រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឆ្លៀតថ្ងៃឈប់សម្រាកបុណ្យជាតិ ២៩ តុលា ចុះពិនិត្យមណ្ឌលសុខភាពវិហារសួគ៌ ដោយពុំជូនដំណឹងជាមុន ដែលការចុះនេះបានអនុញ្ញាតឱ្យធ្វេីការវាយតម្លៃដោយផ្ទាល់លើគុណភាពសេវាសុខាភិបាលបម្រេីជូនប្រជាពលរដ្ឋក្នុងតំបន់ ដែលមានចំណុចកត់សម្គាល់មួយចំនួន
ខេត្តកណ្តាល ÷ ការទទួលអ្នកជំងឺ៖ ទទួលបានការពេញចិត្ត ដោយមានស្មារតីសហការល្អ និងអាកប្បកិរិយារួសរាយរាក់ទាក់ល្អ។
– ការត្រួតពិនិត្យ និងព្យាបាលជំងឺ៖ បានអនុវត្តទាន់ពេលវេលា បង្ហាញពីការខិតខំរបស់បុគ្គលិកសុខាភិបាល។
– ការទុកដាក់ថ្នាំសង្កូវ និងសម្ភារៈពេទ្យ៖ មានកម្រិតមធ្យម ត្រូវការការរៀបចំ និងតាមដានប្រសើរជាងមុន។
– ភាពស្អាត និងអនាម័យ៖ ត្រូវការកែលម្អអោយបានប្រសេីឡេីង។
ក្រុមការងារនៃមណ្ឌលសុខភាព ដឹកនាំដោយប្រធានមណ្ឌល បានទទួលយកការកែលម្អ និងប្តេជ្ញាចិត្តពង្រឹងការខិតខំប្រឹងប្រែង ដើម្បីធានាបាននូវបរិស្ថានផាសុខភាព អនាម័យ សុវត្ថិភាព ក្នុងការបម្រេីសេវាសុខាភិបាលដែលមានគុណភាពជូនប្រជាពលរដ្ឋអោយបានទូលាយក្នុងមូលដ្ឋាន។
ការចុះពិនិត្យនេះក៏ឆ្លុះបញ្ចាំងពីការប្តេជ្ញារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់នៃក្រសួងសុខាភិបាលក្នុងការពង្រឹងអភិបាលកិច្ច លើទីលានអនុវត្ត ការស្តាប់ពីក្រុមការងារមូលដ្ឋាន ការគាំទ្រចំពោះបុគ្គលិកសុខាភិបាលក្នុងសហគមន៍ និងធានាថាប្រជាពលរដ្ឋគ្រប់រូប ទោះនៅទីណាក៏ដោយ ទទួលបានសេវាសុខាភិបាលសមរម្យ និងប្រសេីរឡេីង ព្រមទាំងរស់នៅដោយសុខដុម។
សាររបស់ប្រធានស្ថាប័នសុខាភិបាលជូនចំពោះមូលដ្ឋានសុខាភិបាលគ្រប់ឃុំទូទាំងប្រទេស៖
“ការកែលម្អគុណភាពសេវាសុខាភិបាលត្រូវការភាពម៉ត់ចត់ សេចក្តីថ្លៃថ្នូរ និងការគោរពតាមស្តង់ដារបច្ចេកទេស និងអនាម័យ។ មណ្ឌលសុខភាពនីមួយៗត្រូវក្លាយជាគំរូនៃការជឿទុកចិត្តសម្រាប់ប្រជាពលរដ្ឋ។”
ក្នុងថ្ងៃនោះដែរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីសុខាភិបាល បានអញ្ជើញបន្តដំណេីរចុះពិនិត្យមណ្ឌលសុខភាព បាកដាវ តាមដងទន្លេតូចជាប់ខេត្តព្រៃវែង ដោយសង្កេតឃើញ មានការទទួលរាក់ទាក់យកចិត្តទុកដាក់ចំពោះអ្នកជំងឺ
ការបម្រេីសេវារហ័ស ល្អសមស្រប និងអនាម័យសមរម្យ។
ឯកឧត្តមបានសរសើរចំពោះ ការខិតខំលះបង់ ប្តេជ្ញាចិត្តអនុវត្តការងារប្រកបដោយវិជ្ជាជីវៈ របស់បុគ្គលិក ក្នុងការកែលម្អគុណភាពសេវាសុខាភិបាលឱ្យកាន់តែប្រសើរ។
ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រីសុខាភិបាល៖ «ពិតជារីករាយ និងរំលឹកពីបទពិសោធន៍ចាក់ថ្នាំបង្ការនៅទីជនបទ កាលពី៣០ឆ្នាំកន្លងទៅ»
ថ្ងៃពុធ ទី២៩ ខែតុលា ឆ្នាំ២០២៥។



