ឯកឧត្តម ឈិន កេតនា នាំយកអំណោយអន្តរក្រសួងចែកជូនក្រុមគ្រូពេទ្យ និងអ្នកជម្ងឺដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែក សម្ដេចឪ សម្ដេចម៉ែ 

នៅក្នុងទិវាប្រកបដោយសិរីមង្គល នៃព្រះរាជពិធីបុណ្យខួបលើកទី ២១ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានចុះសួរសុខទុក្ខ និងនាំយកអំណោយរួមទាំងថវិកាមួយចំនួនរបស់អន្តរក្រសួង ប្រគល់ជូនក្រុមគ្រូពេទ្យ និងអ្នកជម្ងឺដែលកំពុងសម្រាកព្យាបាល ជាង១៥០នាក់ នៅមន្ទីរពេទ្យបង្អែក សម្ដេចឪ សម្ដេចម៉ែ  ស្ថិតក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២៥។

បន្ទាប់ពីបានស្តាប់នូវរបាយការណ៍សង្ខេបអំពីលទ្ធផលនៃកិច្ចការងាររបស់ លោកវេជ្ជបណ្ឌិត អ៊ុន សុភ័ស្ត ប្រធានមន្ទីពេទ្យសម្ដេចឪ សម្ដេចម៉ែ ជាពិសេសការព្យាបាលជំងឺជូនប្រជាពលរដ្ឋទទួលបាននូវលទ្ធផលគួរជាទីមោទនៈបំផុតសម្រាប់មន្ទីរពេទ្យបង្អែក សម្ដេចឪ សម្ដេចម៉ែរួចមក ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ព្រះរាជពិធីបុណ្យខួបលើកទី២១ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ ថ្វាយ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ ក្នុងទម្រង់ជាមហោឡារិក។

ជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំមន្ត្រីរាជការគ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ននិងរដ្ឋបាលរាជធានី-ខេត្ត ព្រមទាំងប្រជារាស្ត្រទូទាំងប្រទេសតែងតែរៀបចំ ព្រះរាជពិធីបុណ្យគ្រងព្រះបរមសិរីរាជសម្បត្តិ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្របតាមព្រះរាជប្បវេណីពីបុរាណដ៏ថ្កើនថ្កាន និងដើម្បីសម្តែងនូវកតញ្ញូតាធម៌ តបស្នងព្រះមហាករុណាទិគុណដ៏ធំធេង ដែលព្រះអង្គបានលះបង់ ព្រះកាយពល ព្រះបញ្ញាញាណ ក្នុងព្រះរាជកិច្ចដ៏ឧត្តុង្គឧត្តម ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជារាស្ត្រ ជាកូនចៅ ចៅទូតរបស់ព្រះអង្គ ពិសេសលើវិស័យមនុស្សធម៌ អប់រំ សង្គមកិច្ច សុខុមាលភាពទូទៅ និងចូលរួម អបអរសាទរថ្វាយព្រះរាជសព្ទសាធុការពរបវរមហាប្រសើរថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ឈិន កេតនា បញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយកត្តិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្ដេចបានដឹកនាំប្រទេសជាតិឲ្យមានការប្រែប្រួលអភិវឌ្ឍលើគ្រប់វិស័យ ព្រមទាំងបានលើកកម្ពស់ជីវភាពរស់នៅរបស់មន្ត្រីរាជការ បុគ្គលិក កម្មករ និងប្រជាជនទូទាំងប្រទេសប្រកបដោយសេចក្តីសុខក្សេមក្សាន្ត រហូតមកដល់នាយករដ្ឋមន្ត្រីបន្តវេន អាណត្តិទី៧ សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត ដែលបានដឹកនាំរាជរដ្ឋាភិបាលកម្ពុជាបន្តបោះជំហានយ៉ាងស្វាហាប់ និងមោះមុត ក្នុងការស្វះស្វែងរកសន្តិភាព ជាពិសេសការស្វែងរកសន្តិភាពបែបការទូតនៅតំបន់ព្រំដែនកម្ពុជាថៃ ហើយប្រែក្លាយតំបន់ព្រំដែនដែលមានជម្លោះប្រដាប់អាវុធមកជាតំបន់ដែលមានសន្តិភាពបន្តិចម្តងៗ តាមរយៈកិច្ចព្រមព្រៀងសន្តិភាពកម្ពុជាថៃ ដែលបានចុះហត្ថលេខា នៅទីក្រុងកូឡាំពួរ ប្រទេសម៉ាឡេស៊ី និងដំណោះស្រាយបែបការទូតជាច្រើនទៀត ជៀសវាងការប្រើប្រាស់កម្លាំងប្រដាប់អាវុធ ដែលនេះជាជំហររបស់ភាគីកម្ពុជា។

បន្ទាប់អំពីកម្មវិធីសំណេះសំណាងសាកសួរសុខទុក្ខ រួចមក ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី បានចែកជូននូវអំណោយរួមទាំងថវិកាមួយចំនួនរបស់អន្តរក្រសួង ជូនដល់ក្រុមគ្រូពេទ្យ និងអ្នកជម្ងឺដែលកំពុងសម្រាកព្យាបាល និងស្រ្តីដែលទើបសម្រាលកូនរួច នៅមន្ទីរពេទ្យបង្អែក សម្ដេចឪ សម្ដេចម៉ែ សរុបទាំងអស់ជាង១៥០ នាក់  ។ សូមបញ្ជាក់ជូនថាអំណោយដែលចែកជូន ក្នុងម្នាក់ទទួលបាន មី ទឹកដោះគោ ស្ករស ត្រីខកំប៉ុង នំក្រៀម សារុង ក្រមា និងថវិកាមួយចំនួនផងដែរ។