លោកប្រធានាធិបតី Trump ចាកចេញពីម៉ាឡេស៊ីដោយបន្ត ដំណើរទស្សនកិច្ចនៅជប៉ុន បន្ទាប់ពីបានចូលរួមធ្វើជាសាក្សី ដ៏ពិសេសនៃកិច្ចព្រមព្រៀងសន្តិភាពរបស់សមាជិកអាស៊ាន

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានចាកចេញពីប្រទេសម៉ាឡេស៊ីហើយនៅថ្ងៃចន្ទនេះ បន្ទាប់ពីដំណើរទស្សនកិច្ចមកកាន់ប្រទេសនេះ ដើម្បីធ្វើជាសាក្សីដ៏សំខាន់នៃពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរវាងប្រទេសកម្ពុជា-ថៃ។ លោកប្រធានាធិបតីអាម៉េរិក Trump បានចាកចេញពីទីក្រុងគូឡាឡាំពួរ តាមរយៈយន្តហោះពិសេសសម្រាប់ប្រមុខដឹកនាំកំពូលអាម៉េរិកដែលមានឈ្មោះថា Air Force One និងកំពុងបន្តដំណើររបស់លោកទៅកាន់ប្រទេសជប៉ុន ជាទស្សនកិច្ចមួយទៀតនៅតំបន់អាស៊ី សម្រាប់អាណត្តិទី២របស់លោកដែរ ។ លោក Trump នឹងជួបជាមួយនាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសជប៉ុនគឺ លោកស្រី Sanae Takaichi ជាលើកដំបូងនិងផ្លូវការ អំឡុងពេលដំណើរទស្សនកិច្ចនេះ នៅឯទីក្រុងតូក្យូ បើទោះបីជាមេដឹកនាំទាំងបានមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងកូឡាឡាំពួដូចគ្នាក៏ដោយ។ តាមសារព័ត៌មានក្នុងស្រុកបានឲ្យដឹងថាលោកស្រីនាយករដ្ឋមន្រ្តីជប៉ុន Sanae Takaichi គឺជាសិស្សរបស់អតីតនាយករដ្ឋមន្ត្រីលោក Shinzo Abe ដែលលោក Trump ធ្លាប់បានផ្សារភ្ជាប់ទំនាក់ទំនងជាមួយគ្នាដោយសារតែចំណង់ចំណូលចិត្តរបស់ពួកគេ ដូចគ្នាចំពោះកីឡាវាយកូនហ្គោល។ ហើយក៏វាជាកិច្ចប្រជុំដ៏សំខាន់មួយសម្រាប់លោកស្រី Takaichi ដែរដើម្បីចងរឹតចំណងកិច្ចប្រតិបត្តិការនិងបន្ធូរបន្ថយភាពតានតឹងផ្នែកពាណិជ្ជកម្ម។ សូមបញ្ជាក់ថាវត្តមានរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump មកកាន់ទីក្រុងគូឡាឡាំពួរកាលពីថ្ងៃអាទិត្យនេះ បានធ្វើឲ្យពិភពលោកចាប់អារម្មណ៍ខ្លាំង ដោយលោកបាន មកធ្វើជាសាក្សីនៃពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរវាងប្រទេសថៃ និងប្រទេសកម្ពុជា ដែលមានជម្លោះព្រំដែន។ ក្នុងនោះទៀតសោតប្រទេសម៉ាឡេស៊ី និងសហរដ្ឋអាមេរិក បានធ្វើការជាមួយគ្នាយ៉ាងជិតស្និតដើម្បីធានាបាននូវកិច្ចព្រមព្រៀងបទឈប់បាញ់ឲ្យមានប្រសិទ្ធិភាពរវាងភាគីទាំងពីរ ជាពិសេសក្រោមកិច្ចសម្របសម្រួលនិងខិតខំប្រឹងប្រែងរបស់ប្រធានអាស៊ាន គឺនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Anwar Ibrahim ៕

 

សម្រួលអត្ថបទ៖ សុផារិន្ទ