សុខភាពផ្លូវចិត្តជាផ្នែកមួយដ៍សំខាន់សម្រាប់ការអភិវឌ្ឍសង្គមជាតិ

សុខភាពផ្លូវចិត្ត គឺជាសិទ្ធិមូលដ្ឋានរបស់មនុស្ស ហើយវាមានសារៈសំខាន់ណាស់ចំពោះការអភិវឌ្ឍន៍ផ្ទាល់ខ្លួន សហគមន៍ និងសេដ្ឋកិច្ចសង្គម។ នៅប្រទេសកម្ពុជា ស្លាកស្នាមរបួសជំងឺផ្លូវចិត្ត ដែលបន្សល់ទុកពីអតីតកាលនៅមិនទាន់ត្រូវបានសាបរលុបនៅឡើយទេ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ជាពិសេសពីបណ្តាស្ថាប័ន ពីសហគមន៍ពីប្រជាពលរដ្ឋខ្លួនឯង ពីសហគមន៌អន្តរជាតិ និងពីអាជ្ញាធរមូលដ្ឋាន។ សុខភាពផ្លូវចិត្ត មិនមែនជាអ្វីដែលត្រូវដាក់នៅដោយឡែកទេ ពេលយើងគិតពីសុខភាព។ អង្គការចិត្តសង្គមអន្តរវប្បធម៌ (TPO)  បានប៉ាន់ស្មានថាប្រមាណ៤០%នៃប្រជាជនកម្ពុជាជួបប្រទះបញ្ហាសុខភាពផ្លូវចិត្ត និងជំងឺថប់បារម្ភ។ ក្នុងនោអ ប្រជាជនដែលមានជីវភាពក្រីក្រត្រូវបានរកឃើញទទួលរងបញ្ហាសុខភាពផ្លូវទ្វេដង បើធៀបទៅនឹងប្រជាជនដែលមានជីវភាពធូរធារ។

លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ  រដ្ឋលេខាធិការក្រសួងសុខាភិបាលបានមានប្រសាសន៍ថា សុខភាពផ្លូវចិត្ត គឺជាផ្នែកមួយដ៏សំខាន់សម្រាប់បុគ្គលម្នាក់ៗ ហើយក៏ជាកត្តាកំណត់នៃសុភមង្គលគ្រួសារ និងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងប្រទេសជាតិដោយមិនអាចខ្វះបាន។ ភាពមិនច្បាស់លាស់ និងការផ្លាស់ប្តូរយ៉ាងឆាប់រហ័សផ្នែកសង្គម-សេដ្ឋកិច្ច បានរុញច្រានឱ្យមនុស្សជាច្រើនមិនមានការងារធ្វើដែលនាំឱ្យពួកគេជួបវិបត្តិសេដ្ឋកិច្ច ជាមួយគ្នានឹងការប្រឈមនឹងបម្រែបម្រួលអាកាសធាតុទៀតសោទ គឺជាកត្តារួមចំណែកនាំឱ្យអត្រាអ្នកមានបញ្ហាផ្លូវចិត្តកាន់តែកើនឡើង។

ក្រសួងសុខាភិបាលបានដាក់សុខភាពផ្លូវចិត្តជាផ្នែកសំខាន់មួយនៃយុទ្ធសាស្ត្រសុខាភិបាលជាតិ ដើម្បីធានាថាប្រជាពលរដ្ឋគ្រប់មជម្ឈដ្ឋានទទួលបានសេវាផ្លូវចិត្ត ពីកម្រិតសហគមន៍រដល់មន្ទីរពេទ្យបង្អែក។ ក្រសួងសុខាភិបាលបានពង្រឹងការឆ្លើយតបចំពោះបញ្ហាសុខភាពផ្លូវចិត្ត តាមរយៈការអនុវត្តផែនការយុទ្ធសាស្ត្រសុខភាពផ្លូវចិត្តជាតិឆ្នាំ២០២៣–២០៣២ ដែលផ្តោតលើការការពារ ការថែទាំ និងការព្យាបាលជាបន្តបន្ទាប់។ ក្រោមការសហការជាមួយអង្គការសុខភាពពិភពលោក (WHO) និងដៃគូអន្តរជាតិ ផែនការនេះផ្តោតលើការចូលបញ្ចូលសេវាផ្លូវចិត្តក្នុងប្រព័ន្ធសុខាភិបាលជាតិ ការបណ្តុះបណ្តាលមន្ត្រីសុខាភិបាល និងការផ្សព្វផ្សាយការយល់ដឹងនៅតាមសហគមន៍។ ជាមួយគ្នានេះ ក្រសួងសុខាភិបាលបាននិងកំពុងជំរុញឱ្យសុខភាពផ្លូវចិត្តក្លាយជាបញ្ហាសាធារណៈដែលទទួលបានការយកចិត្តទុកដាក់ខ្ពស់ជាងមុន ទោះបីនៅមានបញ្ហាប្រឈមដូចជា កង្វះបុគ្គលិកជំនាញ និងកង្វះថវិកាក៏ដោយ។

 

 

គួរបញ្ជាក់ផងដែរថា ដើម្បីចូលរួមចំណែកក្នុងការអនុវត្តគម្រោងដែលទាក់ទងនឹងសុខភាពផ្លូវចិត្ត គម្រោងសុខភាពតែមួយONE HEALTH​ បានធ្វើការផ្សព្វផ្សាយអំពីការប្រយុទ្ធប្រឆាំងនឹងការមាក់ងាយជុំវិញស្ថានភាពសុខភាពផ្លូវចិត្ត។ តាមរយៈការផ្តល់ព័ត៌មានត្រឹមត្រូវ ដែលប្រព័ន្ធផ្សព្វផ្សាយអាចជួយលុបបំបាត់ជំនឿមិនពិត និងលើកទឹកចិត្តមនុស្សឱ្យស្វែងរកជំនួយ៕

 

ដោយៈ យ៉ាន ធឿងរតនៈ