អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងខេត្តតាកែវរួមគ្នាលើកកម្ពស់ប្រសិទ្ធភាពការប្រយុទ្ធប្រឆាំងគ្រឿងញៀននិង App NoDrug

ខេត្តតាកែវ : រសៀលថ្ងៃទី៣០  ខែតុលា ឆ្នាំ២០២៥ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តតាកែវបានរួមគ្នា
បើកសិក្ខាសាលាលើកកម្ពស់ការយល់ដឹងជាទូទៅពីបញ្ហាគ្រឿងញៀន ច្បាប់ស្តីពីការ ត្រួតពិនិត្យគ្រឿងញៀន និងការជំរុញការទាញយកកម្មវិធីទូរសព្ទដៃ NoDrug  ដោយមានការអញ្ជើញចូលរួមពីតំណាងមន្ទីរ អង្គភាព កងកម្លាំង និងអភិបាលស្រុក លោកមេឃុំ ចៅសង្កាត់ ទូទាំងខេត្តតាកែវ។

ឯកឧត្តម យង់ សវឌ្ឍនា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តតាកែវបានថ្លែងថាសិក្ខាសាលានេះរៀបចំឡើងដើម្បីបង្កើនការយល់ដឹងអំពីផលប៉ះពាល់ និងគ្រោះថ្នាក់បណ្តាលមកពីបញ្ហាគ្រឿងញៀន បង្កើនការយល់ដឹងអំពីច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងជម្រុញការទាញយកកម្មវិធី App NoDrug ក៏ដូចជាបង្កើនការចូលរួមឱ្យកាន់តែសកម្មក្នុងការងារប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន រួមចំណែកអនុវត្តនូវផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី១០ ធ្វើឱ្យសម្រេចបាននៅឆន្ទៈដ៏មុតស្រួចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ចំពោះបញ្ហាគ្រឿងញៀន និងបានណែនាំឲ្យបន្តសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀនពិសេសមេឃុំ មេភូមិ ជួយបំផុសឲ្យប្រជាពលរដ្ឋប្រើប្រាស់ App NoDrug ដែលជាមធ្យោបាយមួយដ៏ប្រជាប្រិយភាពក្នុងការប្រើប្រាស់ដើម្បីរាយការណ៍ពីបទល្មើសគ្រឿងញៀនក្នុងមូលដ្ឋានទៅកាន់សមត្ថកិច្ចជំនាញ ឈានទៅធ្វើការបោសសម្អាតគ្រឿងញៀនចេញពីភូមិឋានរបស់ប្រជាពលរដ្ឋ តាមអ្វីដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ហើយជាយន្ដការដ៏មានប្រសិទ្ធភាព និងរក្សាការសម្ងាត់ដល់អ្នកដែលរាយការណ៍និងជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន សិស្សានុសិស្ស ពិសេសយុវជន អោយបានយល់ដឹង និងប្រើប្រាស់គឺស្មើនឹងជួយខ្លួនឯង។

ក្នុងនាម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយអប់រំ និងទំនាក់ទំនងសាធារណៈនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានពាំនាំនូវការថ្លែងការកោតសរសើរពីឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនជូនចំពោះគ្រប់សមាសភាពទាំងអស់របស់ខេត្តតាកែវដែលបានប្រយុទ្ធប្រឆាំងគ្រឿងញៀន។

ឧត្តមសេនីយ៍ឯក លឹម តុងហួត បានបន្តថាកាលណាប្រជាពលរដ្ឋបានយល់ដឹងកាន់តែច្បាស់ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀនពួកគាត់នឹងមិនទៅប៉ះពាល់គ្រឿងញៀននោះទេ ក៏ដូចជាបានដឹងពីអត្ថប្រយោជន៍App NoDrug ពួកគាត់នឹងមានចំណេះដឹងហើយនឹងអាចរាយការណ៍យកគ្រឿងញៀនចេញពីសហគមន៍នាំមកនូវសុវត្ថិភាពនិងការអភិវឌ្ឍន៍។