ឯកឧត្តមអគ្គ-បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំ គ.ស.ហ ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាង “យុទ្ធសាស្ត្រ នៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈ បច្ចុប្បន្នកម្ម ឆ្នាំ ២០២៥-២០២៨”
ឯកឧត្តមអគ្គ-បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំ គ.ស.ហ ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាង “យុទ្ធសាស្ត្រ នៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈ បច្ចុប្បន្នកម្ម ឆ្នាំ ២០២៥-២០២៨”
នាព្រឹកថ្ងៃទី ២៨ ខែ តុលា ឆ្នាំ២០២៥, នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គ-បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ(គ.ស.ហ) បានដឹកនាំកិច្ចប្រជុំ គ.ស.ហ ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាង “យុទ្ធសាស្ត្រ នៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈ បច្ចុប្បន្នកម្ម ឆ្នាំ ២០២៥-២០២៨” មុននឹងដាក់ “សេចក្តីព្រាងយុទ្ធសាស្ត្រ” ជូនរាជរដ្ឋាភិបាលអនុម័តជា ផ្លូវការនាពេលខាងមុខ។ កិច្ច-ប្រជុំមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធដែលជាសមាជិក គ.ស.ហ ។
ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (PFM) ដំណាក់កាលទី ៤, “គណនេយ្យភាពសមិទ្ធកម្ម”, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំបញ្ចប់រួច រាល់ នូវសេចក្តីព្រាងឯកសារ«យុទ្ធសាស្ត្រនៃការកែ-ទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈ បច្ចុប្បន្នកម្ម ឆ្នាំ ២០២៥-២០២៨» ។ ក្នុងគោលដៅកែទម្រង់ប្រព័ន្ធលទ្ធកម្មសា-ធារណៈ “សេចក្តីព្រាងយុទ្ធសាស្ត្រ” នេះ ត្រូវបានរៀបចំឡើងដោយផ្អែកលើមូលដ្ឋានចំនួន ៣ រួមមាន៖
១.ផែនការសកម្មភាពរួមដំណាក់កាលទី ៤(CAP-4) បច្ចុប្បន្នកម្មនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឆ្នាំ២០២៥-២០២៧,
២.យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកា បច្ចុប្បន្នកម្មឆ្នាំ២០២៥-២០២៨, និង
៣.ច្បាប់ស្តីពីលទ្ធកម្មសាធារណៈថ្មីឆ្នាំ២០២៣ ដែលជា សមិទ្ធផលគន្លឹះនៃការអនុវត្តយុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈឆ្នាំ២០១៩-២០២៥ អនុម័តដាក់ឱ្យអនុវត្តដោយរាជរដ្ឋាភិបាលកាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ ។
ជារួម, ដោយរក្សានូវទិសដៅ ដូចយុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈឆ្នាំ ២០១៩-២០២៥ ដដែល, «យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈ បច្ចុប្បន្នកម្ម ឆ្នាំ២០២៥-២០២៨» នេះ រៀបចំឡើងដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមពាក់ព័ន្ធលទ្ធកម្មសាធារណៈ ដែលតម្រូវឱ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួង ស្ថាប័នពាក់ព័ន្ធរួមគ្នាដោះស្រាយ ក្នុងគោលដៅ ពង្រឹងការគ្រប់គ្រង និងការអនុវត្ត លទ្ធកម្មសាធារណៈនៅកម្ពុជាឱ្យកាន់តែមានតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាពខ្ពស់ ។ “សេចក្តីព្រាងយុទ្ធ-សាស្ត្របច្ចុប្បន្នកម្ម” បានកំណត់គោលដៅយុទ្ធសាស្ត្រនិងផែនទីចង្អុលផ្លូវ ដើម្បីបន្តកែទម្រង់សមាសធាតុគន្លឹះៗនៃប្រព័ន្ធលទ្ធកម្មសាធារណៈ ក្នុងគោលបំណងគឺដើម្បីធ្វើឱ្យប្រព័ន្ធលទ្ធកម្មសាធារណៈ នៅកម្ពុជា “ក្លាយទៅជាប្រព័ន្ធ មួយកាន់តែមានភាពជឿទុកចិត្ត ប្រសិទ្ធភាព ប្រកួតប្រជែង និងសន្សំសំចៃ ព្រមទាំងស្របតាមឧត្តមានុវត្តន៍អន្តរជាតិ” ។ ជាមួយគ្នានេះ, “យុទ្ធសាស្ត្របច្ចុប្បន្នកម្ម” នេះ នឹងរួមចំណែកដល់ការកសាងនិងអនុវត្តប្រព័ន្ធថវិកាសមិទ្ធកម្មឱ្យកាន់តែពេញលក្ខណៈ ស្របតាមស្តង់ដាអន្តរជាតិ លើការពង្រឹងភាពជឿទុកចិត្តនៃថវិកា, ការពង្រឹងគណនេយ្យភាពហិរញ្ញវត្ថុ, ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ, និងជាពិសេសជំរុញការកសាងក្របខ័ណ្ឌគណនេយ្យភាពសមិទ្ធកម្ម នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។
ជាទីបញ្ចប់, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្នឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សេដ្ឋ-កិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានវាយតម្លៃខ្ពស់ចំពោះការចូលរួមផ្ដល់មតិយោបល់ និងការបង្ហាញនូវការប្ដេជ្ញា និងឆន្ទៈខ្ពស់ពីសំណាក់ក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងការគាំទ្រ និងការចូលរួមអនុវត្តកម្មវិធីកែទម្រង់នានារបស់រាជរដ្ឋាភិបាល ជាពិសេសកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ រួមចំណែកដើម្បីសម្រេចបាននូវគោលបំណង និងគោលដៅកំណត់ក្នុង “សេចក្តីព្រាងយុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈ បច្ចុប្បន្នកម្ម ឆ្នាំ ២០២៥-២០២៨” នេះ ។




