សេចក្តីប្រកាសព័ត៌មាន: អគ្គព្រះរាជអាជ្ញារងអមតុលាការកំពូលកម្ពុជា បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចការងារនៅសាធារណរដ្ឋប្រជាមានិតចិន
មហាអយ្យការអមតុលាការកំពូលនៃព្រះរាជាណាចក្រកម្ពុជា មានសេចក្តីសោមនស្សសូមប្រកាសអំពីការបញ្ចប់ដោយជោគជ័យនៃដំណើរទស្សនកិច្ច ការងារផ្លូវការទៅកាន់សាធារណរដ្ឋប្រជាមានិតចិនរបស់ ឯកឧត្តម ផាន់ វណ្ណរ័ត្ន អគ្គព្រះរាជអាជ្ញារង (Deputy Prosecutor General) ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់មហាអយ្យការប្រជាជនកំពូលចិន (SPP)។ ដំណើរទស្សនកិច្ចនេះ
ត្រូវបានសម្របសម្រួលដោយអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរ ជាតិនៃមហាអយ្យការប្រជាជនកំពូល ដែលបានប្រមូលផ្តុំអ្នកជំនាញផ្នែកអយ្យការមកពីកម្ពុជា និងមីយ៉ាន់ម៉ា និងមានការផ្លាស់ប្តូរបទពិសោធន៍ប្រកបដោយអត្ថន័យ សិក្ខាសាលាជំនាញ និងការចុះទស្សនកិច្ចស្ថាប័ននានានៅតាមខេត្តគួយចូវ (Guizhou) និងក្វាងស៊ី (Guangxi)។
ក្នុងអំឡុងបេសកកម្មនេះ ឯកឧត្តម ផាន់ វណ្ណរ័ត្ន បានធ្វើបទឧទ្ទេសនាមសំខាន់ៗចំនួនពីរគឺ៖ “ប្រព័ន្ធអយ្យការរបស់កម្ពុជា” នៅអយ្យការប្រជាជនខេត្តគួយចូវ, និង “កិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីប្រយុទ្ធប្រឆាំងនឹងបទល្មើសឆបោកតាមប្រព័ន្ធ
ទូរគមនាគមន៍ និងការអនុវត្តជាក់ស្ដែងរបស់កម្ពុជា” នៅបណ្ឌិតសភាជាតិរដ្ឋអាជ្ញាចិនប្រចាំ ខេត្តក្វាងស៊ី។
បទឧទ្ទេសនាមនីមួយៗ មានការចូលរួមពីរដ្ឋអាជ្ញាប្រមាណ ១៥០នាក់ មកពីទូទាំងប្រទេសចិន និងបានបង្កឱ្យមានការជជែកពិភាក្សាយ៉ាងផុសផុល ដោយអ្នកចូលរួមបានលើកឡើងនូវសំនួរប្រកបដោយគតិបណ្ឌិត និងការគិតគូរយ៉ាងស៊ីជម្រៅ។ វគ្គសិក្សាទាំងនេះបានបម្រើជាឱកាសដ៏មានតម្លៃ ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ជាក់ស្តែង និងពង្រឹងចំណងវិជ្ជាជីវៈរវាងស្ថាប័នអយ្យការកម្ពុជា និងចិន។ ការទទួលស្វាគមន៍ដ៏កក់ក្តៅ និងការសម្របសម្រួលប្រកបដោយវិជា្ជជីវៈ
គណៈប្រតិភូកម្ពុជា បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងការសម្របសម្រួលយ៉ាងល្អប្រសើរពី សមភាគីចិន។ ឯកឧត្តម ផាន់ វណ្ណរ័ត្ន បានសម្តែងនូវការកោតសរសើរយ៉ាងស្មោះអស់ពីចិត្តចំពោះប្រធានរដ្ឋអាជ្ញា វ៉ាង យ៉ុងជីន (Wang Yongjin) នៃអយ្យការប្រជាជនខេត្តគួយចូវ ចំពោះភាពជាអ្នកដឹកនាំដ៏ឆ្នើម និងការយកចិត្តទុកដាក់យ៉ាងល្អិតល្អន់ ជាពិសេសក្នុងការរៀបចំកម្មវិធីដែលមានតុល្យភាពល្អ ដែលបានរួមបញ្ចូលគ្នានូវការផ្លាស់ប្ដូរជំនាញវិជ្ជាជីវៈជាមួយនឹងការលើកកម្ពស់វប្បធម៌ រួមទាំងការណែនាំដោយយកចិត្តទុកដាក់នូវមុខម្ហូបក្នុងស្រុកដ៏ល្អបំផុត និងទំនៀមទម្លាប់របស់ខេត្តគួយចូវ។
ឯកឧត្តមក៏បានសម្តែងការថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រដល់ លោក លីន ឌីនលី (Lin Dinli), រដ្ឋអាជ្ញារងនៃខេត្តក្វាងស៊ី, ចំពោះបដិសណ្ឋារកិច្ចប្រកបដោយមេត្រីភាព និងការសម្របសម្រួលដ៏ល្អ របស់ឯកឧត្តមក្នុងអំឡុងពេលស្នាក់នៅរបស់គណៈប្រតិភូទាំងមូល ដោយធានានូវការបញ្ចប់សកម្មភាពផ្លូវការទាំងអស់យ៉ាងរលូន និងជោគជ័យ។
ការពង្រឹងកិច្ចសហប្រតិបត្តិការសិក្សា និងស្ថាប័នដំណើរទស្សនកិច្ចនេះ ក៏មានការផ្លាស់ប្តូរចំណេះដឹងកម្រិតខ្ពស់ជាមួយ សាកលវិទ្យាល័យជាតិ សាសន៍ក្វាងស៊ី (Guangxi Minzu University) និង សាលាច្បាប់ចិន-អាស៊ាន (China−ASEAN Law School) ផងដែរ។ ឯកឧត្តម ផាន់ វណ្ណរ័ត្ន បានជួបពិភាក្សាជាមួយ លោកស្រី វ៉ី ស៊ឺជិន (Wei Shizhen), សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិសាសន៍ក្វាងស៊ី, និងលោក ចិន ស៊ីង (Chen Xing), ព្រឹទ្ធបុរសនៃសាលាច្បាប់, ដើម្បីពិភាក្សាអំពីកិច្ចសហការសិក្សាធិការ ការអប់រំផ្នែកច្បាប់ និង ឱកាស សម្រាប់កម្មវិធីរួមគ្នានៅពេលអនាគត។
ក្នុងជំនួបនោះ លោកសាកលវិទ្យាធិការបានសម្តែងនូវបំណងប្រគល់ងារជា សាស្ត្រាចារ្យកិត្តិយសដល់ ឯកឧត្តម ផាន់ វណ្ណរ័ត្ន ដើម្បីទទួលស្គាល់ការចូលរួមចំណែកផ្នែកវិជ្ជាជីវៈ និងកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តមក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការអយ្យការក្នុងតំបន់។ បន្ទាប់ពីដើរទស្ស នានៅបរិវេណសាកលវិទ្យាល័យ ឯកឧត្តម ផាន់ វណ្ណរ័ត្ន បានកោតសរសើរចំពោះការរួមបញ្ចូលគ្នាយ៉ាងគួរឱ្យចាប់អារម្មណ៍នៃបេតិកភណ្ឌវប្បធម៌ និងការអប់រំច្បាប់ទំនើបរបស់សាកលវិទ្យាល័យ និងបានវាយតម្លៃខ្ពស់ចំពោះការលះបង់របស់សាកលវិទ្យាល័យក្នុងការបណ្តុះបណ្តាលអ្នកជំនាញច្បាប់ជំនាន់ក្រោយ។
ជាសក្ខីភាពនៃកិច្ចសហប្រតិបត្តិការអយ្យការរវាងកម្ពុជា-ចិន ដំណើរទស្សនកិច្ចនេះ គឺជាសក្ខីភាពដ៏រឹងមាំមួយនៃមិត្តភាព និងកិច្ចសហប្រតិបត្តិការផ្នែកអយ្យការ ដែលកំពុងរីកចម្រើនរវាងកម្ពុជា និងចិន។ គូសបញ្ជាក់ថាការប្តេជ្ញាចិត្តទៅវិញទៅមកនៃភាគីទាំងពីរក្នុងការបង្កើនកិច្ចសហប្រតិបត្តិការអយ្យការ ការលើកកម្ពស់ការពង្រឹងសមត្ថភាព និងការរួមគ្នាប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។
ឯកឧត្តម ផាន់ វណ្ណរ័ត្ន បានសង្កត់ធ្ងន់ថា ភាពជោគជ័យនៃបេសកកម្មនេះ អាចកើតមានឡើង បានតាមរយៈភាពជាអ្នកដឹកនាំប្រកបដោយចក្ខុវិស័យ និងការសម្របសម្រួលប្រកបដោយប្រសិទ្ធភាព
របស់អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនៃអយ្យការប្រជាជនកំពូលចិន។
សូមបញ្ជាក់ថា ដើម្បីបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយអយ្យការប្រជាជនកំពូលចិន តាមរយៈការផ្លាស់ប្ដូរ បណ្តុះបណ្តាល និងគំនិតផ្ដួចផ្ដើមក្នុងតំបន់បន្ថែមទៀត ដែលមានគោលបំណងជំរុញនីតិរដ្ឋ និង យុត្តិធម៌សម្រាប់ទាំងអស់គ្នា៕



