ឯកឧត្តម ហែម វណ្ណឌី អញ្ជើញថ្លែងសន្ទរកថាគន្លឹះបើកកិច្ចប្រជុំទី២ ស្តីពីការជំរុញនវានុវត្តន៍ និងឧស្សាហូបនីយកម្មប្រកបដោយចីរភាព

ក្នុងឱកាសនៃកិច្ចប្រជុំកំពូលបៃតង និងចីរភាពសកលឆ្នាំ២០២៥ ក្រោមប្រធានបទ៖ «ការកសាងអនាគត និងការស្ថាបនាពិភពលោកប្រកបដោយចីរភាព» នៅរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានអញ្ជើញថ្លែងសន្ទរកថាគន្លឹះក្នុងកិច្ចប្រជុំទី២ ស្តីពីការជំរុញនវានុវត្តន៍ និងឧស្សាហកម្មប្រកបដោយចីរភាព។

វិស័យឧស្សាហកម្មគឺជាម៉ាស៊ីនដ៏មានឥទ្ធិពលមួយនៃកំណើនសេដ្ឋកិច្ច ដោយលើកស្ទួយមនុស្សរាប់លាននាក់ចេញពីភាពក្រីក្រ ជំរុញការច្នៃប្រឌិត និងគាំទ្រដល់ការអភិវឌ្ឍជាតិ។ យ៉ាងណាក៏ដោយ នៅទូទាំងពិភពលោក ឧស្សាហកម្មក៏ប្រើប្រាស់ថាមពលជិត ៤០ ភាគរយនៃពិភពលោក និងរួមចំណែកជាង ៣០ ភាគរយនៃការបំភាយឧស្ម័នផ្ទះកញ្ចក់។ បញ្ហាប្រឈមនៅចំពោះមុខយើង មិនមែនថា តើត្រូវធ្វើឧស្សាហូបនីយកម្ម ឬអត់នោះទេ ប៉ុន្តែតើត្រូវធ្វើឧស្សាហូបនីយកម្មប្រកបដោយចីរភាពដោយរបៀបណា ដោយធានាថាការច្នៃប្រឌិត និងការគ្រប់គ្រងបរិស្ថានរីកចម្រើនទៅមុខ។

ឯកឧត្តម ហែម វណ្ណឌី បានមានប្រសាសន៍ថា ទិសដៅរបស់ប្រទេសកម្ពុជា គឺច្បាស់លាស់ក្នុងកសាងភាពប្រកួតប្រជែង ផ្នែកឧស្សាហកម្មតាមរយៈនិរន្តរភាព និងនវានុវត្តន៍ តាមរយៈការជំរុញរោងចក្រឆ្លាតវៃ ការពង្រឹងស្វ័យប្រវត្តិកម្ម និងការរួមបញ្ចូលបច្ចេកវិទ្យាថ្មីៗដូចជា បញ្ញាសិប្បនិម្មិត ដើម្បីជំរុញផលិតភាព ប្រសិទ្ធភាពថាមពល និងផលិតកម្មដែលមានតម្លៃខ្ពស់។

ប្រទេសកម្ពុជាឱ្យតម្លៃដល់ភាពជាដៃគូជាមួយភ្នាក់ងារអភិវឌ្ឍន៍ អ្នកវិនិយោគ អ្នកផ្តល់សេវាបច្ចេកវិទ្យា និងស្ថាប័នក្នុងតំបន់។ កិច្ចសហការគឺមានសារៈសំខាន់ណាស់ក្នុងការពង្រីកការធ្វើសមាហរណកម្មកកើតឡើងវិញសម្រាប់ឧស្សាហកម្ម ធ្វើឱ្យទីផ្សារកែច្នៃឡើងវិញ កាន់តែស៊ីជម្រៅ និងកសាងប្រព័ន្ធទិន្នន័យសម្រាប់ការតាមដាន និងការធានា ESG។

កិច្ចប្រជុំកំពូលនេះមិនត្រឹមតែជាវេទិកាសម្រាប់ការពិភាក្សាប៉ុណ្ណោះទេ ប៉ុន្តែជាវេទិកាសម្រាប់សកម្មភាព។ តំបន់អាស៊ីប៉ាស៊ីហ្វិកមានយុវជន ភាពប៉ិនប្រសប់ និងមហិច្ឆតាឧស្សាហកម្ម ដើម្បីដឹកនាំយុគសម័យថ្មីនៃការប្រកួតប្រជែងបៃតង។

ឯកឧត្តម បានលើកឡើងថា ប្រទេសកម្ពុជាត្រៀមខ្លួនរួចជាស្រេចដើម្បីសហការគ្នា លើការផ្ទេរបច្ចេកវិទ្យា ស្តង់ដារ និងការតាមដាន ការអភិវឌ្ឍឧស្សាហកម្មអេកូ និងសម្ព័ន្ធភាពជំនាញសម្រាប់អនាគត ឧស្សាហកម្មដែលមានពណ៌បៃតង ឆ្លាតវៃ រួមបញ្ចូល និងការប្រើប្រាស់បានយូរ។ យើងរួមគ្នាផ្តល់ថាមពលដល់យុគសម័យឧស្សាហកម្មបន្ទាប់ ដែលជំរុញដោយនវានុវត្តន៍ និរន្តរភាព និងវិបុលភាពរួមគ្នា។

បន្ទាប់ពីឯកឧត្តម ហែម​ វណ្ណឌី អញ្ជើញថ្លែងសន្ទរកថាគន្លឹះបើកកិច្ចប្រជុំទី២នេះរួចមក កិច្ចប្រជុំតុមូលទី២ ស្តីពីការលើកកម្ពស់ចក្រាភាព និងក្របខណ្ឌបរិស្ថាន សង្គម និងអភិបាលកិច្ច៖ បញ្ហាប្រឈម និងឱកាសក្នុងសេដ្ឋកិច្ចចក្រា បានចាប់ផ្តើមពិភាក្សា ដោយមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយសមកពីបណ្តាក្រុមហ៊ុន ស្ថាប័នពាក់ព័ន្ធជាច្រើនរូប។

កិច្ចប្រជុំកំពូលបៃតង និងចីរភាពសកលឆ្នាំ២០២៥ ក្រោមប្រធានបទ៖ «ការកសាងអនាគត និងការស្ថាបនាពិភពលោកប្រកបដោយចីរភាព» ក្នុងឱកាសនេះ មានគោលបំណងក្នុងការចែករំលែកបទពិសោធន៍ ប្រមូលផ្តុំថ្នាក់ដឹកនាំរដ្ឋាភិបាល ធុរកិច្ច និងគ្រប់ភាគីពាក់ព័ន្ធ ដើម្បីលើកកម្ពស់កំណើនបៃតងសម្រាប់ពិភពលោកដែលមានចីរភាព ព្រមទាំងបង្កើតភាពជាអ្នកដឹកនាំផ្នែកគោលនយោបាយការទូតសម្រាប់ភាពធន់នឹងអាកាសធាតុ និងភាពជាអ្នកដឹកនាំផ្នែកនវានុវត្តន៍បៃតង ជាពិសេសតាមរយៈការខិតខំក្នុងក្របខណ្ឌខ្សែក្រវ៉ាត់ និងផ្លូវ ក្នុងវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុបៃតង៕