គណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំខេត្តព្រះសីហនុលើកក្នុងការបញ្ជារ ដឹកនាំខេត្ត អោយមានសន្តិសុខ សុវត្ថិភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ

គណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំខេត្តព្រះសីហនុលើកក្នុងការបញ្ជារ ដឹកនាំខេត្ត អោយមានសន្តិសុខ សុវត្ថិភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ!

……………..

ឯកឧត្តម អង្គ វង្ស វឌ្ឍានា ប្រធានគណៈ កម្មការនីតិកម្ម និងយុត្តិធម៌ (គណៈកម្មការទី៦) នៃរដ្ឋសភា និងឯកឧត្តម លោកជំទាវ ប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា បានអញ្ជើញជំនួបពិភាក្សាការងារស្ដីពីការ អនុវត្តច្បាប់ ជាមួយ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ ព្រមទាំងលោក/លោកស្រី ជាប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធក្នុងខេត្ត ហើយពិធីបានរៀបចំឡើងនៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥។

ក្នុងឱកាសនោះឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ បានជំរាបជូនពីសក្តានុពល វិទ្យាសាស្រ្ត និងភូមិសាស្ត្ររបស់ខេត្តព្រះសីហនុ ដែលស្ថិតនៅភាគនារតី នៃប្រទេសកម្ពុជា ហើយខេត្តព្រះសីហនុមាន ៣ក្រុង ៣ស្រុក ២៩ឃុំ/សង្កាត់ ស្មើនឹង១១១ភូមិ ដោយមានហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនមានដូចជា ផ្លូវទឹក គោក និងផ្លូវអាកាស ផ្លូវទឹកមានកំពង់ផែអន្តរជាតិចំនួន៣ ក្នុងនោះ កំពង់ផែកែវផុស កំពង់ផែស្ទឹងហាវ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលកំពុងធ្វើការអភិវឌ្ឍជាបីតំណាក់កាលពីឆ្នាំ២០២៤ ដល់ឆ្នាំ២០៣០ ឱ្យមានជម្រៅទឹករហូតដល់ ១៧,៥០មែត្រ ធ្វើឱ្យនាវាដែលធ្វើចរាចរណ៍ លើសកលលោកចូលចតបាន រីឯផ្លូវគោក មានផ្លូវជាតិលេខ៣ លេខ៤ ផ្លូវល្បឿនលឿន និងផ្លូវដែក ក្នុងនោះផ្លូវអាកាស មានព្រលានយន្តហោះអន្តរជាតិ មានផ្លូវរត់ ៣.៣០០ម៉ែត្រ និងមានកោះតូច/ធំ ៣២ និងតំបន់សេដ្ឋកិច្ចពិសេសចំនួន៥ សក្តានុពលទាំងអស់នេះ ជួយរុញច្រានខេត្តព្រះសីហនុ ជាតំបន់ពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម និងទេសចរណ៍ ជាពិសេសទាក់ទាញអ្នកវិនិយោគ និងទេសចរណ៍មកកាន់ខេត្តព្រះសីហនុ ចំពោះវិស័យច្បាប់ រដ្ឋបាលខេត្តប្រកាន់យ៉ាងខ្ចប់ខ្ជួនធ្វើការដោះស្រាយតាមយន្តការច្បាប់ លិខិតបទដ្ឋានគតិយុត្តិនានាទទួលបានលទ្ធផលគួរជាទីមោទករ ធ្វើឱ្យប្រជាពលរដ្ឋ និងអ្នកវិនិយោគទទួលយក ព្រមទាំងមកបណ្តាក់ទុនវិនិយោគមានការកើនឡើងជាបន្តបន្ទាប់។

ឯកឧត្តម អង្គ វង្សវឌ្ឍានា ប្រធានគណៈកម្មការ (គណៈកម្មការទី៦ )នៃរដ្ឋសភា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសេចក្តីរាយការណ៍របស់ឯកឧត្តម អភិបាលខេត្តព្រះសីហនុ ក្នុងការបញ្ជារដឹកនាំខេត្តព្រះសីហនុ មានសន្តិសុខ សុវត្ថិភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យនាពេលបច្ចុប្បន្ន និងទៅអនាគត ។ ឯកឧត្តម បានបន្តថា វត្តមានរបស់គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា នាពេលនេះមានគោលបំណង ដើម្បីឈ្វេងយល់ពីប្រសិទ្ធភាព នៃការងារអនុវត្តន៍ច្បាប់ ការអនុវត្តកម្មវិធីនយោបាយ និង យុទ្ធសាស្ត្របញ្ចកោណតំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ព្រមទាំងបញ្ហាប្រឈមនានាក្នុងការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌ ដែលពាក់ព័ន្ធ និងសមត្ថកិច្ចរបស់គណ:កម្មការទី៦ នៃរដ្ឋសភា ជាមួយរដ្ឋបាលខេត្តព្រះសីហនុ ក្នុងការដាក់បញ្ចូលក្នុងផែនការសកម្មភាព ដើម្បីអនុវត្តបន្តឱ្យកាន់តែមានប្រសិទ្ធិភាព និងប្រសិទ្ធិផលខ្ពស់បន្ថែមទៀត នាពេលខាងមុខ៕