ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រៀបចំអបអរសាទរ ខួបលើកទី២៧ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ក្រោមប្រធានបទ វ័យចាស់ដោយសេចក្ដីថ្លៃថ្នូរ

ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រៀបចំអបអរសាទរ ខួបលើកទី២៧ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ក្រោមប្រធានបទ វ័យចាស់ដោយសេចក្ដីថ្លៃថ្នូរ។
ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានគណៈកម្មាធិការជាតិកម្ពុជា ដើម្បីមនុស្សចាស់ មានប្រសាសន៍ថា មនុស្សវ័យចាស់ ត្រូវបានផ្ដល់នូវក្តីអាណិតស្រឡាញ់ សណ្តោសប្រណី និងយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខ ពីសំណាក់ សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណត។ ឯកឧត្តម ជា សុមេធី បន្តទៀតថា ជារៀងរាល់ឆ្នាំ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តែងតែប្រារព្ធពិធីអបអរសាទរ ទិវាមនុស្សចាស់កម្ពុជា នឹងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលា ក្នុងគោលបំណង លើកកម្ពស់កិច្ចគាំពារដ៏មានប្រសិទ្ធភាព សំដៅលើកស្ទួយសុខុមាលភាពមនុស្សចាស់ ឱ្យកាន់តែប្រសើរឡើង ហើយតាមរយះទិវានេះ ក៏បង្ហាញឱ្យឃើញ អំពីតួនាទីដ៏សំខាន់ របស់មនុស្ស វ័យចាស់និងបុព្វការីជន ក្នុងសង្គមជាតិ។ មនុស្សវ័យចាស់ គឺជាបុព្វការីជន ដែលបានបង្កើតធនធានដ៏មានសារៈប្រយោជន៍ ព្រមទាំងផ្តល់នូវចំណេះដឹង ចំណេះធ្វើ វប្បធម៌ ប្រពៃណី សាសនា ទំនៀមទម្លាប់ និងបទពិសោធយ៉ាងច្រើន ឥតគណនាសម្រាប់មនុស្សជំនាន់ក្រោយ ក្នុងការកសាងគ្រួសារ សហគមន៍ និងសង្គមជាតិ ប្រជាជាតិមានប្រពៃណីវប្បធម៌ល្បីល្បាញដូចសព្វថ្ងៃ ក៏ដូចជា ការផ្សារភ្ជាប់ទៅនឹង មនសិការទទួលខុសត្រូវរបស់មនុស្សចាស់។ លើសពីនេះ មនុស្សវ័យចាស់នៅកម្ពុជា បានទទួលអត្ថប្រយោជន៍ជាច្រើន ពីការអនុវត្តកម្មវិធីការងាររបស់ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួង-ស្ថាប័នពាក់ព័ន្ធ អង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានា តាមរយៈការអនុវត្ត និងការធ្វើបរិយាបន្នកម្មវិធីជាមួយនឹងមនុស្សវ័យចាស់។ មនុស្សវ័យចាស់ ត្រូវបានយកចិត្តទុកដាក់ តាមរយៈការបង្កើត ឱ្យមានសមាគមមនុស្សចាស់នៅតាមឃុំ-សង្កាត់ ចំនួន១,៦៤៦ ដែលមានសមាជិកសរុប ៣០២,៨៥៤នាក់ ដោយមានកម្មវិធីថែទាំ សុខភាព ធនាគារស្រូវ និងបេឡាមរណសង្គ្រោះ សំដៅជួយសម្រួលទុក្ខលំបាក និងជួយគ្នាទៅវិញទៅមកនៅពេលមានធុរៈ។ មនុស្សវ័យចាស់ដែលក្រីក្រគ្មានទីពឹង និងគ្មានទីជម្រកជាច្រើន ក៏ត្រូវបានផ្ដល់ទីជម្រកយ៉ាងសមរម្យតាមរយៈការអនុវត្តគម្រោងនានារបស់ រាជរដ្ឋាភិបាល សមាគមអតីយុទ្ធជន និងនិវត្តជនកម្ពុជា ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន អង្គការដៃគូ និងសម្បុរសជននានា។
តាមរយៈទិវានេះ ឯកឧត្តម សូមសំណូមពរលើកិច្ចការសំខាន់ៗមួយចំនួនដូចជា -បន្តជំរុញរៀបចំទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិថ្ងៃទី១ ខែតុលាជារៀងរាល់ឆ្នាំ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ -បន្តពង្រឹងពង្រីកសមាគមមនុស្សចាស់ នៅតាមសហគមន៍ ឃុំ-សង្កាត់ និងលើកទឹកចិត្តអោយមានការអប់រំបណ្ដុះបណ្តាល បង្កើនចំណេះដឹង អំពីផលប៉ះពាល់ នៃបម្រែបម្រួលអាកាសធាតុ និងការបណ្តុះបណ្តាល ផ្សព្វផ្សាយអំពីការត្រៀមខ្លួនឈានចូលវ័យចាស់ជូនដល់សហគមន៍នៅមូលដ្ឋាន -ផ្តល់ការលើកទឹកចិត្តដល់អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ ជាពិសេស អង្គការមនុស្សចាស់កម្ពុជា និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ដើម្បីបន្តអនុវត្តគម្រោងនានា ក្នុងទិសដៅលើកស្ទួយ សុខមាលភាព និងសកម្មភាពរបស់មនុស្សចាស់នៅតាមសហគមន៍ -ជំរុញនិងលើកទឹកចិត្តដល់អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ និងវិស័យឯកជន ក្នុងការបង្កើតមជ្ឈមណ្ឌលថែទាំមនុស្សចាស់ជរាគ្មានទីពឹង ដើម្បីផ្តល់សេវាថែទាំមនុស្សចាស់ ប្រកបដោយជំនាញវិជ្ជាជីវៈត្រឹមត្រូវ -លើកទឹកចិត្តមនុស្សចាស់សកម្ម ឬមនុស្សចាស់ដែលនៅមានផលិតភាពការងារ នៅមានសុខភាពល្អ ឱ្យបន្តចូលរួមចំណែក តាមរយៈការងារក្នុងប្រព័ន្ធ ការងារគ្មានប្រាក់ឈ្នួល និងការចូលរួមក្នុងសង្គម ។
ក្នុងពិធីនេះដែរ ឯកឧត្តម ជា សុមេធី និងលោកជំទាវ ក៏បានផ្តល់អំណោយជូន លោកតា លោកយាយ ក្នុងម្នាក់ៗទទួលបាន ក្រម៉ា១ និងថវិកា៤០០០០រៀល ជាពិសេស ក៏បានរៀបចំក្រុមគ្រួពេទ្យ មកពិនិត្យព្យាបាលសុខភាពភ្នែក ព្រមទាំងចែកវ៉ែនតា និងឈើច្រក់ ជូន លោកតា លោកយាយ ដែលមកចូលរួម ដោយឥតគិតថ្លៃផងដែរ។