ឯកឧត្តម ហែម វណ្ណឌី៖ នៅឆ្នាំ២០២៥នេះ ទីផ្សារយានយន្តនៅកម្ពុជាកំពុងការមានរីកចម្រើនយ៉ាងខ្លាំង និងដំណើរការយ៉ាងស្វាហាប់ ដែលជំរុញកំណើនទីផ្សារនូវភាពសម្បូរបែប ដែលក្នុងនោះឃើញមាន ការកើនឡើងនៃចំណាប់អារម្មណ៍លើរថយន្តអគ្គិសនីផងដែរ។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នៅព្រឹកថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការគម្រោងវិទ្យាស្ថានបច្ចេកវិទ្យាយានយន្ត និងឧស្សាហកម្មថាមពលថ្មីនៅកម្ពុជា។ 

តាមសុន្ទរកថាស្វាគមន៍របស់លោក សុខ ចន្ទ្រា ជាបុគ្គលិកតំណាងក្រុមហ៊ុន GTV MOTOR CAMBODIA បានគូស បញ្ជាក់ថា ថ្ងៃនេះជាថ្ងៃដ៏សំខាន់ជាប្រវត្តិសាស្ត្រ ដែលយើងបានជួបជុំគ្នាដើម្បីអបអរសាទរការបង្កើតជាផ្លូវការនូវ វិទ្យាស្ថានបច្ចេកវិទ្យាយានយន្តថាមពលថ្មី និងឧស្សាហកម្ម (NEVITI)។នេះមិនមែនគ្រាន់តែជាការបើកសម្ពោធវិទ្យាស្ថានស្រាវជ្រាវមួយប៉ុណ្ណោះ ទេ តែជានិមិត្តរូបនៃជំហានដ៏ម៉ឺងម៉ាត់របស់កម្ពុជាឆ្ពោះទៅរកការធ្វើទំនើបកម្មឧស្សាហកម្ម និងយុគសម័យយានយន្តថាមពលថ្មី។ លោកបានបញ្ជាក់ថា ចំពេលដែលពិភពលោកកំពុងផ្លាស់ប្តូរទៅរកការប្រើប្រាស់រថយន្តអគ្គិសនី GTV MOTOR កំពុងឆ្ពោះទៅមុខដោយការតាំងចិត្ត។ គិតត្រឹមដំណាច់ចុងឆ្នាំនេះ យើងនឹងដាក់ឱ្យដំណើរការម៉ូដែលយាន យន្តថាមពលថ្មីចំនួនប្រាំ (៥) រួមទាំងប្រភេទ Plug-in Hybrid និងអគ្គិសនីសុទ្ឋ ដែលអនុលោមតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្តនិងអេឡិចត្រូនិចកម្ពុជា។

បន្ទាប់ពីមតិចំណាប់អារម្មណ៍របស់លោកសាស្ត្រាចារ្យ KANG Qian ដែលជាប្រធានក្រុមប្រឹក្សានៃសាកលវិទ្យាល័យ បច្ចេកវិទ្យាឆុងឈីង និងសន្ទរថាស្វាគមន៍របស់ឯកឧត្ដម ប៊ុន ភារិន នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា រួមនិងការធ្វើបទបង្ហាញរបស់លោកបណ្ឌិតសាស្ត្រាចារ្យ  Chenguang Lai ដែលជានាយកសាកលវិទ្យាល័យបច្ចេកវិទ្យាឆុងឈីង រួចមក

ឯកឧត្តម ហែម វណ្ណឌី បានមានប្រសាសន៍ថា ការខិតខំប្រឹងប្រែងបង្កើតឱ្យមានគម្រោងវិទ្យាស្ថានបច្ចេកវិទ្យាយានយន្ត និងឧស្សាហកម្មថាមពលថ្មីនៅកម្ពុជានេះឡើង គឺជាកត្តាចូល រួមចំណែកដ៏សំខាន់ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលបានកំណត់យកអាទិភាពគន្លឹះចំនួន៥៖ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» និងក៏ជាទឡ្ហីករណ៍សំខាន់ក្នុងការឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្មទី៤ ក្នុងការចាប់យកនវានុវត្តន៍ និងបច្ចេកវិទ្យា ការកាត់បន្ថយការបំភាយកាបូន ព្រមជាមួយតម្រូវការនៃការលើកកម្ពស់ផលិតភាព និងពិពិធកម្មសេដ្ឋកិច្ច ដែលជាគ្រឹះជំរុញឱ្យសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ បន្ថែមពីនេះទៀត គម្រោងវិទ្យាស្ថាននេះ ក៏ជាចំណែកឈានទៅបំពេញបានយុទ្ធសាស្ត្រនៃប្រជាជាតិទាំងពីរ គឺសហគមន៍កម្ពុជា-ចិន មានអនាគតរួមគ្នា និងជាគំរូសម្រាប់កិច្ចទំនាក់ទំនងអន្តរជាតិថ្មីមួយផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ប្រទេសកម្ពុជាបច្ចុប្បន្ន មានឧស្សាហកម្មដំឡើងយានយន្តក្នុងស្រុក ចំនួន០៨ រួមមាន ក្រុម ហ៊ុន“Ford, Ssangyong, Hyundai, KIA, Isuzu, Toyota, BYD និង GTV Motor” ។  ក្រុមហ៊ុនតំឡើងម៉ូតូទូទៅមានចំនួន ០២ Honda និង Suzuki , ក្រុមហ៊ុនដំឡើងម៉ូតូអគ្គិសនីចំនួន ០១ គឺក្រុមហ៊ុនVW&C; និង ក្រុមហ៊ុនដំឡើង កង់ បី អគ្គិសនីចំនួន០១  គឺ Onion Mobility។ តាមរយៈផែនការសកម្មភាពគាំទ្រទាំងគោលនយោបាយ យុទ្ធសាស្ត្រ ផែនទីបង្ហាញផ្លូវ ក្នុងការបង្កើនភាពទាក់ទាញសម្រាប់វិនិយោគិន ដែលបច្ចុប្បន្នកម្ពុជាមានលទ្ធភាពក្នុងការផលិតគ្រឿងបង្គុំសាមញ្ញរបស់យានយន្តទូទៅ ដែលក្នុងនោះមានឧស្សាហកម្មផលិតគ្រឿងបង្គុំក្នុងស្រុកផងដែរ។ នៅក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ថា ចំពោះវិស័យយានយន្តអគ្គិសនី រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយជាតិអភិវឌ្ឍវិស័យរថយន្តអគ្គិសនីឆ្នាំ២០២៤-២០៣០ ពិតជាបានតម្រង់ទិសការអភិវឌ្ឍឱ្យចំគោលដៅ និងធានាភាពធន់ក្នុងវិស័យឧស្សាហកម្មកម្មន្តសាលនៅកម្ពុជា ដែលបានគិតគូរដល់ការពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់នៃធាតុផ្សំរួមមាន៖ តួរថយន្ត សំបកកង់ អាគុយ ម៉ាស៊ីន គ្រឿង/បង្គុំ  អេឡិចត្រូនិច និងគ្រឿងបន្លាស់ផ្សេងៗទៀត ដល់ការផ្តល់ហេដ្ឋារចនាសម្ព័ន្ធគាំទ្រ រួមទាំងស្ថានីយថាមពល ថាមពលកកើតឡើងវិញ ការតភ្ជាប់អន្តរវិស័យ ព្រមទាំងការបណ្តុះបណ្តាល យន្តការលើកទឹកចិត្តដើម្បីជំរុញការវិនិយោគ ការអភិវឌ្ឍន៍ ការស្រាវជ្រាវ ការច្នៃប្រឌិតនិងការប្រើប្រាស់រថយន្តអគ្គិសនី។  ឯកឧត្តម ហែម វណ្ណឌី បានមានប្រសាសន៍បញ្ជាក់បន្ថែមថា គោលនយោបាយជាតិ គឺជំរុញការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីរបស់វិស័យយានយន្តអគ្គិសនីប្រកបដោយប្រសិទ្ធភាព និងតាមបច្ចេកវិទ្យាយានយន្តអគ្គិសនី ដែលកំណត់គោលដៅ ឆ្នាំ២០៣០ សម្រេចបានការចុះបញ្ជី៖ រថយន្តប្រភេទ EV សុទ្ធ ចំនួន ៣០.០០០ គ្រឿង ក្នុងនោះរថយន្ត EV សុទ្ធ (private cars) ចំនួន ២៥.០០០ គ្រឿង និងរថយន្ត EVសុទ្ធ សម្រាប់ប្រើក្នុងសកម្មភាពអាជីវកម្ម (commercial cars)  ចំនួន ៥.០០០ គ្រឿង ទោចក្រយានយន្ត EV សុទ្ធ ចំនួន ៧២០.០០០ គ្រឿង និងត្រីចក្រយានយន្ត EV សុទ្ធ ចំនួន ២០.០០០ គ្រឿង។

នៅឆ្នាំ២០២៥នេះ ទីផ្សារយានយន្តនៅកម្ពុជាកំពុងមានការរីកចម្រើនយ៉ាងខ្លាំងនិងដំណើរការយ៉ាងស្វាហាប់ ដែលជំរុញកំណើនទីផ្សារនូវភាពសម្បូរបែប ដែលក្នុងនោះឃើញមាន ការកើនឡើងនៃចំណាប់អារម្មណ៍លើរថយន្តអគ្គិសនីផងដែរ។ នៅក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគាំទ្រការបង្កើត គម្រោងវិទ្យាស្ថានបច្ចេកវិទ្យាយានយន្ត និងឧស្សាហកម្មថាមពលថ្មីនៅកម្ពុជា ដែលនឹងជួយបំពេញហេដ្ឋារចនាសម្ព័ន្ធគាំទ្រការអភិវឌ្ឍវិស័យយាន្តយន្ត និងស្របតាម«គោលនយោបាយជាតិអភិវឌ្ឍវិស័យរថយន្តអគ្គិសនីឆ្នាំ២០២៤២០៣០» ហើយ សង្ឃឹមថានឹងទទួលបានលទ្ធផលល្អសម្រាប់ការអនុវត្តជាក់ស្តែង និងរីកចំរើនទៅអនាគត៕