ជម្រកសត្វក្តាន់ជិតផុតពូជ នៅសហគមន៍ព្រែកប្រសព្វ ខេត្តក្រចេះ នឹងក្លាយជាគោលដៅទាក់ទាញទេសចរណ៍ថ្មី

ខេត្តក្រចេះ ៖ ដើម្បីរួមចំណែកក្នុងការអភិរក្សនិងអភិវឌ្ឍន៍នៅក្នុងដែនជម្រកសត្វព្រៃព្រែកប្រសព្វ និងជួយលើកកម្ពស់ជីវភាពបងប្អូនប្រជាពលរដ្ឋ និងលើកស្ទួយវិស័យទេសចរណ៍នៅក្នុងសហគមន៍ អាជ្ញាធរឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ គ្រោងនឹងពង្រីកសេវាកម្មទេសចរណ៍ផ្សេងៗមួយចំនួនថែមទៀតនៅក្នុងសហគមន៍។

ឯកឧត្តម សេង ភីណា អភិបាលរងស្រុកព្រែកប្រសព្វ បញ្ជាក់ដល់ស្ថាបន័ជំនាញ អាជ្ញាធរពាក់ព័ន្ធ សហគមន៍មូលដ្ឋានពីការសាងសង់ប៉ម សម្រាប់ភ្ញៀវទេសចរអាចឡើងឈរមើលសត្វក្តាន់ឬក៏សត្វស្លាប និងសេវាកម្មដាំកូនឈើ សេវាកម្មបោះតង់ សេវាកម្មកសិទេសចរណ៍ ជិះកង់ ក្នុងដែនជម្រកសត្វព្រៃព្រែកប្រសព្វ។

ឯកឧត្តមអភិបាលរងស្រុកបន្ថែមថា កន្លងទៅអាជ្ញាធរស្រុកនិងមន្ទីរពាក់ព័ន្ធរួម និងអាជ្ញាធរឃុំនៅក្នុងសហគមន៍បានរៀបចំឱ្យមានសេវាកម្មទេសចរណ៍ធម្មជាតិនៅកោះព្រហ្មចារី ដែលមានភ្ញៀវទេសចរជាតិនិងអន្តរជាតិចូលចិត្តទៅជិះទូកទៅកម្សាន្ត និងងូតទឹកក្រោមដើមឈើធំៗលក្ខណៈធម្មជាតិ អង្គុយមើលថ្ងៃលិច ឬក៏បោះតង់នៅតាមកោះតូចៗដែលមានទីតាំងនៅកណ្ដាលទន្លេមេគង្គ ស្ថិតនៅក្នុងឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។

នៅឆ្នាំនេះផ្ទាល់ សហគមន៍ក៏បានកំពុងរៀបចំពង្រីកសេវាកម្មផ្សេងៗជាច្រើនទៀត ដែលគម្រោងទាំងនេះស្ថិតនៅក្នុងដែនជម្រកសត្វក្តាន់ព្រែកប្រសបព្វ ដើម្បីធ្វើការទាក់ទាញភ្ញៀវទេសចរណ៍ទៅមើលសត្វក្តាន់ដែលជាប្រភេទសត្វកម្រជិតផុតពូជ។

បច្ចុប្បន្ននេះមានសត្វក្តាន់ប្រមាណជាង ៩០ ក្បាល ដែលកំពុងតែអភិរក្ស និងសត្វស្លាបដទៃទៀត។ ក្រៅពីនោះក៏មានការរៀបចំបានបោះតង់ និងសេវាកម្មម្ហូបអាហារជាដើម។ សហគមន៍ក៏បានរៀបចំសេវាកម្មម៉ូតូឌុប ជិះកង់ និងការដាំកូនឈើឡើងវិញនៅតំបន់ព្រៃរីករិល ដែលស្ថិតនៅក្នុងដែនជម្រកសត្វព្រៃព្រៃប្រសព្វ ដែលអាចជួយលើកកម្ពស់ជីវភាពបងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍ និងលើកស្ទួយវិស័យទេសចរណ៍នៅក្នុងសហគមន៍ ឃុំជ្រោយបន្ទាយផងដែរ៕