ប្រធានាធិបតីកូរ៉េខាងត្បូងមកដល់កិច្ចប្រជុំកំពូលអាស៊ាននិងសន្យាចំពោះមុខមេដឹកនាំទាំងអស់ថា៖ កូរ៉េខាងនឹងចូលរួម ប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងករណីឆបោកតាមអ៊ីធើណែត
ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានមកដល់ទីតាំងនៃកិច្ចប្រជុំកំពូលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬ អាស៊ាននៅទីក្រុងកូឡាឡាំពួរហើយនាព្រឹកថ្ងៃចន្ទនេះ។ លោក Lee ត្រូវបានស្វាគមន៍ដោយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim អំឡុងពេលចូលរួមក្នុងកិច្ចប្រជុំកំពូល ដោយលោកបានចូលរួមអបអរសាទរ ចំពោះភាពជោគជ័យនៃការបោះឆ្នោតរបស់លោក Lee កាលពីខែមិថុនា បើទោះបីជាមានភាពយឺតយ៉ាវបន្តិចក្តី។
លោក Ibrahim ក៏បានស្ញើចសរសើរចំពោះទំនាក់ទំនងយូរអង្វែងរវាងអាស៊ាន និងកូរ៉េដែរ ដោយកត់សម្គាល់ថា អគារភ្លោះ Petronas នៅជិតទីតាំងកិច្ចប្រជុំកំពូលនេះត្រូវបានសាងសង់ឡើងដោយមានជំនួយពីក្រុមហ៊ុនកូរ៉េផ្ទាល់តែម្តង។ អំឡុងពេលចូលរួមក្នុងកិច្ចប្រជុំកំពូលនាទីក្រុងកូឡាឡាំពួរ លោក Lee បានជួបជាមួយមេដឹកនាំអាស៊ីអាគ្នេយ៍ជាច្រើនរូបនៅខាងក្រៅកិច្ចប្រជុំមុនពេលចាប់ផ្តើមដែរ ។ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានសន្យានៅថ្ងៃចន្ទនេះទៀតថា កូរ៉េខាងត្បូងនឹងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬ អាស៊ាន ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែននៅតំបន់អាស៊ីអាគ្នេយ៍។ ការអត្ថាធិប្បាយរបស់លោកបានធ្វើឡើងនៅពេលដែលលោក Lee បានចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងកូឡាឡាំពួរ និងចំពេលដែលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីប្រតិបត្តិការឆបោកតាមប្រព័ន្ធអ៊ីនធឺណិត។ លោក Lee បានមានប្រសាសន៍ថា “ទីភ្នាក់ងារប៉ូលីសជាតិកូរ៉េនឹងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយទីភ្នាក់ងារ ASEANAPOL ដើម្បីលុបបំបាត់មជ្ឈមណ្ឌលឧក្រិដ្ឋកម្មដែលបានរៀបចំទាំងនោះ និងធានាថាឧក្រិដ្ឋកម្មឆ្លងដែនលែងអាចត្រូវចាក់ឫសនៅក្នុងតំបន់ទាំងនេះទៀតហើយ។ មិនតែប៉ុណ្ណោះនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះដែរ មេដឹកនាំទាំងអស់ត្រូវបានគេរំពឹងថានឹងជជែកគ្នាផ្តោតសំខាន់លើសន្តិសុខក្នុងតំបន់ ភាពធន់ផ្នែកសេដ្ឋកិច្ច និងជម្លោះដែនសមុទ្រ ជាមួយនឹងពន្ធគយរបស់សហរដ្ឋអាមេរិក និងការផ្លាស់ប្តូរគំរូពាណិជ្ជកម្មសកលដែលកំពុងលេចចេញជាការពិភាក្សាដ៏សំខាន់នានាផងដែរ៕
សម្រួលអត្ថបទ៖ សុផារិន្ទ



