ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រៀបចំវេទិកាជាតិ ស្តីពី ការងារនិងមុខរបរ ប្រកបដោយបរិយាបន្នសម្រាប់ជនមានពិការភាព ឆ្នាំ២០២៥
នេះជាទីលើកទី៦ហើយ ដែលក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រៀបចំវេទិកាថ្នាក់ជាតិ ស្តីពី ការងារនិងមុខរបរ ប្រកបដោយបរិយាបន្នសម្រាប់ជនមានពិការភាព ឆ្នាំ២០២៥ ក្នុងគោលបំណង លើកកម្ពស់ជំរុញសមធម៌ និងបរិយាបន្នពិការភាព ខណៈរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យពិការភាព ជាវិស័យអាទិភាព និងយកចិត្តទុកដាក់ក្នុងការពង្រឹងការអនុវត្តច្បាប់ ស្តីពី កិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ដែលជាការធានានូវឱកាសការងារ និងមុខរបរប្រកបដោយបរិយាបន្នសម្រាប់ជនមានពិការភាព នេះបើតាមរបាយការណ៍របស់ លោកស្រី ស៊ាន ប៉ូលីន អគ្គនាយកស្តីទី នៃអគ្គនាយកដ្ឋានស្តារសម្បទា។
លោកស្រី បន្តថា វេទិកានេះ គឺសម្រាប់ជនមានពិការភាព និងជួយផ្តល់ឱកាសដល់យុវជនមានពិការភាព ជួបដោយផ្ទាល់ជាមួយនិយោជក ចែករំលែកព័ត៌មាន អំពីឱកាសការងារ និងដកស្រង់បទពិសោធន៍ពីការទទួលបានការងារ ដើម្បីផ្លាស់ប្តូរគំនិត នៃរបៀបទទួលជោគជ័យ និងជំនាញដើម្បីទទួលបានការងារ និងដើម្បីផ្តល់អនុសាសន៍ សម្រាប់លើកកម្ពស់ឱកាសការងារ សម្រាប់ជនមានពិការនាពេលខាងមុខ។ វេទិកានេះក៏ជាកន្លែងដែលនិយោជកផ្តល់បទពិសោធន៍ការអនុវត្តល្អពីការផ្តល់ការងារដល់ជនមានពិការភាព។
លោកជំទាវ លៀង ស្រីម៉ុល រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានប្រសាសន៍ដែលថា វិស័យពិការភាព ត្រូវបានក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ចាត់ទុកជាការងារអាទិភាពចម្បង ដោយបានកសាងគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តជាបន្តបន្ទាប់ សំដៅពង្រឹងពង្រីកការគោរពសិទ្ធិជាមូលដ្ឋាន របស់ជនមានពិការភាព។ បច្ចុប្បន្ន អតីតយុទ្ធជន អតីតមន្រ្តីរាជការ មានពិការភាព បាននិងកំពុងទទួលការគាំពារពីរដ្ឋ ជនមានពិការភាពទទួលសេវាស្តារលទ្ធភាពពលកម្មកាយសម្បទា និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយឥតគិតថ្លៃ ផ្ដល់សេវាអក្សរស្ទាប និងភាសាសញ្ញា សម្រាប់ជនមានពិការភាព ដើម្បីឆ្លើយតបនឹង តម្រូវការរបស់ជនមានពិការភាព កម្មវិធីអភិវឌ្ឍសហគមន៍ប្រកបដោយបរិយាបន្ន ក្នុងការលើកកម្ពស់សិទ្ធិ និងជីវភាពរបស់ជនមានពិការភាព។
លោកជំទាវ បានផ្តល់អនុសាសន៍មួយចំនួន គឺត្រូវរួមគ្នាជំរុញ ‘ឱកាសស្មើគ្នា’ សម្រាប់ជនមានពិការភាព ដោយធ្វើបរិយាបន្នជនមានពិការភាពចូលទៅក្នុងទីផ្សារការងារដោយ ភាពគ្មានការរើសអើង។ ដើម្បីយល់ដឹងឱ្យបានត្រឹមត្រូវអំពីឧបសគ្គការងាររបស់ជនមានពិការភាព ដៃគូអភិវឌ្ឍ និងវិស័យឯកជន គួរចូលរួមកំណត់បញ្ហាប្រឈម ហើយបន្តតាមដាននូវលទ្ធភាពដែលជនមានពិការភាពអាចបម្រើការងារបាន រហូតដល់ពួកគេទទួលជោគជ័យនៅកន្លែងធ្វើការ។ យើងត្រូវនាំគ្នាគិតពីទម្រង់ផ្សេងៗនៃបរិស្ថានរូបវ័ន្ត ជាពិសេសផាសុកវត្ថុសមរម្យ នៅកន្លែងធ្វើការរបស់មានជនមានពិការភាព រួមទាំងបរិយាកាសការងារ ការរក្សាការងារ ការបណ្តុះបណ្តាល ការយល់ដឹងអំពីពិការភាព និងការបណ្តុះបណ្តាលវិជ្ជាជីវៈនិងផ្តល់បទពិសោធន៍ការងារដល់ជនមានពិការភាពផងដែរ, បន្តពង្រីក និងពង្រឹងស្មារតីក្នុងការរៀបចំវេទិកាជាតិ “ស្តីពីការងារ និងមុខរបរប្រកបដោយបរិយាបន្នសម្រាប់ជនមានពិការភាព” ឱ្យបានកាន់តែទូលំទូលាយ និងបន្តពង្រឹងកិច្ចសហការ និងភាពជាដៃគូរវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ដើម្បីបង្កើន ឱកាសសេដ្ឋកិច្ចបន្ថែមសម្រាប់ជនមានពិការភាព ព្រមទាំងពង្រឹងភាពអង់អាច និងសមត្ថភាពសមស្របសម្រាប់ជនមានពិការភាព ដើម្បីអាចចាប់យកឱកាសទាំងនោះ ។



