មន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំប្រតិភូអន្តរក្រសួង ចុះត្រួតពិនិត្យកម្រិតគុណភាពផ្លូវបេតុង ៣ ខ្សែ ​នៅ​ស្រុក​ខ្សាច់កណ្ដាល

ខេត្តកណ្តាល ៖ ផ្លូវ​បេតុង​ចំនួន ៣ ខ្សែ ប្រវែង ជាង២គីឡូម៉ែត្រ ស្ថិត​នៅ​ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្តាល ដែល​អនុវត្ត​ដោយ​នាយកដ្ឋាន​វិស្វកម្ម ក្រសួងការពារជាតិ ត្រូវ​បាន​ក្រុម​ការងារ​អន្តរក្រសួង ដឹកនាំ​ដោយ​ឯកឧត្តម​បណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍​ជនបទ និង​ជា​សមាជិក​គណៈកម្មាធិការ​លទ្ធកម្ម ដោយ​មាន​ការ​អញ្ជើញ​ចូលរួម​ពី​តំណាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្ត និង​អ្នក​ពាក់ព័ន្ធ ចុះ​ត្រួតពិនិត្យ និង​វាយតម្លៃ លើ​ការងារ​លើក​កម្រិត​គុណភាព​ផ្លូវ។

ឯកឧត្តម​​បណ្ឌិត នួន ដាញ៉ិល បាន​ឲ្យ​ដឹង​ថា រាជរដ្ឋាភិបាល បាន​និង​កំពុង​ខិតខំ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​លើ​គ្រប់​វិស័យ​ឲ្យ​កាន់តែ​មាន​ភាព​រីកចម្រើន​ទៅមុខ​បន្ថែម​ទៀត ដោយ​បាន​ដាក់​ចេញ​នូវ “​យុទ្ធសាស្ត្រ​បញ្ចកោណ​” ដំណាក់កាល​ទី ១ ដែល​បាន​កំណត់​អាទិភាព​គន្លឹះ ៥ គឺ ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និង​បច្ចេកវិទ្យា​ឌីជីថល ក្រោម​បាវចនា​ដើម្បី​កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង​ចីរភាព ក្នុង​គោលដៅ​អភិវឌ្ឍន៍​ប្រទេស​ឈាន​ឆ្ពោះ​ទៅ​សម្រេច​ចក្ខុវិស័យ “​កម្ពុជា​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ ២០៣០ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ ២០៥០”។

ឯកឧត្តម​​បន្ត​ថា ដើម្បី​បន្ត​ពន្លឿន​កិច្ច​អភិវឌ្ឍន៍ និង​ជំរុញ​ការ​អនុវត្ត​នូវ​យុទ្ធសាស្ត្រ​សំខាន់ៗ របស់​ក្រសួង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត និង​គមនាគមន៍​ជនបទ​ប្រទាក់​ក្រឡា ដោយ​ការ​ខិតខំ​លើក​កម្ពស់​កម្រិត​គុណភាព​ផ្លូវ ពី​ផ្លូវ​ដីស និង​ផ្លូវ​ដី​ល្បាយ​ក្រួស ទៅ​ជា​ផ្លូវ​ក្រាល​កៅស៊ូ​ពីរ​ជាន់ និង​ផ្លូវ​បេតុង។ កែលម្អ​លក្ខខណ្ឌ នៃ​ការ​រស់នៅ​របស់​សហគមន៍​ជនបទ​តាមរយៈ​ការ​ជំរុញ​អត្រា​គ្របដណ្ដប់ នៃ​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត និង​អនាម័យ​ជនបទ ១០០% នៅ​ឆ្នាំ ២០៣០។ ការ​ធ្វើ​ពិពិធ​កម្ម​សកម្មភាព​សេដ្ឋកិច្ច​ជនបទ តាមរយៈ​ការ​បណ្ដុះបណ្ដាល​ជំនាញ​មូលដ្ឋាន បំណិន​ជីវិត ដើម្បី​បង្កើត​ការងារ និង​មុខរបរ ដើម្បី​បង្កើន​ប្រាក់ចំណូល​បន្ថែម ក្នុង​គោលដៅ​លើក​កម្ពស់​ជីវភាព និង​សេដ្ឋកិច្ច​នៅ​ជនបទ​ឲ្យ​មាន​ការ​រីកចម្រើន ជាពិសេស​ការ​ពង្រឹង​តួនាទី ភារកិច្ច​របស់​គណៈកម្មការ​អភិវឌ្ឍន៍​ភូមិ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​ភូមិ​គំរូ។ ការ​ពង្រឹង​ស្ថាប័ន និង​កិច្ចការ តាមរយៈ​បណ្ដុះបណ្ដាល ពង្រឹង​សមត្ថភាព​មន្ត្រី​រាជការ​គ្រប់​លំដាប់ថ្នាក់ ​, ការ​រៀបចំ​សណ្ដាប់ធ្នាប់ និង​ការ​ពង្រឹង​សាមគ្គីភាព ដើម្បី​ចូលរួម​ចំណែក​អនុវត្ត​ការងារ​ប្រកប​ដោយ​ប្រសិទ្ធភាព និង​ការ​ទទួល​ខុស​ត្រូវ៕