លេខាធិការដ្ឋានសម្របសម្រួលសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងព័ត៌មាន និងក្រុមហ៊ុន Viory ប្រទេស អារ៉ាប់អេមីរ៉ាតរួម ចុះអនុស្សារណៈនៃកិច្ចសហប្រតិបត្តិការស្តីពី «ការអភិវឌ្ឍធនធានមនុស្ស និងការផ្សាយព័ត៌មានអន្តរជាតិ»
( ភ្នំេពេញ )៖ អនុស្សារណៈនៃកិច្ចសហប្រតិបត្តិការស្តីពី «ការអភិវឌ្ឍធនធានមនុស្ស និងការផ្សាយព័ត៌មានអន្តរជាតិ» រវាងលេខាធិការដ្ឋានសម្របសម្រួលសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងព័ត៌មាន និងក្រុមហ៊ុន Viory ត្រូវបានធ្វើពិធីចុះហត្ថលេខាដោយ ឯកឧត្តម ប្រាក់ ថាវអមិដា អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និង លោកស្រី Nhishaeni Parmanadan តំណាងក្រុមហ៊ុន Viory ប្រចាំតំបន់អាសុី ។
ការចុះហត្ថលេខានេះធ្វើឡើងក្នុងឱកាសនៃពិធីបិទសិក្ខាសាលាស្ដីពីការផ្ទៀងផ្ទាត់ព័ត៌មានជាវីដេអូ និងការប្រើប្រាស់បញ្ញាសប្បនិម្មិត( AI )ក្នុងប្រព័ន្ធផ្សព្វផ្សាយ នៅរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ នាសាលមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងវត្តមានអញ្ជើញចូលរួមពីតំណាងក្រុមហ៊ុន Viory ប្រចាំតបន់អាសុី និងក្រុមការងារមកពីប្រទេស អារ៉ាប់អេមីរ៉ាតរួម ។
ឯកឧត្តម ប្រាក់ ថាវអមិដា បានជម្រាបជូនថា អនុស្សារណៈនៃកិច្ចសហប្រតិបត្តិការនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ភាពជាដៃគូអន្តរជាតិដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍធនធាន មនុស្សក្នុងវិស័យព័ត៌មាន ការផ្សាយព័ត៌មានអន្តរជាតិ និងការផ្សាយអំពីព្រឹត្តការណ៍សំខាន់ៗពាក់ព័ន្ធនឹងនៃបណ្តាប្រទេសសកលខាងត្បូង អាស៊ីអាគ្នេយ៍ និងបណ្តាប្រទេសផ្សេងៗទៀតនៅលើពិភពលោក។
តាមរយៈកិច្ចសហប្រតិបត្តិការនេះ លេខាធិការដ្ឋានសម្របសម្រួលសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងព័ត៌មាន និង ក្រុមហ៊ុន Viory នឹងពិភាក្សាគ្នាបន្ថែមទៀត ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងទស្សនកិច្ចសិក្សារវាងមន្ត្រីរាជការក្រសួងព័ត៌មាន និងបុគ្គលិក Viory សំដៅពង្រឹងសមត្ថភាព ក៏ដូចជាការ ចែករំលែកចំណេះដឹង ការលើកកម្ពស់ការគ្រងគ្រង ការផ្សារភ្ជាប់ទំនាក់ទំនងនិងផ្លាស់ប្តូរវប្បធម៌ និងការ បង្កើនការយោគយល់គ្នាទៅវិញទៅមករវាងក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា និងក្រុមហ៊ុន Viory របស់ប្រទេសអារ៉ាប់អេមីរ៉ាតរួម។
ជាមួយគ្នានេះផងដែរ លេខាធិការដ្ឋានសម្របសម្រួលសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងព័ត៌មាន និង Viory នឹងខិតខំប្រឹងប្រែងបន្ថែម ទៀតដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ ដោយ Viory នឹងជួយផ្សារភ្ជាប់ក្រសួងព័ត៌មានជាបន្តបន្ទាប់ជាមួយ វេទិកាអន្តរជាតិស្តីពីសារព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយ និងវេទិកាពាក់ព័ន្ធនានា សំដៅបង្កើនសំឡេងកម្ពុជាទៅក្នុងវេទិកាអន្តរជាតិ។ ការលើកស្ទួយកិត្យានុភាពកម្ពុជាតាមគ្រប់វេទិកាសកល ជាកត្តាចាំបាច់ និងឈរលើមូលដ្ឋាននៃការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។ ក្នុងន័យនេះ ការរួមចំណែករបស់ Viory តាមរយៈកិច្ចសហប្រតិបត្តិការនេះ ពិតរួមចំណែកយ៉ាងសំខាន់ដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងព័ត៌មាន ៕



