រាជធានីភ្នំពេញ ៖ រសៀលថ្ងៃសុក្រ ទី២៤ ខែតុលា ឆ្នាំ២០២៥ ដោយអនុវត្តបទបញ្ជាឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅសាលប្រជុំជាន់ផ្ទាល់ដី អគារសេនាធិការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ទោ ស សំបូរធន មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ ផែនការ ការពារសន្តិសុខ រក្សាសុវត្ថិភាព និងសង្គ្រោះបន្ទាន់ ពិធីបុណ្យខួបអនុស្សាវរីយ៏លើកទី៧២ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៥ និងពិធីជំនួបប្រាស្រ័យមិត្តភាពការពារព្រំដែន កម្ពុជា-វៀតណាម លើកទី២ និងលំហាត់សុខាភិបាលយោធារួមគ្នារវាងកងទ័ពទាំងពីរ។
ពិធីបុណ្យខួបអនុស្សាវរីយ៏លើកទី៧២ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៥ នឹងប្រព្រឹត្តិទៅពីថ្ងៃអាទិត្យ ៤រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ដល់ថ្ងៃអង្គារ ៦រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី០៩-១១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវិមានឯករាជ្យ។ ពិធីនេះនឹងប្រព្រឹត្តិទៅក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រមទាំងវត្តមានដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រះរាជវត្តមាន ព្រះវត្តមានសម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង និងការអញ្ជើញចូលរួមពីប្រមុខរាជរដ្ឋាភិបាល ឥស្សរជនជាន់ខ្ពស់ ថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល អង្គទូត ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ។
ពិធីជំនួបប្រាស្រ័យមិត្តភាពការពារព្រំដែន កម្ពុជា-វៀតណាម លើកទី២ និងលំហាត់សុខាភិបាលយោធារួមគ្នារវាងកងទ័ពទាំងពីរ នឹងប្រព្រឹត្តិទៅពីថ្ងៃទី១៣-១៤ ខែវិច្ឆិកា ឆ្នាំ២០២៥។ ពិធីនេះនឹងប្រព្រឹត្តិទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់រដ្ឋមន្ត្រីក្រសួងការពារប្រទេសទាំងពីរកម្ពុជា-វៀតណាម និងមានព្រឹត្តិការណ៍អមដូចជាពិធីលាបថ្នាំបង្គោលព្រំដែន ការដាំដើមឈើ ការត្រួតពិនិត្យល្បាតព្រំដែនរួម ការធ្វើលំហាត់សុខាភិបាលយោធារួមគ្នារវាងកងទ័ពទាំងពីរកម្ពុជា-វៀតណាម ការពិនិត្យសុខភាព ព្យាបាលជំងឺ និងផ្តល់ថ្នាំពេទ្យដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋនៃប្រទេសទាំងពីរនៅតាមតំបន់ព្រំដែន កម្មវិធីទស្សនកិច្ច ពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់សាលាបឋមសិក្សា សាំង សុណ្ណ និងពិធីជប់លៀងស្វាគមន៍។
កិច្ចប្រជុំផ្សព្វផ្សាយផែនការនេះមានការអញ្ជើញចូលរួមពីសំណាក់នាយសេនាធិការរង ស្នងការ ស្នងការរង មេបញ្ជាការគ្រប់អង្គភាពចំណុះអ.ហ.ផ.ទ និងបានភ្ជាប់វីដេអូ Conference ទៅសាលាកងរាជអាវុធហត្ថទាំង២ និងបញ្ជាការដ្ឋានអ.ហរាជធានី-ខេត្តទាំង២៥ផងដែរ។



