ក្រសួងការងារនឹងរៀបចំពិព័រណ៍ការងារ និងផលិតភាពជាតិនាដើមខែវិច្ឆិកា ខាងមុខនេះ ដោយនាំយកឱកាសការងារជាង ៣ម៉ឺនកន្លែង

(ភ្នំពេញ)៖ កម្មវិធីពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៥ នឹងរៀបចំឡើងរយៈពេល ២ថ្ងៃ ចាប់ពី ថ្ងៃទី១-២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលពាណិជ្ជកម្ម និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។ ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំនេះនឹងរៀបចំឡើងក្រោមប្រធានបទ «វិថីឆ្ពោះទៅរកផលិតភាព៖ ផ្សារភ្ជាប់ជំនាញ បច្ចេកវិទ្យា និងឱកាសការងារ»។
ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៥ ត្រូវបានសហការរៀបចំឡើង ដោយទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា និងទទួលបានការគាំទ្រដោយអង្គការអន្តរជាតិខាងការងារ (ILO) ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) មូលនិធិអភិវឌ្ឍន៍ជំនាញ(SDF) សមាគមសហគ្រិនវ័យក្មេងកម្ពុជា និងវេសឡាញ អេឌ្យូខេសិន គ្រុប ព្រមទាំងដៃគូពាក់ព័ន្ធជាច្រើនទៀត។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី២២ ខែតុលានេះ ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៥នេះ មានការចូលរួមពីសំណាក់ក្រុមហ៊ុន សហគ្រាស ក្រសួង ស្ថាប័ន និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលចំនួនប្រមាណ ១៥០ ហើយមានស្តង់សរុបជាង ១៨០ ដែលនឹងដាក់តាំងបង្ហាញពីឱកាសការងារយ៉ាងច្រើនសំបូរបែប ដែលនឹងផ្តល់ឱកាសការងាររហូតដល់ជាង ៣ម៉ឺន កន្លែង ដោយក្រសួងរំពឹងថានឹងមានអ្នកចូលរួមប្រមាណជាង ៥ ម៉ឺននាក់។
ឯកឧត្តម អ្នកនាំពាក្យបញ្ជាក់ទៀតថា គោលបំណងសំខាន់ៗនៃព្រឹត្តិការណ៍ដ៏ធំនាពេលនេះ គឺដើម្បីបន្តរក្សាតុល្យភាពក្នុងទីផ្សារការងារតាមរយៈការជួយជ្រោមជ្រែងនិយោជកដែលមានតម្រូវការជ្រើសរើសកម្លាំងពលកម្ម និងអ្នកស្វែងរកការងារ បង្កើតឱ្យមានកន្លែងជួបជុំគ្នាដ៏ធំ និងងាយស្រួលរវាងអ្នកស្វែងរកការងារ និយោជក អ្នកផ្តល់ការអប់រំបណ្ដុះបណ្ដាល និងដៃគូពាក់ព័ន្ធនានា ដើម្បីធ្វើការផ្លាស់ប្ដូរ និងចែករំលែកព័ត៌មានទីផ្សារការងារ ហើយក៏មានការរៀបចំផងដែលនូវសិក្ខាសាលាផលិតភាពដើម្បីលើកកម្ពស់ការយល់ដឹងស្តីពីការបង្កើនផលិតភាពការងារដោយមានការចែករំលែកចំណេះដឹង និងបទពិសោធន៍ពីវាគ្មិនជំនាញជាច្រើន។
លោក សន ប៊ុនមាន ប្រធានលេខាធិការដ្ឋានសហភាពសហពន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានថា ស.ស.យ.ក រាជធានីភ្នំពេញ បានធ្វើជាដៃគូជាមួយនឹង NEA ចាប់តាំងពីពិព័រណ៌ការងារចាប់ផ្តើមជាលើកដំបូងមក ហើយតែងតែជួយផ្សព្វផ្សាយដើម្បីជំរុញឲ្យមានការចូលរួមកាន់តែច្រើនតាមរយៈបណ្តាញ ស.ស.យ.ក. នៅទូទាំងប្រទេសផងដែរ។
លោកចាត់ទុកពិព័រណ៍ការងារនេះ គឺជាឱកាសដ៏ល្អសម្រាប់យុវជនទៅស្វែងរកការងារ និងស្វែងយល់ពីតម្រូវការជំនាញក្នុងទីផ្សារការងារ ហើយលោកក៏បានអំពាវនាដល់យុវជនទាំងអស់ ឲ្យរៀបចំ CV ឲ្យបានច្រើនដើម្បីដាក់ពាក្យ និងសម្ភាសការងារភ្លាមៗនៅក្នុងពិព័រណ៍រយៈពេល ២ថ្ងៃ នេះផងដែរ។
លោក លោក លី តិកហេង តំណាងសមាគម TAFTAC បានសង្កត់ធ្ងន់លើសារៈសំខាន់នៃផលិតភាពការងារនៅក្នុងទីផ្សារការងារនាពេលបច្ចុប្បន្នផងដែរ ដោយលោកបញ្ជាក់ថា ការរៀបចំពិព័រណ៍ការងារនិងផលិតភាពជាតិនេះ គឺមិនអាចមិនគិតពីប្រធានបទផលិតភាពការងារបានទេ ព្រោះក្រុមហ៊ុន រោងចក្រ សហគ្រាសដែលជ្រើសរើសបុគ្គលិកមកធ្វើការ គឺតែងតែយកចិត្តទុកដាក់លើផលិតភាពការងាររបស់បុគ្គលិកខ្លួន។
លោកបន្តថា ពិព័រណ៍ការងារ នឹងមានការរៀបចំជាសិក្ខាសាលាផលិតភាពដែលនឹងផ្តោតលើប្រធានបទ «វិថីឆ្ពោះទៅរកផលិតភាព៖ ផ្សារភ្ជាប់ជំនាញ បច្ចេកវិទ្យា និងឱកាសការងារ»ដែលនឹងមានការចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ជុំវិញប្រធានបទផលិតភាពពីសំណាក់វាគ្មិនជំនាញជាច្រើនរូបផងដែរ។
គួរបញ្ជាក់ផងដែរថា ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៥ ក៏នឹងត្រូវរៀបចំតាមប្រព័ន្ធអនឡាញផងដែរ ដែលអ្នកស្វែងរកការងារធ្វើនៅទូទាំងប្រទេស អាចដាក់ពាក្យស្វែងរកការងារធ្វើតាមប្រព័ន្ធអនឡាញបានតាមរយៈ គេហទំព័រពិព័រណ៌ការងារ https://careerfair.nea.gov.kh/ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈលេខទូរសព្ទ ០១៧ ៤៦៧ ៤២៣ ឬ លេខ Hotline របស់ក្រសួងការងារ ១២៩៧ ឬ ១២៨៦៕