សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញចូលរួមពិធីបើកវេទិកាសន្តិភាពប៉ារីសលើកទី៨ នៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែតុលាឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមក្នុងពិធីបើកវេទិកាសន្តិភាពប៉ារីស លើកទី៨(8th Edition of the Paris Peace Forum)  នៅទីក្រុងប៉ារីស សាធារណរដ្ឋបារំាង។ 

វេទិកាសន្តិភាពប៉ារីស បានបង្កើតនៅឆ្នាំ ២០១៨ ហើយវេទិកាសន្តិភាពប៉ារីស បានខិតខំបង្កើនសមត្ថភាពការទូតតាមទម្រង់ថ្មី ស្របនឹងពិភពលោកដែលកំពុងវិវត្តន៍ និងជំរុញឲ្យមានអភិបាលកិច្ចសកល ដើម្បីលើកកម្ពស់ផលប្រយោជន៍សាធារណៈកាន់តែប្រសើរ។វេទិកានេះមានវាគ្មិនជាង ៣០០នាក់ និងអ្នកចូលរួមរាប់ពាន់នាក់ ដែលជាថ្នាក់ដឹកនាំមកពីរដ្ឋាភិបាល អង្គការអន្តរជាតិ វិស័យឯកជន សង្គមស៊ីវិល និងគ្រឹះស្ថានអប់រំ ដើម្បីជជែកពិភាក្សាស្វែងរកដំណោះស្រាយសម្រាប់បញ្ហាប្រឈមថ្មីបន្ទាន់បំផុត ក្នុងសម័យបច្ចុប្បន្ននេះ។

ក្នុងពិធីបើកកិច្ចប្រជុំនេះ មានការលើកពីការពង្រឹងប្រព័ន្ធពហុនិយម លើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន នៅក្នុងការនោះមានការលើកឡើងពីការលើកម្ពស់សមភាពយេនឌ័រ ក្នុងតួនាទីជាថ្នាក់ដឹកនាំ រួមទំាងអគ្គលេខាធិការអង្គការសហប្រជាជាតិផង។  ជាការកត់សម្គាល់កម្ពុជា ជាប្រទេសតូច ពឹងផ្អែកយ៉ាងខ្លាំងលើការទូត និងច្បាប់អន្តរជាតិ ដើម្បីការពារផលប្រយោជន៍ជាតិ។ 

សូមជម្រាបថា នៅក្នុងវេទិកាអន្តរជាតិ ដែលមានរយៈពេលពីថ្ងៃទី២៩និង៣០តុលានេះ សម្តេចរដ្ឋសភាធិបតី នឹងអញ្ជើញថ្លែងសន្ទរកថា ក្នុងកិច្ចពិភាក្សាតុមូល ស្តីពី «ចំពោះមុខការបែកបាក់៖ អធិបតេយ្យភាពក្នុងសណ្តាប់ធ្នាប់ពិភពលោកដែលមានការបែកខ្ញែក » និងទី ៣) កិច្ចពិភាក្សា «ការបែកបាក់ និងការប្រឈមមុខដាក់គ្នា៖ ការផ្លាស់ប្តូរភូមិសាស្រ្តនយោបាយនៅអាស៊ី»។

ក្រៅពីនេះសម្តេចរដ្ឋសភាធិបតី គ្រោងជួបជាមួយជាមួយថ្នាក់គណៈប្រតិភូបណ្តាលប្រទេសនិងដៃគូអភិវឌ្ឍន៍នានា រួមទំាងលោកជំទាវ  យ៉ាអ៊ែល ប្រូន ពីវេ (Yaël Braun-Pivet) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋបារាំង និងជួបពិភាក្សាការងារជាមួយ ឯកឧត្ដម ថូម៉ាស់ ឡាំ (Thomas Lam) សមាជិកសភា និងជាប្រធានក្រុមមិត្តភាពសភាបារាំង-កម្ពុជាក្នុងការពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការទ្វេភាគីនិងពហុភាគីទំាងក្របខណ្ឌនីតិប្បញ្ញត្តិនិងនីតិប្រតិបត្ត ដែលជាបុរេសកម្មនៃវិស័យការទូតសភាកម្ពុជាក្នុងការស្វែងរកផលប្រយោជ៍ជូនប្រទេសជាតិនិងប្រជាពលរដ្ឋ៕