់វិទ្យាល័យធាយ រួចមក លោក ឡឹម សុមនោ ប្រធានកម្រងសិរីសន្ធាយ បានមានប្រសាសន៍ជម្រាបជូនអំពីស្ថានភាពទូទៅដោយនៅក្នុងឃុំធាយនេះ មានសាលាបឋមសិក្សាចំនួន៦ មតេយ្យរដ្ឋចំនួន២ និងមតេយ្យសហគមន៍ ចំនួន៦។ លោក ប្រធានកម្រងសិរីសន្ធាយ បានលើកឡើងអំពីលទ្ធផលសិក្សារបស់សិស្សានុសិស្ស និងវឌ្ឍនភាពហេដ្ឋារចនាសម្ព័ន្ធនៃសាលាបឋមសិក្សាទាំង៦នៅក្នុងឃុំធាយនេះ។ លោក ប្រធានកម្រងសិរីសន្ធាយ ក៏បានលើកឡើងអំពីផែនការបន្តសម្រាប់ឃុំធាយ ដើម្បីអភិវឌ្ឍន៍ និងជំរុញការសិក្សារបស់សិស្សានុសិស្សឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។

រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា នៅតែបន្តយកចិត្តទុកដាក់ខ្ពស់លើវិស័យអប់រំ តាមរយៈការបន្តរិះរកវិធានការ និងយុទ្ធសាស្ត្របន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យសាលារៀនក្លាយជាអង្គភាពផ្តល់សេវា សាធារណៈប្រកបដោយប្រសិទ្ធភាពខ្ពស់ អភិបាលកិច្ចល្អ និងមានគណនេយ្យភាព ចំពោះប្រជាជន និងសហគមន៍ ដោយការពង្រឹងអភិបាលកិច្ចសាលារៀន និងការលើកកម្ពស់សកម្មភាពបង្រៀន និងរៀនតម្រង់ឆ្ពោះទៅរកការកែលម្អលទ្ធផលនៃការសិក្សារបស់សិស្សកាន់តែប្រសើរឡើង ប្រកបដោយវិន័យ សីលធម៌ គុណធម៌ និងឥរិយាបថថ្លៃថ្នូរ សក្តិសម ជាកុលបុត្រ កុលធីតាខ្មែរ និងជាទំពាំងស្នងឫស្សីរបស់ជាតិ។

ក្នុងឱកាសនេះ ឯកឧត្តម មុំ សៀក បានមានប្រសាសន៍ថា ដោយគោរព និងអនុវត្តតាមសរាចរណ៍ណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលមានក្រសួងអប់រំ យុវជន និងកីឡា ជាសេនាធិការ គឺផ្តោតលើការអប់រំជាចម្បង ដោយយកសាលាជាមូលដ្ឋាននៃការអភិវឌ្ឍជាតិ។

ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំធាយ ឯកឧត្តមបានបង្ហាញអំពីសេចក្តីសោមនស្សរីករាយ ចំពោះការរីកចម្រើនដោយឥតឈប់ឈរក្នុងវិស័យអប់រំរបស់ឃុំធាយ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងការបន្តដឹកនាំប្រកបដោយភាពស្វាហាប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដោយបានពង្រីកពីអនុវិទ្យាល័យធាយ ក្លាយខ្លួនជាវិទ្យាល័យធាយ ដែលបានបង្កភាពងាយស្រួលមួយកម្រិតទៀត ដូចជា៖ សាសារៀននៅជិតផ្ទះ មិនចំណាយពេលវេលាយូរក្នុងការធ្វើដំណើរ មានសុខសុវត្ថិភាពតាមផ្លូវ មិនចំណាយថវិកាច្រើន ជាពិសេសមានអគារសិក្សា តុ កៅអីមានសភាពថ្មី ល្អច្រើន ផ្នែកសម្ភារៈសិក្សាក៏ទំនើបជាងមុន ការបង្រៀន និងរៀន ក៏មានគុណភាពប្រសើរឡើង។

ឯកឧត្តមមានប្រសាសន៍កោតសរសើរដ៏ខ្ពង់ខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងដោយមិនខ្លាចនឿយហត់ ដើម្បីស្វែងរកសុខសន្តិភាពជូនប្រជាពលរដ្ឋកម្ពុជា រហូតទទួលបាននូវកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ដែលបានចុះហត្ថលេខាដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងឯកឧត្តមនាយករដ្ឋមន្ត្រីថៃ ដោយមានឯកឧត្តមប្រធានាធិបតីស.រ.អា និងឯកឧត្តម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ជាសាក្សី កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម មុំ សៀក បានអញ្ជើញចែកជូនអំណោយដល់លោកគ្រូ អ្នកគ្រូចូលនិវត្តន៍ ចំនួន២៣នាក់ ក្នុងម្នាក់ៗទទួលបានសារ៉ុង១ និងថវិកា១ម៉ឺនរៀល, លោកគ្រូ អ្នកគ្រូ ចំនួន៩៣នាក់ ក្នុងម្នាក់ៗទទួលបាន សារ៉ុង១ និងថវិកា១ម៉ឺនរៀល ក្នុងនោះដែរ លោកគ្រូ អ្នកគ្រូដែលបង្រៀននៅវិទ្យាល័យចំនួន១៣នាក់ ទទួលបានបណ្ណសរសើរ, សិស្សានុសិស្ស ចំនួន៣០២នាក់ ក្នុងម្នាក់ៗទទួលបានសៀវភៅ២ក្បាល ប៊ិច២ដើម និងថវិកា ៥ពាន់រៀល និងមន្ត្រីរាជការ ប្រជាពលរដ្ឋ និងអាណាព្យាបាលចំនួន៣៣២នាក់ ក្នុងម្នាក់ៗទទួលបានសារ៉ុង១ និងថវិកា៥ពាន់រៀល។
ព្រមជាមួយគ្នានេះ ឯកឧត្តម បានផ្តល់ជូនម៉ាសដល់មណ្ឌលសុខភាពធាយ ចំនួន៣៦០០ម៉ាស សម្រាប់លោកគ្រូ អ្នកគ្រូពេទ្យ ចែកជូនដល់ប្រជាពលរដ្ឋមកសម្រាក ពិនិត្យព្យាបាល និងប្រើប្រាស់ទៅតាមតម្រូវការ។

បន្ថែមពីនេះ ឯកឧត្តម មុំ សៀក បានឧបត្ថម្ភថវិកាដល់លោកគ្រូចូលនិវត្តន៍ម្នាក់ ដែលមានជម្ងឺស្លាប់ ១ចំហៀងខ្លួន, សិស្សពូកែ ចំនួន៤៨នាក់ ក្នុងម្នាក់ៗទទួលបាន ថវិកា១ម៉ឺនរៀល, ឧបត្ថម្ភក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២៥-២០២៦ នៅវិទ្យាល័យធាយ និងការចំណាយផ្សេងៗ ចំនួន ១ ២៧៥ ០០០រៀល សរុបជាទឹកប្រាក់សរុបចំនួន ១៣ ៥៦០ ០០០រៀល។
ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកគ្រូ អ្នកគ្រូ ទាំងអស់ ពិសេសលោកគ្រូចូលនិវត្តន៍ ដែលបានខិតខំបំពេញភារកិច្ចបង្រៀនដោយយកចិត្តទុកដាក់ យកអស់កម្លាំងកាយចិត្ត និងភាពអត់ធ្មត់ក្នុងការបង្ហាត់បង្រៀន បណ្តុះបណ្តាលសិស្សានុសិស្សឱ្យក្លាយជាកូនល្អ សិស្ស ល្អ មានចំណេះដឹង ជំនាញមានសុជីវធម៌ សីលធម៌ និងគុណធម៌ ដើម្បីក្លាយជាធនធានមនុស្សដ៏សំខាន់ ក្នុងការកសាងសុភមង្គលក្នុងគ្រួសារឱ្យរុងរឿង និងរួមចំណែកអភិវឌ្ឍន៍សង្គមជាតិនៅថ្ងៃអនាគត៕