ឯកឧត្តម ឃឹង សារ៉ាត់ និងលោកជំទាវ តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត និងលោកជំទាវ នាំយកបច្ច័យ៩៩,៩៩៩,៩០០រៀល វេរប្រគេនដល់ភិក្ខុសង្ឃគង់ក្នុងវត្តសោមុន្នីវ័ន្ត
ជាការពិតណាស់ សន្តិភាពគឺជាកត្តាមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍគ្រប់វិស័យនៅក្នុងសង្គមជាតិមួយ ហើយក៏ជាគ្រឹះដ៏រឹងមាំសម្រាប់ ការរីកចម្រើននៃវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋផងដែរ។ នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដែលបានគូសបញ្ជាក់ពីគុណតម្លៃនៃសន្តិភាព ក្នុងឱកាសដែលឯកឧត្តម និងលោកជំទាវ ឆាយ សាលីន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ បាននាំនូវបច្ច័យសង្កត់ត្រ័យចំនួន៩៩,៩៩៩,៩00រៀល ដើម្បីវេរប្រគេនព្រះភិក្ខុសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងព័ទ្ធសីមាវត្តសោមុន្នីវ័ន្ត ហៅវត្តត្រពាំងបឹង ឋិតក្នុងឃុំរវៀង ស្រុកបាទី ខេត្តតាកែវ កាលពីព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។
ពិធីអង្គកឋិនទានបានប្រារព្ធធ្វើឡើងទៅតាមកន្លងប្រពៃណីព្រះពុទ្ធសាសនា ដោយនៅវេលាល្ងាចថ្ងៃសៅរ៍ ៤កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ បាននិមន្តព្រះសង្ឃសូត្រមន្តចម្រើនព្រះបរិត្តនិងសម្តែងព្រះធម៌ទេសនា លុះព្រឹកឡើងថ្ងៃអាទិត្យ ៥កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ និងលោកជំទាវ ឆាយ សាលីន រួមនិងពុទ្ធបរិស័ទ ដង្ហែអង្គកឋិនទានប្រទាក់សិន៣ជុំព្រះវិហារ វេរប្រគេនព្រះសង្ឃក្រាលគ្រងជាកិច្ចបញ្ជប់នៃកម្មវិធីបុណ្យ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ មានប្រសាសន៍ថា ការចូលរួមប្រារព្ធអង្គកឋិនទានប្រកបដោយសទ្ធាជ្រះថ្លានាពេលនេះបានដោយសារតែប្រទេសរបស់យើងទាំងមូលមានសន្តិភាពពេញលេញទូទាំងប្រទេស ដែលសន្តិភាពនេះ បានផ្តល់នូវឱកាសសម្រាប់ប្រជាពុទ្ធបរិស័ទខ្មែរគ្រប់រូបអាចរស់នៅជួបជុំគ្រួសារ បំពេញការងារ និងប្រកបរបរចិញ្ចឹមជីវិតដោយសុខសុវត្ថិភាព និងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការប្រារព្ធពិធីបុណ្យទាននានាតាមគន្លងប្រពៃណីសាសនា ដោយគ្មានការភ័យខ្លាច ឬព្រួយបារម្ភពីសង្គ្រាម អសន្តិសុខ ដូចដែលប្រទេសជាតិធ្លាប់បានឆ្លងកាត់ក្នុងអតីតកាលដ៏ឈឺចាប់។
ឯកឧត្តម មានប្រសាសន៍បន្ថែមថា សន្តិភាពពេញលេញដែលកម្ពុជាទទួលបានក្រោមនយោបាយឈ្នះ-ឈ្នះ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានក្លាយជាកត្តាចលករដ៏សំខាន់ដែលបើកឱកាសឱ្យប្រជាពុទ្ធបរិស័ទអាចប្រតិបត្តិកាព្វកិច្ចបានយ៉ាងពេញលេញ។ ក្រោមម្លប់សន្តិភាព ប្រជាពលរដ្ឋមានសេរីភាពក្នុងការធ្វើដំណើរទៅកាន់ទីវត្តអារាមនានាទូទាំងប្រទេស ដើម្បើប្រារព្ធពិធីបុណ្យផ្សេងៗ ដូចជា បុណ្យកឋិនទាន បុណ្យភ្ជុំបិណ្ឌ បុណ្យវិសាខបូជា ដោយមិនមានឧបសគ្គរារាំង ឬការភ័យខ្លាចពីគ្រាប់កាំភ្លើង និងការព្រាត់ប្រាស់ទៀតឡើយ។ មិនតែប៉ុណ្ណោះសន្តិភាពបានបើកផ្លូវអោយមានការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង។ នៅពេលដែលពួកគាត់មានចំណូល នោះប្រជាពលរដ្ឋក៏មានលទ្ធភាពធ្វើបុណ្យដាក់ទាន ប្រគេនចង្ហាន់ព្រះសង្ឃ កសាងវត្តអារាម និងចូលរួមក្នុងកម្មវិធីសាសនាផ្សេងៗបានយ៉ាងទូលំទូលាយ។
ឯកឧត្តមបានបញ្ជាក់ទៀតថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាត្រូវបានពិភពលោកទទួលស្គាល់ថាជាប្រទេសមួយដែលមានសុខដុមនីយកម្មសាសនាដ៏ល្អប្រសើរ។ ភាពសុខដុមរមនានេះកើតមានក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាលគ្រប់ជំនាន់ ជាពិសេសរាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានបន្តនូវនយោបាយប្រកបដោយចក្ខុវិស័យនេះវែងឆ្ងាយ។
បច្ច័យសង្កត់ត្រ័យ ដែលកើតចេញពីសទ្ធាដ៏ថ្លៃថ្លា របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងលោកជំទាវ ឆាយ សាលីន តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ រួមនិងប្រជាពុទ្ធបរិស័ទជិតឆ្ងាយ ដើម្បីយកមកវេរប្រគេនភិក្ខុសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងព័ទ្ធសីមា វត្តសោមុន្នីវ័ន្ត ហៅវត្តត្រពាំងបឹងនាពេលនេះមានចំនួន ៩៩,៩៩៩,៩០០រៀល (៩៩លាន ៩៩ម៉ឺន ៩ពាន់ ៩រយរៀល)។ បន្ថែមលើបច្ច័យសង្កត់ត្រ័យនាពេលនោះ ឯកឧត្តម ឃឹង សារ៉ាត់ និងលោកជំទាវ បានធានាលើការចាក់ប្លង់សេដំបូលព្រះវិហារវត្តសោមុន្នីវ័ននេះហើយរួចរាល់នាពេលឆាប់ៗខាងមុខ ដោយគ្រោងចំណាយថវិកាសាងសង់ចំនួនប្រមាណជាង១០ម៉ឺនដុល្លារសហរដ្ឋអាមេរិក។



