រដ្ឋសភាបារាំងបញ្ជាក់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការជាក់លាក់ជាមួយរដ្ឋសភាកម្ពុជា ក្នុងការអនុវត្តការងារសភាឌីជីថល
មន្ត្រីជាន់ខ្ពស់រដ្ឋសភាបារាំងទទួលបន្ទុកការងារសភាឌីជីថល លោក Jean Luc LaLa តាម រយៈជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម ឃួន ដាវិត អគ្គលេខាធិការរងរដ្ឋសភា ទទួលបន្ទុកប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា និងជាអនុប្រធានក្រុមការងាររដ្ឋសភាឌីជីថល បានបញ្ជាក់គោលជំហរច្បាស់លាស់របស់រដ្ឋសភាបារាំង ក្នុងការគាំទ្រ និងផ្តល់កិច្ចសហការជាមួយរដ្ឋសភាកម្ពុជា តាមរយៈការចែករំលែកបទពិសោធន៍ ការងារបច្ចេកទេស និងការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីជួយដល់រដ្ឋសភាកម្ពុជា ក្នុងដំណើរការកែទម្រង់ស្ថាប័នទៅជាសភាឌីជីថល។
ក្នុងឱកាសអញ្ជើញអមដំណើរ សម្តេចប្រធានរដ្ឋសភា ចូលរួមវេទិកាសន្តិភាពប៉ារីសលើកទី៨ នៅទីក្រុងប៉ារីស ឯកឧត្តម ឃួន ដាវិត បានជួបប្រជុំការងារជាមួយ លោក Jean Luc LaLa នៅវិមានរដ្ឋសភាបារំាង។ ឯកឧត្តមបានថ្លែងអំណរគុណដល់សភាបារាំង ចំពោះការគាំទ្រ និងការចូលរួមចំណែកក្នុងការងារកែទម្រង់ស្ថាប័ន ក៏ដូចជាការងារពាក់ព័ន្ធនឹងគម្រោងសភាឌីជីថល។ បើតាមឯកឧត្តម ឃួន ដាវិត បច្ចុប្បន្នរដ្ឋសភាកម្ពុជាបានអនុវត្តការងារសម្រេចបានជោគជ័យគួរឱ្យកត់សម្គាល់ជាច្រើនពាក់ព័ន្ធនឹងសភាឌីជីថល។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ការទទួលបានធាតុចូលថ្មីៗ ជាពិសេសពីអ្នកជំនាញសភាបារាំងដែលមានបទពិសោធន៍លើការងារនេះជាង ២៥ ឆ្នាំ ពិតជាមានសារៈសំខាន់ណាស់សម្រាប់រដ្ឋសភាកម្ពុជា។
ឯកឧត្តម អនុប្រធានក្រុមការងាររដ្ឋសភាឌីជីថល បានឱ្យដឹងបន្ថែមថា ក្រោមមហិច្ឆតា និងការដាក់ចេញផែនការមុតស្រួចច្បាស់លាស់លើការប្រែក្លាយជារដ្ឋសភាឌីជីថល ពីសំណាក់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បច្ចុប្បន្នក្រុមការងារបានសម្រេចបានលទ្ធផលជាច្រើន ទាំងការប្រមូលធាតុចូលថ្មីៗពីរដ្ឋសភា និងបណ្តាប្រទេសជាមិត្ត ពិសេសរដ្ឋសភាបារាំង ក៏ដូចជាការអភិវឌ្ឍកម្មវិធី software គឺសម្រេចបានតាមផែនការដែលបានគ្រោងទុក។ ក្នុងនោះ រដ្ឋសភាកម្ពុជាក៏បានធ្វើកិច្ចសហការល្អជាមួយរដ្ឋសភាបារាំង ដោយបានផ្លាស់ប្តូរព័ត៌មានគ្នាជាបន្តបន្ទាប់ពាក់ព័ន្ធនឹងការងារសភាឌីជីថល។ ក្នុងនោះ នៅអំឡុងខែវិច្ឆិកាខាងមុខនេះ មន្ត្រីជំនាញកម្ពុជាពីររូបក៏នឹងមកទទួលការបណ្តុះបណ្តាល និងចែករំលែកបទពិសោធន៍ពីអ្នកជំនាញបារាំង ក្រោមការសម្របសម្រួលពីរដ្ឋសភាបារាំងផងដែរ។
សូមរំឭកដែរថា សភាឌីជីថល ឬ e – parliament គឺសំដៅដល់ការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាព័ត៌មាននិងទូរគមនាគមន៍ ដូចជាកុំព្យូទ័រ និងអ៊ីនធឺណិត សម្រាប់បំពេញការងារប្រចាំថ្ងៃរបស់មន្ត្រីអគ្គលេខាធិការដ្ឋាន ដើម្បីផ្តល់សេវាជូនតំណាងរាស្ត្រ លើការងារនីតិកម្ម ការងារតាមដានការអនុវត្តច្បាប់ និងការងារភាពជាតំណាង ក្នុងនោះការផ្សាភ្ជាប់ទំនាក់ទំនង ការឆ្លើយតបនឹងសេចក្តីត្រូវការ និងដោះស្រាយបញ្ហាកង្វល់នានារបស់ប្រជាពលរដ្ឋនៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស។
ឯកឧត្តម ឃួន ដាវិត បានបញ្ជាក់ថា ខណៈពិភពលោកបច្ចុប្បន្នកំពុងរីកចម្រើនលើផ្នែកបច្ចេកវិទ្យាយ៉ាងឆាប់រហ័ស ក្នុងន័យនេះ ការត្រៀមខ្លួនប្រែក្លាយជាសភាអេឡិចត្រូនិចពិតជាចាំបាច់ ដែលនឹងអាចជួយបង្កើតបានផលប្រយោជន៍ជាច្រើន ដូចជា រួមចំណែកពន្លឿនផលិតភាពការងារប្រចាំថ្ងៃ ការប្រើប្រាស់ធនធានកាន់តែមានប្រសិទ្ធភាព និងរួមចំណែកកាត់បន្ថយដល់ភាពអសកម្មមួយចំនួននៅកន្លែងការងារផងដែរ។ បន្ថែមលើសពីនេះ រដ្ឋសភាឌីជីថល គឺធ្វើឡើងស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ដែលកំណត់អាទិភាពបច្ចេកវិទ្យាជាអាទិភាពចម្បងក្នុងចំណោមអាទិភាព ៤ ផ្សេងទៀត គឺ មនុស្ស ទឹក ផ្លូវ ភ្លើង និងនាវនុវត្តន៍។ ជាមួយគ្នានេះ ដោយសារការវិវត្តន៍យ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យារបស់ពិភពលោក សភាអេឡិចត្រូនិចក៏ជាកត្តារួមចំណែកដ៏សំខាន់ ក្នុងការទទួលស្គាល់កាន់តែទូលំទូលាយនិងសំខាន់ពីតួនាទីរបស់សភាផងដែរ៕



