សិស្សមន្ត្រី នៃសាលាភូមិន្ទរដ្ឋបាល សរុបប្រមាណ ១០០០ អង្គ/នាក់ ទទួលបានចំណេះដឹងថ្មីបន្ថែម ពីបាឋកថាស្តីពី «រដ្ឋ និងសេដ្ឋកិច្ចទីផ្សារ, ការអភិវឌ្ឍសេដ្ឋកិច្ច៖ បញ្ហាប្រឈម និងកាលានុវត្តភាព»
 
								ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអនុប្រចាំការក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញជាវាគ្មិនកិត្តិយសក្នុងកម្មវិធីបាឋកថាស្តីពី «រដ្ឋ និងសេដ្ឋកិច្ចទីផ្សារ, ការអភិវឌ្ឍសេដ្ឋកិច្ច៖ បញ្ហាប្រឈម និងកាលានុវត្តភាព» ជូនគណៈគ្រប់គ្រង មន្ត្រីរាជការ សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១៣ សិស្សមន្ត្រីក្រមការជំនាន់ទី១១ កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ និងកម្មសិក្សាការីមន្ត្រីមធ្យម ឆ្នាំ២០២៥ នៃសាលាភូមិន្ទរដ្ឋបាល សរុបប្រមាណ ១០០០ អង្គ/នាក់ ដែលក្នុងនោះ អ្នកចូលរួមដោយផ្ទាល់ មានចំនួន ២៩៦ អង្គ/នាក់ និងចូលរួមពីចម្ងាយតាមរយៈប្រព័ន្ធ Microsoft Teams ចំនួន ៦៨២ អង្គ/នាក់។
ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារ សាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានមានប្រសាសន៍ជម្រាបជូនថា នៅក្នុងក្របខ័ណ្ឌនៃការបណ្តុះបណ្តាលរបស់សាលាភូមិន្ទរដ្ឋបាល បាឋកថា ត្រូវបានចាត់ទុកថាជាវេទិកាដ៏សំខាន់មិនអាចខ្វះបាន ដើម្បីពង្រឹងសមត្ថភាពសិស្សមន្ត្រី និងកម្មសិក្សាការី ។ឯកឧត្តម បានជម្រានជូនបន្តថា នៅឆ្នាំ២០២៥ សាលាភូមិន្ទរដ្ឋបាលបាននិងកំពុងផ្តល់ការបណ្តុះបណ្តាលសិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១៣ សិស្សមន្ត្រីក្រមការជំនាន់ទី១១ កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ និងកម្មសិក្សាការីមន្ត្រីមធ្យម ចំនួនសរុប ៩៧៨ អង្គ/នាក់។លើសពីនេះ គិតត្រឹមដើមត្រីមាសទី៤ សាលាបានបណ្តុះ បណ្តាលវគ្គតម្រង់ទិសសិស្សមន្ត្រីក្របខណ្ឌថ្មី និងវគ្គបណ្តុះបណ្តាលរយៈពេលខ្លីៗក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការជាមួយក្រសួង ស្ថាប័នថ្នាក់ជាតិ គ្រឹះស្ថានបណ្តុះបណ្តាលអន្តរជាតិ និងដៃគូអភិវឌ្ឍន៍ជាច្រើន សរុបចំនួនប្រមាណ ៥៦០០ នាក់។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានសម្តែងនៅក្តីរីករាយដែលបានមកចូលរួមធ្វើជាវាគ្មិនកិត្តិយសក្នុងកម្មវិធីបាឋកថាស្តីពី «រដ្ឋ និងសេដ្ឋកិច្ចទីផ្សារ, ការអភិវឌ្ឍសេដ្ឋកិច្ច៖ បញ្ហាប្រឈម និងកាលានុវត្តភាព» ជូនគណៈគ្រប់គ្រង មន្ត្រីរាជការ សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១៣ សិស្សមន្ត្រីក្រមការជំនាន់ទី១១ កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ និងកម្មសិក្សាការីមន្ត្រីមធ្យម ឆ្នាំ២០២៥ នៃសាលាភូមិន្ទរដ្ឋបាល សរុបប្រមាណ ១០០០ អង្គ/នាក់ នាថ្ងៃនេះ ។ឯកឧត្តមបណ្ឌិតសភាចារ្យ បាន
មានប្រសាសន៍ថា មាតិកាសំខាន់ៗ ដែលត្រូវលើកយកមកធ្វើបទបង្ហាញនាពេលនេះ រួមមាន៖ ផ្នែកទី ១. តួនាទីរដ្ឋ និង សេដ្ឋកិច្ចទីផ្សារ(១. ការកកើតរដ្ឋ និង ទស្សន:សេដ្ឋកិច្ច
២. តួនាទីរដ្ឋ ,៣. ប្រភពនៃកំណើន ,៤. ប្រព័ន្ធសេដ្ឋកិច្ច
និងផ្នែកទី ២. ការអភិវឌ្ឍ សេដ្ឋកិច្ច និងហិរញ្ញវត្ថុ( ១. សាវតារ កំណើតនគរខ្មែរ, ២. សមិទ្ធផល សេដ្ឋកិច្ច និងហិរញ្ញវត្ថុ
,៣. សមិទ្ធផលហិរញ្ញវត្ថុសាធារណៈ ,៤. ចក្ខុវិស័យកម្ពុជា ២០៥០ ,៥. ការវាយតម្លៃស្ថានភាព និង ទស្សនវិស័យម៉ាក្រូសេដ្ឋកិច្ចកម្ពុជា ឆ្នាំ ២០២៥-២០២៨ : បញ្ហាប្រឈម និង កាលានុវត្តភាព និងទី៦. យុទ្ធសាស្ត្របញ្ចកោណ។ ជាកិច្ចចាប់ផ្តើម នៅក្នុងបទបង្ហាញរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានគូសបញ្ជាក់ អំពីតួនាទីរដ្ឋ។ តើរដ្ឋជាអ្វី?
. រដ្ឋ សំដៅលើ អាជ្ញាធរនយោបាយ ដែលជាសំណុំនៃអង្គការសំខាន់ ៣ ៖ នីតិបញ្ញត្តិ, នីតិប្រតិបត្តិ, តុលាការ
.រដ្ឋ មាន ទឹក, ដី, អាកាស, ប្រជាជន និង អំណាច ។
.រដ្ឋ ជាសហគមន៍មនុស្ស មាន ច្បាប់ជាមូលដ្ឋាន, សមាជិករដ្ឋ គឺ ពលរដ្ឋ ដែលជា អ្នកគោរពច្បាប់ និង ចូលរួម បង្កើតច្បាប់ ។ ទន្ទឹមនឹងនេះ ក្នុងបទបង្ហាញ ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានលើកឡើងពីប្រព័ន្ធសេដ្ឋកិច្ច ដោយក្នុងនោះសេដ្ឋកិច្ចទីផ្សារ (មូលធននិយម)៖ សេដ្ឋកិច្ចទីផ្សារដំណើរការដោយសេរី, កម្មសិទ្ធិឯកជន, អត្ថប្រយោជន៍បុគ្គល, សិទ្ធិបុគ្គល ក្នុងការប្រកបអាជីវកម្ម, ពាណិជ្ជកម្ម, ការវិនិយោគ ជាមួយការប្រកួតប្រជែងដោយយុត្តិធម៌។ ថ្លៃទំនិញ ឬ សេវា បង្កើតដោយ ក្រឹត្យក្រម តម្រូវការ និង ការផ្គត់ផ្គង់ (ការប្រកួត ប្រជែង) និង ឆ្លុះបញ្ចាំងពីប្រភពថ្លៃដើមផលិតផល ឬ សេវានោះ។ ការធ្វើអន្តរាគមន៍រដ្ឋ ក្នុងសេដ្ឋកិច្ច, ប្រើប្រាស់និយ័តករសេដ្ឋកិច្ច (រដ្ឋមានតួនាទី ដោយប្រយោល) ។ ជាងនេះទៅទៀត ក្នុងបទបង្ហាញ ក៏បានគូសបញ្ជាក់អំពីចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០។ ដោយនៅមុនដំណាច់ឆ្នាំ ២០៥០, កម្ពុជានឹងក្តាប់យកមកវិញនូវមោទនភាពជាតិ ដែលធ្លាប់ រុងរឿងពីអតីតកាល ជាមួយនឹងការកសាងជាតិទំនើបមួយដ៏រស់រវើក។ ជារដ្ឋរឹងមាំ និង ប្រជាធិបតេយ្យ ដែលមានឯករាជ្យ, អធិបតេយ្យ និង បូរណភាពទឹកដី ពេញលេញ ហើយមានកិត្យានុភាពខ្ពស់ត្រដែត, ស្មើភាព និង ស្មើសិទ្ធិលើឆាកអន្តរជាតិ ។ ជាប្រទេសមានចំណូលខ្ពស់, មានសេដ្ឋកិច្ចធន់មាំ ប្រកបដោយបរិយាប័ន្ន និង ចីរភាព ។ ជាប្រទេសដែល ប្រជាជនរស់នៅក្នុងសុខសន្តិភាព, សេចក្តីថ្លៃថ្នូរ និង សុភមង្គល, មានកម្រិតជីវភាពខ្ពស់សមរម្យ, និង មានចំណេះដឹងខ្ពស់ប្រកបដោយការនវានុវត្ត និង សីលធម៌ប្រពៃ, ទទួលបានយុត្តិធម៌សង្គម, ស្មើសិទ្ធិ និងស្មើឱកាស ក្នុងសង្គមជាតិ ព្រមទាំងមានអត្តសញ្ញាណជាតិដ៏បវរ និង ភាពចម្រើនលូតលាស់ក្នុងបរិស្ថានសង្គម, រូបវន្ត និង ធម្មជាតិ ប្រកបដោយភាពសុខដុមរមនា, មានវប្បធម៌សម្បូរបែប និង សង្គមបរិយាប័ន្ន”។
នៅក្នុងឱកាសនៃកម្មវិធីបាឋកថានេះដែរ ក៏មានការរៀបចំកម្មវិធីសំណួរ ចម្លើយផងដែរ៕
 
  
  
  
  
  
  
  
  
  
  
 
 
			



