ឯកឧត្តមរដ្ឋមន្រ្តី ចាយ បូរិន ទទួលជួបស្វាគមន៍ អនុរដ្ឋមន្ត្រី និងជានាយករងទីស្តីការនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងឱកាសអញ្ជើញចូលរួម កិច្ចប្រជុំកំពូលព្រះពុទ្ធសាសនា កម្ពុជា ឡាវ វៀតណាម លើកទី៣ នារាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា

ឯកឧត្តមរដ្ឋមន្រ្តី ចាយ បូរិន ទទួលជួបស្វាគមន៍ អនុរដ្ឋមន្ត្រី និងជានាយករងទីស្តីការនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងឱកាសអញ្ជើញចូលរួម កិច្ចប្រជុំកំពូលព្រះពុទ្ធសាសនា កម្ពុជា ឡាវ វៀតណាម លើកទី៣ នារាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា

………………………

បន្ទាប់ពីទទួលសំណេះសំណាលជាមួយគណៈប្រតិភូវៀតណាម   ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អញ្ជើញបន្តទទួលជួបសំណេះសំណាលជាមួយ ឯកឧត្តមបណ្ឌិត   ខឿងខឹម កែវនូចាន់ (H.E. Dr. Kheungkham Keonuchan) អនុរដ្ឋមន្ត្រី និងជានាយករងទីស្តីការនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងព្រះតេជគុណ ថាវ័ន តៈផនប៉ាក់សឺត (Most Venerable ThavoneTaphonepaseuth) ជំនួយការព្រះប្រធានស្តីទីសមាគមព្រះពុទ្ធសាសនាមជ្ឈិម  នៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិត ព្រមទាំងគណៈប្រតិភូព្រះមន្រ្តីសង្ឃឡាវ ក្នុងឱកាសអញ្ជើញចូលរួម កិច្ចប្រជុំកំពូលព្រះពុទ្ធសាសនា កម្ពុជា ឡាវ វៀតណាម លើកទី៣ ក្រោមប្រធានបទ “សុខដុមនីយកម្មព្រះពុទ្ធសាសនាដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រកបដោយចីរភាព” ។

ព្រះតេជគុណ ថាវ័ន តៈផនប៉ាក់សឺត បានមានព្រះថេរដីការថា កិច្ចប្រជុំកំពូលព្រះពុទ្ធសាសនា កម្ពុជា ឡាវ វៀតណាម លើកទី១ បានប្រារព្ធឡើងនៅប្រទេសឡាវ ដោយមានការយាងចូលរួមជាកិត្តិយសដ៏ខ្ពង់ខ្ពស់អំពី សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

ជាកិច្ចស្វាគមន៍ ឯកឧត្តម រដ្ឋមន្រ្តី សម្ដែងនូវការពេញចិត្តយ៉ាងខ្លាំង ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងជាប្រពៃណី ជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង រវាងប្រទេសទាំងពីរ កម្ពុជា-ឡាវ ដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់លើកកម្ពស់ចំណងមិត្តភាព លើគ្រប់បណ្តាប្រទេសជាមិត្ត ដែលបង្ហាញពីមិត្តភាព ដ៏ជិតស្និទ្ធ និងទំនាក់ទំនងដ៏រឹងមាំ ជាប្រពៃណីរវាង ប្រទេស និង ប្រជាជន ពិសេសភាពសុខដុមនីយកម្មនៅវិស័យព្រះពុទ្ធសាសនាផងដែល ។ 

ឯកឧត្តម ចាយ បូរិន សង្ឃឹមថា តាមរយៈ កិច្ចប្រជុំកំពូលព្រះពុទ្ធសាសនា កម្ពុជា ឡាវ វៀតណាម លើកទី៣ ក្រោមប្រធានបទ “សុខដុមនីយកម្មព្រះពុទ្ធសាសនាដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រកបដោយចីរភាព”  នាថ្ងៃស្អែកនេះ នឹងមានការជជែក ពិភាក្សាយ៉ាងផុសផុល ដើម្បីធ្វើឲ្យវិស័យព្រះពុទ្ធសាសនាកាន់តែមានភាពរីកចម្រើន និងភាពសុខដុមនីយកម្មសាសនាកាន់តែទូលំទូលាយ ។

នាឱកាសនេះឯកឧត្តម រដ្ឋមន្រ្តី សូមជូនពរ ដល់ឯកឧត្តម និងគណៈប្រតិភូព្រះមន្រ្តីសង្ឃនៃ នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវទាំងអស់ ទទួលបាននូវសុខសុវត្ថិភាព និងភាពរីករាយក្នុងការស្នាក់នៅបំពេញបេសកកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជានាឱកាសនេះ។

 កិច្ចប្រជុំកំពូលព្រះពុទ្ធសាសនា កម្ពុជា ឡាវ វៀតណាម លើកទី៣ ក្រោមប្រធានបទ “សុខដុមនីយកម្មព្រះពុទ្ធសាសនាដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រកបដោយចីរភាព”  និងប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ ដោយមានគណៈប្រតិភូនិងព្រះមន្រ្តីសង្ឃជាន់ខ្ពស់មកពីប្រទេសឡាវ និងវៀតណាម អញ្ជើញចូលរួម។ 

សូមជម្រាបជូនថា កិច្ចប្រជុំកំពូលព្រះពុទ្ធសាសនា កម្ពុជា ឡាវ វៀតណាម នេះ មានការប្រារព្ធធ្វើឡើងរយៈពេល២ឆ្នាំម្តង  ដោយកិច្ចប្រជុំកំពូលព្រះពុទ្ធសាសនា កម្ពុជា ឡាវ វៀតណាម លើកទី១ បានប្រារព្ធធ្វើនៅប្រទេសឡាវ លើកទី២នៅប្រទេសវៀតណាម និង  នៅឆ្នាំ២០២៥នេះ ជាវេនរបស់ព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ ៕