តំណាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB) ចូលរួមវេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេចកម្ពុជា ក្រោមប្រធានបទ ការបើកច្រកទីផ្សារទៅកាន់សហភាពអឺរ៉ុប ២០២៥
ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នេះ ឯកឧត្តម ចាន់ សីហា អគ្គនាយករងធនាគារ ARDB រួមនិងសហការីបានអញ្ជើញចូលរួមជាកិត្តិយសក្នុងវេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេចកម្ពុជាក្រោមប្រធានបទ ការបើកច្រកទីផ្សារទៅកាន់សហភាពអឺរ៉ុប ២០២៥ រៀបចំដោយក្រសួងពាណិជ្ជកម្ម សហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចប្រតិបត្តិការអន្តរជាតិ (GIZ)នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ីភ្នំពេញ។
វេទិកានេះ មានការអញ្ជើញចូលរួមជាអធិបតីភាពពី ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ , លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ,ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា, ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា, រួមនិងភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិប្រមាណ៣៧០នាក់។
វេទិកានេះក៏មានការធ្វើបទបង្ហាញពីវាគ្មិនសំខាន់ៗរួមមាន ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម, ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ និងលោក ម៉ៅ ធីរ៉ា អគ្គនាយករង វិទ្យាស្ថានស្តង់ដារកម្ពុជានៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
គួរជម្រាបជូនផងដែរថា វេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេចកម្ពុជាក្រោមប្រធានបទ ការបើកច្រកទីផ្សារទៅកាន់សហភាពអឺរ៉ុប ២០២៥ រៀបចំឡើងដើម្បីប្រមូលផ្តុំភាគីពាក់ព័ន្ធ ជាពិសេសអ្នកផលិត អ្នកកែច្នៃ អ្នកនាំចេញ វិនិយោគិនជាតិ និងអន្តរជាតិ មកចែក រំលែកចំណេះដឹងប្រកបដោយនវានុវត្តន៍ និងស្វែងរកកាលានុវត្តភាពទីផ្សារបន្ថែមទៅកាន់សហភាពអឺរ៉ុប៕



