សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ជួបពិភាក្សាការងារក្នុងពេលអាហារពេលល្ងាចជាមួយ ប្រធានក្រុមមិត្តភាពរដ្ឋសភាហុងគ្រី-កម្ពុជា

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារក្នុងពេលអាហារពេលល្ងាចជាមួយ ឯកឧត្តម ហ្សូលតាន់ វ៉ាចដា (Zoltán VAJDA) ប្រធានក្រុមមិត្តភាពរដ្ឋសភាហុងគ្រី-កម្ពុជា នៅរាត្រីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥។

ឯកឧត្តម ហ្សូលតាន់ វ៉ាចដា បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដំណើរទស្សនកិច្ចផ្លូវការ និងមិត្តភាពរបស់សម្តេចប្រធានរដ្ឋសភាមកកាន់ប្រទេសហុងគ្រី។ វត្តមានរបស់ សម្តេចប្រធានរដ្ឋសភា នៅប្រទេសហុងគ្រី ជាទំព័រប្រវត្តិសាស្រ្តថ្មីមួយក្នុងការលើកម្ពស់កិច្ចសហប្រតិបត្តិការប្រទេសទំាងពីរឱ្យកាន់តែរឹងមាំឡើង។ ជាមួយគ្នានេះ ឯកឧត្តមប្រធានក្រុមមិត្តភាពរដ្ឋសភាហុងគ្រី-កម្ពុជា បានចូលរួមអបសារទរកិច្ចព្រមព្រៀងសន្តិភាពដែលប្រទេសកម្ពុជា និងថៃបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ផងដែរ។

នៅក្នុងឱកាសនោះពិភាក្សាការងារនៅលើកប៉ាល់ តាមដងទន្លេដានូប ក្នុងរដ្ឋធានីប៊ុយដាប៉េស នៃប្រទេសហុងគ្រីនេះ សម្តេចប្រធានរដ្ឋភា បានលើកឡើងថា នៅពេលដែលគណៈប្រតិភូរដ្ឋសភាកម្ពុជា បានទទួលទានអាហារដ៏មានឱជារសនៅលើកប៉ាល់តាមដងទន្លេដានូបនេះ ធ្វើឱ្យសម្តេចនឹកឃើញដល់ទន្លេមេគង្គ នៃរាជធានីភ្នំពេញ ដែលមានលក្ខណៈស្រដៀងគ្នា និងជាប្រភពដ៏សំខាន់នៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា និងប្រជាពលរដ្ឋក្នុងតំបន់អាស៊ី។ សម្តេចបានគូសបញ្ជាក់ថា សម្តេចបានរំលឹកឡើងវិញនូវលទ្ធផលដ៏សំខាន់មួយ ស្តែងចេញពីកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ (ASEP 11) ចុងឆ្នាំ២០២១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ។ កិច្ចប្រជុំនោះបានដាក់ចេញនូវសេចក្តីថ្លែងការណ៍មួយ ដែលក្នុងនោះមាន គំនិតផ្តួចផ្តើមនៃកិច្ចសហប្រតិបត្តិការរវាងទន្លេដានូប និងទន្លេមេគង្គ។ គំនិតផ្តួចផ្តើមនេះ ជានិមិត្តរូបនៃកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្ម និងដ៏មានតម្លៃ ក្នុងការតភ្ជាប់តំបន់ រវាងតំបន់អាស៊ី និងតំបន់អឺរ៉ុប។
“យើងគួរតែខិតខំស្តារឡើងវិញនូវអរិយធម៌ដ៏សម្បូរបែបទាំងនេះ ដើម្បីតភ្ជាប់អរិយធម៌របស់យើងឱ្យមានភាពស៊ីជម្រៅថែមទៀត ដើម្បីបន្តកសាងសហថាមវន្ត សំដៅរួមចំណែកក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទាំងក្នុងតំបន់ និងអន្តរតំបន់ ព្រមទាំងជំរុញការយល់ដឹងពីគ្នាទៅវិញទៅមកឱ្យកាន់តែល្អប្រសើរផងដែរ” នេះជាការគូសបញ្ជាក់របស់សម្តេចប្រធានរដ្ឋសភា។

សម្តេចប្រធានរដ្ឋសភា និងសមាជិកគណៈប្រតិភូដទៃទៀត និងឯកឧត្តម ហ្សូលតាន់ វ៉ាចដា ព្រមទំាងសហការី បានពិភាក្សាគ្នាដោយបើកចំហរ ការជឿជាក់ និងផ្តល់តម្លៃឱ្យគ្នាទៅវិញទៅមក លើបញ្ហាអន្តរជាតិ នយោបាយ សន្តិភាព ពិសេសការចែករំលែកការងាររដ្ឋសភា ដែលជាស្ថាប័នតំណាងឱ្យពលរដ្ឋជាមួយគ្នាទៅវិញទៅមក ដើម្បីធ្វើយ៉ាងណាឱ្យការងាររដ្ឋសភាប្រទេសនីមួយៗ បម្រើពលរដ្ឋកាន់តែសកម្ម មានប្រសិទ្ធភាព និងឆ្លើយតបបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ៕