ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ រៀបចំកិច្ចប្រជុំលើកទី ៣ អាណត្តិទី៤ នៃ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ

ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) បានដំណើរការបើកកិច្ចប្រជុំ លើកទី៣ អាណត្តិទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធាន ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ក.ជ.ប.ព នៅអង្គភាពប្រឆាំងអំពើពុករលួយ។  កិច្ចប្រជុំនេះបានដំណើរការប្រចាំខែ ដើម្បី៖

1-ឆ្លងកំណត់ហេតុកិច្ចប្រជុំ ក.ជ.ប.ព. លើកទី២ អាណត្តិទី៤ 

2-ស្តាប់របាយការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) និង 3-បញ្ហាផ្សេងៗ។

  នៅក្នុងកិច្ចប្រជុំនោះដែរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធាន (ក.ជ.ប.ព.) ក្នុងនាមក្រុមប្រឹក្សាជាតិ ប្រឆាំងអំពើពុករលួយ បានសម្តែងនូវការអបអរសាទរប្រកបដោយ មោទនភាព និង ការស្ញប់ស្ញែង ចំពោះជោគជ័យ ជាប្រវត្តិសាស្ត្រ ដែលរាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចមហាបវរធីបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលសម្រេចបាននូវ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួ រវាងព្រះរាជាណាចក្រ កម្ពុជា និង ព្រះរាជាណាចក្រថៃ ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុង គូឡាឡាំពួ ដោយមាន ឯកឧត្តម Donald J. Trump ប្រធានាធិបតីសហរដ្ឋអាម៉េរិក និង ឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ជាសាក្សី។ ការសម្រេចបាននូវសេចក្តីថ្លែងការណ៍រួមនេះ បានទទួលនូវការសាទរយ៉ាងក្រៃលែង ពីប្រជាពលរដ្ឋ ទាំងក្នុង និងក្រៅប្រទេសនៅគ្រប់ទិសទី ព្រមទាំងកាន់តែជឿជាក់លើសមត្ថភាពប្រកបដោយថាមពលនិងភាពឆ្លាតវៃប្រកបដោយចក្ខុវិស័យវែងឆ្ងាយនិងគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

កម្មសិក្សាការី នៃវគ្គវិក្រឹតការមន្ត្រីមធ្យម ថ្នាក់ទាន សរុប ៦១ អង្គ/នាក់ ទទួលបានការបណ្តុះបណ្តាលលើមុខវិជ្ជា “ការប្រយុទ្ធប្រឆាំងអំពើពុករលួយ និង ក្រមសីលធម៌” តាមប្រព័ន្ធអនឡាញ

ក្រុមការងារ អ.ប.ព. ដឹកនាំដោយឯកឧត្តម ឃាង សេង អនុប្រធាន អ.ប.ព. តំណាងដ៏ខ្ពង់ខ្ពស់របស់ កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអ.ប.ព. បានបញ្ចប់ការចែករំលែកចំណេះដឹង និងបទពិសោធន៍លើមុខវិជ្ជា “ការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងក្រមសីលធម៌” តាមប្រព័ន្ធអនឡាញ ជូនកម្មសិក្សាការី នៃវគ្គវិក្រឹតការមន្ត្រីមធ្យម ថ្នាក់ទាន សរុប ៦១ អង្គ/នាក់ លើមេរៀនទី៦៖ ក្រមសីលធម៌។ វគ្គវិក្រឹតការមន្ត្រីមធ្យម ថ្នាក់ទាន គឺជាថ្នាក់រៀនចុងក្រោយត្រូវទទួលការបណ្តុះបណ្តាលពីក្រុមការងារ អ.ប.ព. ក្នុងឆ្នាំនេះ។ 

សូមបញ្ជាក់ជូនថា ក្នុងឆ្នាំ២០២៥ នេះ ចាប់ពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ អ.ប.ព. បានសហការជាមួយសាលាភូមិន្ទរដ្ឋបាលក្នុងការបណ្តុះបណ្តាលមុខវិជ្ជា “ការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងក្រមសីលធម៌” ជូនកម្មសិក្សាការី នៃវគ្គវិក្រឹតការរបស់សាលាភូមិន្ទរដ្ឋបាលចំនួន ១២ ថ្នាក់ (បង្រៀនផ្ទាល់ ២ ថ្នាក់ និងបង្រៀនអនឡាញ ១០ ថ្នាក់) ដែលមានកម្មសិក្សាការីសរុប ៧៤៤ អង្គ/នាក់។ ថ្នាក់នីមួយៗ ទទួលបានការបណ្តុះបណ្តាលចំនួន ១៥ ម៉ោង លើមេរៀនចំនួន ៦ ពាក់ព័ន្ធនឹងសញ្ញាណនៃអំពើពុករលួយ ការប្រឆាំងអំពើពុករលួយនៅកម្ពុជា បទល្មើសពុករលួយនិងទោស នីតិវិធីស៊ើបអង្កេតបទល្មើសពុករលួយ កិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការប្រឆាំងអំពើពុករលួយ និងក្រមសីលធម៌៕