កិច្ចប្រជុំកំពូលបៃតង និងចីរភាពសកលឆ្នាំ២០២៥ ជជែកពិភាក្សាអំពីដំណើរប្រកបដោយនិរន្តភាព៖ តើអ្វីជាជំហានបន្ទាប់

បន្ទាប់ពីកិច្ចប្រជុំសំខាន់ៗចំនួន៣បានបញ្ចប់ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលបៃតង និងចីរភាពសកលឆ្នាំ២០២៥ ក្រោមប្រធានបទ ការកសាងអនាគត និងការស្ថាបនាពិភពលោកប្រកបដោយចីរភាព នៅរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមសាស្រា្តចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម និងឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ឆែម គាតរិទ្ធី ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច និងវប្បធម៌ បានអញ្ជើញជាវាគ្មិនកិត្តិយស ដើម្បីបង្ហាញ និងជម្រាបជូនអំពីជំហានបន្ទាប់ ក្នុងដំណើរប្រកបដោយនិរន្តភាពរបស់កម្ពុជា។

ក្នុងពិធីនេះ មានការសម្របសម្រួលពីសំណាក់លោក Datuk Seri Mohamed Iqbal Rawther អនុប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រសម្រាប់អាស៊ីប៉ាស៊ីហ្វិក KSI។

ឯកឧត្តមសាស្រា្តចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម បានមានប្រសាសន៍ជម្រាបជូនអំពីការវិវត្តន៍យ៉ាងឆាប់រហ័សរបស់កម្ពុជា និងបានកោតសរសើរចំពោះការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ក្នុងការដឹកនាំប្រទេសប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងការបន្តដឹកនាំប្រកបដោយភាពស្វាហាប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឲ្យកម្ពុជាមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស។ ឯកឧត្តម មានប្រសាសន៍បន្ថែមអំពីតម្លៃនៃសុខសន្តិភាពដែលប្រជាជនកម្ពុជា បានទទួលយ៉ាងពេញលេញពីរាជរដ្ឋាភិបាល។

ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ឆែម គាតរិទ្ធី ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច និងវប្បធម៌ បានមានប្រសាសន៍អំពីបទពិសោធន៍របស់កម្ពុជា បញ្ហាប្រឈម និងការតស៊ូចេញពីភាពលំបាក រហូតកម្ពុជាទទួលបានសេចក្តីសុខសន្តិភាពយ៉ាងពេញលេញជូនប្រជាជនកម្ពុជា។

ឯកឧត្តមសាស្រា្តចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម និងឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ឆែម គាតរិទ្ធី ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច និងវប្បធម៌ ក៏បានជម្រាបជូនផងដែរអំពីបញ្ហាប្រឈម និងឱកាសនាពេលអនាគត និងរបៀបនៃការជំរុញភាពជាដៃគូរវាងរដ្ឋ-ឯកជន និងប្រជាជនរបស់កម្ពុជា។

សូមជម្រាបថា កិច្ចប្រជុំកំពូលបៃតង និងចីរភាពសកលលោកឆ្នាំ ២០២៥ មានគោលបំណងគាំទ្ររបៀបវារៈឆ្នាំ ២០៣០ របស់អង្គការសហប្រជាជាតិ និងដើម្បីគាំទ្រគោលការណ៍ 4P គឺ ភពផែនដី ប្រជាជន វិបុលភាព និងភាពជាដៃគូ។ គំនិតផ្តួចផ្តើមនេះមានគោលបំណងពន្លឿនដំណោះស្រាយ និងភាពជាដៃគូសកលរវាងវិស័យសាធារណៈ និងឯកជន ដើម្បីបង្កើតពាណិជ្ជកម្ម និងសេដ្ឋកិច្ចបៃតង និងមាននិរន្តរភាពជាងមុន។ កិច្ចប្រជុំកំពូលនាឱកាសនេះ ផ្តោតលើការប្រែប្រួលអាកាសធាតុ ការវិនិយោគប្រកបដោយចីរភាព ហិរញ្ញវត្ថុបៃតង និងកំណើនបៃតង។

ក្នុងនាមជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងសម្រាប់សេដ្ឋកិច្ចបៃតង និងប្រកបដោយចីរភាព រាជរដ្ឋាភិបាលកម្ពុជាកំពុងជំរុញយ៉ាងសកម្មនូវរបៀបវារៈអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ខ្លួនតាមរយៈយុទ្ធសាស្ត្រ និងគោលនយោបាយកំណើនបៃតង។ ការអនុវត្តអាជីវកម្មបៃតងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូររបស់ប្រទេសកម្ពុជា ឆ្ពោះទៅរកសេដ្ឋកិច្ចប្រកបដោយចីរភាព និងរួមបញ្ចូលកាន់តែច្រើន ដោយសារការទទួលយកការអនុវត្តប្រកបដោយចីរភាព មិនត្រឹមតែផ្តល់អត្ថប្រយោជន៍ដល់បរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងភាពប្រកួតប្រជែងរយៈពេលវែង និងភាពធន់ផ្នែកសេដ្ឋកិច្ចផងដែរ៕