ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន ដឹកនាំកិច្ចប្រជុំបូកសរុបរបាយការណ៍សកម្មភាពក្រុមមេធាវីប្រចាំក្រសួងព័ត៌មាន និងពិភាក្សាការបញ្ចូលធាតុចូលក្នុងច្បាប់ស្តីពីរបបសារព័ត៌មានថ្មី,

( ភ្នំេពេញ )៖ កិច្ចប្រជុំបូកសរុបរបាយការណ៍សកម្មភាពក្រុមមេធាវីប្រចាំក្រសួងព័ត៌មាន និងលើកទិសដៅការងារបន្តឆ្នាំ២០២៦ និងពិភាក្សាអំពីធាតុចូលនៃច្បាប់ស្ដីពីរបបសារព័ត៌មានថ្មី បានធ្វើឡើងនៅរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ នាសាលប្រជុំព្រះវិហារ ទីស្តីការក្រសួងព័ត៌មាន ក្រោមអធិបតីដឹកនាំកិច្ចប្រជុំដោយ ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន។
ឯកឧត្តម សុខ ប្រសិទ្ធិ បានមានប្រសាសន៏លើកឡើងថា ដោយមានការអនុញ្ញាតពី ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្រុមការងារបានរៀបចំកិច្ចប្រជុំក្រុមមេធាវីប្រចាំក្រសួងព័ត៌មាន ដែលមានតួនាទីជាអ្នកទទួលបន្ទុក និងសម្របសម្រួលដោះស្រាយវិវាទទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធរបស់អ្នកសារព័ត៌មានដែល បានចុះបញ្ជីនៅក្រសួងព័ត៌មាន ហើយត្រូវទទួលរងប្តឹងតវ៉ាពីភាគីពាក់ព័ន្ធនៅក្នុងពេលបំពេញការងារស្របតាមវិជ្ជាជីវៈ ។ ក្រុមមេធាវីក្រសួងព័ត៌មាន មានភារកិច្ចសំខាន់ការពារក្តីដល់អ្នកសារព័ត៌មានដែលជាប់បណ្ដឹង និងបានដាក់ពាក្យស្នើសុំមកក្រសួងព័ត៌មាន តាមបែបបទនីតិវិធី ព្រមទាំងគោរពទៅតាមគោលការណ៍ និងលក្ខខណ្ឌនៃការផ្តល់មេធាវីការពារក្តី។
ក្រុមមេធាវីប្រចាំក្រសួងព័ត៌មាន ក្នុងរយៈពេលកន្លងមក បានអនុវត្តការងារស្របតាមការដឹកនាំរបស់ ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការទទួលបន្ទុក និងមានការចង្អុលបង្ហាញពី ឯកឧត្តម រដ្ឋមន្ត្រីក្រសួង បានបន្តចូលរួមយ៉ាងសកម្មភាពជាមួយអង្គភាពសារព័ត៌មាន និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយច្បាប់ លិខិតបទដ្ឋានគតិយុត្តនានារបស់ក្រសួងព័ត៌មាន និងក្រមសីលធម៌វិជ្ជាជីវៈដល់អ្នកសារព័ត៌មាន ហើយក៏បន្តអនុវត្តតួនាទីភារកិច្ចដែលថ្នាក់ដឹកនាំប្រគល់ជូន។
តាមរយៈកិច្ចប្រជុំនេះដែរ ឯកឧត្តម រដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ដោយកន្លងមកក្នុងឆ្នាំ២០២៥នេះ គឺក្រុមមេធាវីប្រចាំក្រសួងព័ត៌មាន បានអនុវត្តការងារយ៉ាងខ្នះខ្នែង ដោយបានដោះស្រាយវិវាទរបស់អ្នកសារព័ត៌មានដែលត្រូវបានទទួលរងប្តឹងតវ៉ាពីភាគីពាក់ព័ន្ធក្នុងពេលបំពេញវិជ្ជាជីវៈចំនួន ៧ករណី ស្មើនឹងចំនួន ១៥នាក់ គិតចាប់ពីដើមឆ្នាំ២០២៥ រហូតដល់ចុងខែតុលា ឆ្នាំ២០២៥ នេះ៕