ប្រធានរដ្ឋសភាស្តីទី អញ្ជើញជួបសំណេះសំណាលជាមួយក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ របស់រដ្ឋាភិបាលអូស្រ្តាលីសម្រាប់ឆ្នាំសិក្សា ២០២៥ ចំនួន ៥៥នាក់

និស្សិតជ័យលាភីអាហារូបករណ៍ប្រទេសអូស្រ្តាលី ឧបត្ថម្ភដោយរដ្ឋាភិបាលអូស្រ្តាលី សម្រាប់ឆ្នាំសិក្សា២០២៥ ចំនួន ៥៥នាក់ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ត្រូវបាន ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញាត្តឱ្យចូលជួបសំណេះសំណាល និងផ្តល់អនុសាសន៍ណែនាំមួយចំនួន មុនចេញដំណើរទៅបន្តការសិក្សានៅប្រទេសអូស្រ្តាលី។

លោកស្រី វន ឆយសុនាថ ជ័យលាភីថ្នាក់បណ្ឌិត ជាតំណាងក្រុមនិស្សិតជ័យលាភី បានជម្រាបជូន ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ប្រធានរដ្ឋសភាស្តីទី បានជ្រាបថា ក្នុងឆ្នាំ២០២៥នេះ និស្សិតជ័យលាភីអាហារូបករណ៍អូស្ត្រាលីកម្ពុជា មានសរុបចំនួន ៥៥រូប ក្នុងនោះមាននិស្សិត ៥រូប ទទួលអាហាររូបករណ៍ដៃគូរសហការមេគង្គ-អាស៊ាន (Map) និង ១រូប ទទួលអាហារូបករណ៍ John Allwright Fellowship។ ក្នុងចំណោមនិស្សិតទាំង ៥៥រូប ក្នុងនោះមានស្រី ២៩ រូប (មកពីស្ថាប័នរដ្ឋចំនួន ២០រូប មកពីស្ថាប័នឯកជនចំនួន ១៣រូប និងមកពីអង្គការមិនមែនរដ្ឋភិបាលចំនួន ២២រូប) ដែលនឹងបន្តការសិក្សាលើជំនាញផ្សេងៗ ដូចជ៖ កសិធុរកិច្ច ការគ្រប់គ្រងធនធានព្រៃឈើដោយប្រើប្រាស់បច្ចេកវិទ្យាបកស្រាយរូបភាពផ្កាយរណប គោលនយោបាយសាធារណៈ នវានុវត្តន៍ខ្សែផ្គត់ផ្គង់ វិភាគទិន្នន័យ បរិស្ថាន ច្បាប់ អប់រំ យេនឌ័រជាដើម។ តំណាងក្រុមនិស្សិតជ័យលាភី បានធ្វើការប្តេជ្ញាចិត្តយ៉ាងមុតមាំ គាំទ្រនូវការដឹកនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាតាំងចិត្តថា នឹងខិតខំក្រេបជញ្ជក់ចំណេះដឹង ជំនាញថ្មីៗ ទស្សនទានគន្លឹះ និងរក្សាអត្តសញ្ញាណជាតិ ដ៏ផូរផង់ ជាពិសេស រក្សាទំនាក់ទំនង និងបង្កើនមិត្តភាពល្អយូរអង្វែងបន្ថែមទៀតជាមួយប្រទេសអូស្ត្រាលី និងបណ្តាប្រទេសនានា។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ប្រធានរដ្ឋសភាស្តីទី បាននាំយកនូវផ្តាំផ្ញើសួរ សុខទុក្ខពីសំណាក់សម្តេចមហារដ្ឋសភាធិកាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ជូននិស្សិតជ័យលាភីទាំងអស់ ព្រមទាំងបានបង្ហាញនូវមោទនភាពចំពោះនិស្សិតជ័យលាភីទាំងអស់ ដែលទទួលបានជ័យលាភីអាហារូបករណ៍របស់រដ្ឋាភិបាលអូស្រ្តាលី ដែលជាអាហារូបករណ៍មួយ មានការប្រកួតប្រជែងកម្រិតខ្ពស់ ក្នុងការទៅបន្តការសិក្សានៅតាមបណ្តាសាកលវិទ្យាល័យល្បីៗ នៅប្រទេសអូស្ត្រាលីសម្រាប់ថ្នាក់បណ្ឌិត និងអនុបណ្ឌិត។ ជាមួយគ្នានេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ក៏សំដែងនូវការកោតសេសើរចំពោះលោកស្រី វន ឆយសុនាថ ជ័យលាភីថ្នាក់បណ្ឌិតតែម្នាក់គត់ ក្នុងចំណោមជ័យលាភីទាំង ៥៥រូប ដែលជាមន្ត្រីនៃក្រសួងបរិស្ថាន និងសង្ឃឹមយ៉ាងមុតមាំថា និស្សិតជ័យលាភីទាំងអស់ នឹងជាចំណែកមួយដ៏សំខាន់ ក្នុងការចូលរួមកសាងមូលធនមនុស្ស សម្រាប់អភិវឌ្ឍន៍សង្គមជាតិយើងនាពេលអនាគត។ ទន្ទឹមនេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានចាត់ទុកអាហារូបករណ៍របស់ប្រទេសអូស្ត្រាលី បានផ្តល់បច្ច័យជាវិជ្ជមានយ៉ាងសំខាន់ដល់ប្រទេសកម្ពុជា តាមរយៈការអភិវឌ្ឍធនធានមនុស្ស ពង្រឹងទំនាក់ទំនងទ្វេភាគី និងរួមចំណែកដោយផ្ទាល់ដល់អាទិភាពនៃការអភិវឌ្ឍន៍របស់ប្រទេសនៅស្ទើរគ្រប់វិស័យ។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ក៏បានយកឱកាសនេះ ថ្លែងអំណរគុណនិងដឹងគុណជាខ្លាំងដល់រាជរដ្ឋាភិបាលកម្ពុជា ដែលនៅតែបន្តផ្តោតការយកចិត្តទុកដាក់លើវិស័យអាទិភាពទាំង៥ គឺ មនុស្ស ផ្លូវ ភ្លើង ទឹក និង បច្ចេកវិទ្យា ដូចមានចែងយ៉ាងច្បាស់ នៅក្នុងយុទ្ឋសាស្រ្តបញ្ចកោណតំណាក់កាលទី១ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិសម្រាប់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា៕