ឯកឧត្តម កែវ រតនៈ អញ្ជើញថ្លែងសុន្ទរកថាគន្លឹះបើកកិច្ចប្រជុំទី៣ ស្តីពី« ដំណើរបម្លាស់ប្តូរការប្រើប្រាស់ថាមពលរបស់ប្រទេសកម្ពុជាឆ្ពោះទៅកាន់អនាគតដែលគ្មានកាបូន»

ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះបើកកិច្ចប្រជុំទី៣ «ដំណើរបម្លាស់ប្តូរការប្រើប្រាស់ថាមពលរបស់ប្រទេសកម្ពុជា ឆ្ពោះទៅកាន់អនាគតគ្មានកាបូន» ក្នុងឱកាសកម្ពុជាធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំកំពូលបៃតង និងចីរភាពសកល ឆ្នាំ២០២៥ “ការកសាងអនាគត និងការស្ថាបនាពិភពលោកប្រកបដោយចីរភាព”។

ឯកឧត្តម កែវ រតនៈ បានលើកឡើងថា នាពេលថ្មីៗនេះ ថាមពលបៃតងដែលរដ្ឋមន្រ្តីក្រសួងរ៉ែនៃប្រទេសអាស៊ានបានកំណត់ ថាមពលស្អាត ៤០-៤៥ % នៅឆ្នាំ ២០៣០-២០៣៥ ប៉ុន្តែកម្ពុជាសម្រេចបានលើសការកំណត់ រួចហើយ។ កម្ពុជាជាប្រទេសដែលមានផ្សែងពុលតិចបំផុតលើពិភពលោក បច្ចុប្បន្នប្រទេសកម្ពុជាសម្រេចបានថាមពលស្អាតជាង ៦២ % និងបានបន្តគោលដៅថាមពលបៃតង ៧០ % នៅឆ្នាំ២០៣០។

ឯកឧត្តម កែវ រតនៈ មានប្រសាសន៍បន្ថែមថា «ដំណើរបម្លាស់ប្តូរការប្រើប្រាស់ថាមពលរបស់ប្រទេសកម្ពុជា ឆ្ពោះទៅកាន់អនាគតគ្មានកាបូន» កម្ពុជាមានគម្រោងក្នុងការពង្រីកស្ថានីយ៍សាកអាគុយ យានយន្តគ្រប់ប្រភេទ នៅតាមបណ្តាផ្លូវសំខាន់ៗ ទូទាំងប្រទេសកម្ពុជា ជាផ្នែកមួយនៃគោលនយោបាយបៃតង នៃរាជរដ្ឋាភិបាលអាណត្តិទី៧។

ការចូលរួមចំណែកមួយរបស់កម្ពុជាក្នុងពិភពលោកបៃតងប្រកបដោយចីរភាព បានក្លាយជាយុទ្ធសាស្ត្របង្កើតសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយ។ ជាពិសេសអាចទាក់ទាញទេសចរណ៍ថ្មីៗ ឧស្សាហ៍កម្មថ្មីៗ ដែលមានតម្រូវការថាមពលបៃតង និងបង្កើតឱកាសការងារថ្មីដល់ប្រជាជនកម្ពុជា៕