ឯកឧត្តម ម៉ាង ស៊ីណេត ជួបពិភាក្សាការងារជាមួយលោកជំទាវ អាប៊ីហ្គែល ហ្វ្រាយអី ឯកអគ្គរាជទូតរង នៃស្ថានទូតអង់គ្លេស និងអៀឡង់ខាងជើង ប្រចាំព្រះរាជាណាចក្រកម្ពុជា

ឯកឧត្តម ម៉ាង ស៊ីណេត ជួបពិភាក្សាការងារជាមួយលោកជំទាវ អាប៊ីហ្គែល ហ្វ្រាយអី ឯកអគ្គរាជទូតរង នៃស្ថានទូតអង់គ្លេស និងអៀឡង់ខាងជើង ប្រចាំព្រះរាជាណាចក្រកម្ពុជា
……………………
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណ: អភិបាលខេត្តព្រះសីហនុ ទទួលជំនួបសម្តែងការគួសម និងពិភាក្សាការងារជាមួយលោកជំទាវ អាប៊ីហ្គែល ហ្វ្រាយអី ឯកអគ្គរាជទូតរង នៃស្ថានទូតអង់គ្លេស និងអៀឡង់ខាងជើង ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅសាលាខេត្តព្រះសីហនុ រសៀលថ្ងៃអង្គារទី២៨ ខែតុលា ឆ្នាំ២០២៥ ។
ឯកឧត្តម អភិបាលខេត្តព្រះសីហនុ បានស្វាគមន៍វត្តមានលោកជំទាវ និងប្រតិភូបានមក ដល់ខេត្តព្រះសីហនុ និងបានជំរាបជូនពីសក្តានុពលភូមិសាស្ត្រ វិទ្យាសាស្ត្ររបស់ខេត្តព្រះសីហនុ ដែលជាខេត្តគោលដៅពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម និងទេសចរណ៍ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដោយចែកជា ៤ហ្សូន ទី១.តំបន់ឧស្សាហកម្ម និងភស្តុភាកម្ម ២.តំបន់ទីក្រុងសមាហរណកម្ម ៣.តំបន់ទេសចរណ៍ធម្មជាតិ ៤.តំបន់កសិកម្ម ដើម្បីអនុវត្តការប្រែក្លាយខេត្តព្រះសីហនុ រាជរដ្ឋាភិបាល បានរៀបចំផែនការយុទ្ធសាស្ត្រដូចជា ជំរុញការតភ្ជាប់ផ្លូវគមនាគមន៍ផ្លូវគោក និងការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងខេត្តព្រះសីហនុ និងការដាំដើមឈើឪ្យក្លាយជាទីក្រុងបៃតង Smart City ទន្ទឹមនោះយើងបានសាងសង់រូបសំណាកតំណាងអំពីវប្បធម៌ និងអរិយ្យធម៌ខ្មែរ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញគោល នយោបាយជំរុញការវិនិយោគនៅខេត្តព្រះសីហនុ ដោយទទួលបាននូវអត្ថប្រយោជន៍ដូចជា ១.សម្រួលបែបបទ និងឯកសារ ២.ការលើកលែងព័ន្ធ ជាដើម ហើយគោល នយោបាយជំរុញការវិនិយោគនេះ គឺមានតែខេត្តព្រះសីហនុមួយតែប៉ុណ្ណោះ ។
ឯកឧត្តម អភិបាលខេត្ត ក៏បានថ្លែងអំណរ គុណរដ្ឋាភិបាលអង់គ្លេសដែលបានជួយកម្ពុជា ផ្នែកពាណិជ្ជកម្មលេខរៀងទី១០ និងដោយ ឡែកសម្រាប់ភ្ញៀវទេសចរ ជនជាតិអង់គ្លេស មកកាន់ខេត្តព្រះសីះនុមានចំណាត់ ថ្នាក់លេខ៦ ក្នុងចំណោមភ្ញៀវទេសចរទាំង ១០ ប្រទេស ដែលមានភ្ញៀវចំនួន ១១ ៩១១នាក់ មានការកើនឡើង ២០៦ភាគរយ បើធៀប រយៈពេល ៩ខែដូចគ្នា ឆ្នាំ២០២៤ ទន្ទឹមនោះ អង់គ្លេសបានជួយកម្ពុជា នូវជំនួយមនុស្សធម៌ ជំនួយសង្គមជាច្រើនផ្នែកទៀត។ កិច្ចសហប្រតិបត្តិការក្នុងខេត្តព្រះសីហនុ ជាមួយចក្រភពអង់គ្លេសបានជួយដល់អង្គការអភិរក្សផ្កាថ្ម និងតំបន់ការពារសមុទ្រក្រុងកោះរ៉ុង ជួយលើការងារគម្រោងស្តីពីៈ ការគាំទ្រជំនួយបច្ចេកទេសសម្រាប់ការអភិរក្សឧទ្យានជាតិសមុទ្រ ដែលទីតាំងអនុវត្តគម្រោងស្ថិតក្នុងខេត្តកោះ កុង កំពត កែប និងខេត្តព្រះសីហនុ។ គម្រោងនេះចាប់ផ្តើមអនុវត្តពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦ ក្រោមជំនួយជាទឹកប្រាក់ប្រមាណ ១៩៩,៩០៤ដុល្លារផោន។ ក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្ត ក៏បានធ្វើការសំណូមពរដល់លោកជំទាវឯកអគ្គរាជទូតរងស្ថានទូតអង់គ្លេស ជួយផ្សព្វផ្សាយតំបន់ទេសចរណ៍ និងជួយជំរុញអ្នកវិនិយោគអង់គ្លេស មកកាន់កម្ពុជា ជាពិសេសមកកាន់ខេត្តព្រះសីហនុ ។
លោកជំទាវ អាប៊ីហ្គែល ហ្វ្រាយអី ឯកអគ្គរាជទូតរង នៃស្ថានទូតអង់គ្លេស និងអៀឡង់ខាងជើងប្រចាំព្រះរាជាណា ចក្រកម្ពុជា បានជំរាបជូនថា ១០ឆ្នាំមុន លោកស្រីបានមកប្រទេសកម្ពុជា ម្រង ហើយថ្ងៃនេះបានមក ដល់ខេត្តព្រះសីហនុ ឃើញមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ម្យ៉ាងទៀត ប្រជាពលរដ្ឋកម្ពុជា មានភាព រូសរាយរាក់ទាក់ ហើយរយៈពេល ២សប្តាហ៍ទៀត លោកស្រី មានគោលបំណងទៅលេងតំបន់កោះផងដែរ ព្រមទាំងបានថ្លែងអំណគុណអាជ្ញាធរខេត្តព្រះសីហនុ ដែលបានស្វាគមន៍ ប្រតិភូរបស់លោកជំទាវនាពេលនេះ ក្នុងគោលបំណង នៃដំណើរទស្សនកិច្ច ដើម្បីសិក្សាស្វែងយល់ពីសក្តានុពល និងផែនការអភិវឌ្ឍន៍របស់ខេត្តព្រះសីហនុ រួមទាំងការងារផ្នែកវិនិយោគ ពាណិជ្ជកម្ម ហេដ្ឋារចនាសម្ព័ន្ធ និងទេសចរណ៍ព្រមទាំងស្វែងយល់បន្ថែមទៀតអំពីស្ថានភាពសន្តិសុខ និងសុវត្ថិភាពនៅក្នុងខេត្តព្រះសីហនុ ។