ឯកឧត្តម រដ្ឋមន្រ្តី ចាយ បូរិន ៖ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ត្រូវបានរៀបចំឡើងដោយផ្អែកលើមូលដ្ឋានគ្រឹះដ៏រឹងមាំ នៃសុខសន្តិភាព ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច

ថ្លែងបើកសិក្ខាសាលា ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ស្តីពីការ “ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា” បានលើកឡើងថា ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ត្រូវបានរៀបចំឡើងដោយផ្អែកលើមូលដ្ឋានគ្រឹះដ៏រឹងមាំ នៃសុខសន្តិភាព ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចដែលយើងសម្រេចបានក្នុងរយៈពេលកន្លងមក។
សិក្ខាសាលានេះ បានធ្វើឡើងក្រោមការអញ្ជើចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា និងមន្រ្តីរាជការក្រោមឱវាទ នារសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ នាទីស្តីការក្រសួង។
តាមរយៈរបាយការណ៍របស់ ឯកឧត្តម រស់វណ្ណី អគ្គនាយករដ្ឋបាលនិងហិរញ្ញវត្ថុ ឯកឧត្តម រដ្ឋមន្រ្តី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ត្រឹមត្រូវស្វាហាប់ ប៉ិនប្រសប់ ប្រាកដនិយម របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា សម្រាប់នីតិកាលទី ៧ នៃរដ្ឋសភា បានបន្តសម្រេចបាន នូវសមិទ្ធផលដ៏ធំធេងជាច្រើន ក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ដែលធ្វើឲ្យប្រទេសជាតិយើង ទទួលបាននូវការផ្លាស់ប្តូរមុខមាត់គួរជាទីមោទនៈ សំដៅប្រែក្លាយប្រទេសកម្ពុជា ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ដូចនេះក្រសួងធម្មការនិងសាសនា បានរៀបចំសិក្ខាសាលាដ៏មានសារសំខាន់នេះបានធ្វើឡើង ក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ឲ្យកាន់តែទូលំទូលាយ ក្នុងទិសដៅបន្តជំរុញការចូលរួមអនុវត្តគោលនយោបាយ“លើកកម្ពស់សាសនារបស់រដ្ឋ តម្លៃសីលធម៌សង្គម និងសុខដុមនីយកម្មសាសនា” ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលសម្រាប់ការកសាង និងការការពារមាតុភូមិឆ្នាំ២០២៣-២០២៨ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។ គោលនយោបាយ ខាងលើនេះ ស្ថិតនៅបញ្ចកោណទី១ មុំទី៥: ការពង្រឹងភាពជាពលរដ្ឋក្នុងសង្គម ដែលមានអារ្យធម៌ខ្ពស់ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន។ ក្នុងគោលដៅនេះ រាជរដ្ឋាភិបាល បានដាក់ចេញនូវ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១ ដើម្បី កំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយកំណត់យកនូវ អាទិភាពគន្លឹះ ចំនួន ៥ គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើងនិងបច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាឌីជីថល ដើម្បីលើកកម្ពស់ផលិតភាពសេដ្ឋកិច្ចជាតិ និងជំរុញបរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ច និងសង្គមកម្ពុជា ដែលជាគ្រឹះ និងជាមធ្យោបាយដ៏សំខាន់ ក្នុងការសម្រេចបាន នូវចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ។
ក្នុងន័យនេះ ឯកឧត្តម ចាយ បូរិន បានកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះសកម្មភាពការងារនាពេលកន្លងមក របស់ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់របស់ក្រសួងធម្មការនិងសាសនា ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចការងាររបស់ខ្លួនបានយ៉ាងល្អប្រសើរនាពេលកន្លងមក ។
នាឱកាសនេះ តាមរយៈសិក្ខាសាលាដ៏មានតម្លៃនេះ ឯកឧត្តម រដ្ឋមន្រ្តី ចាយ បូរិន បានផ្តលអនុសាសន៍គន្លឹះចំនួន ៥ ដូចខាងក្រោម ៖
ទី១- អង្គភាពក្រោមឱវាទក្រសួងទាំងអស់ ត្រូវរៀបចំផែនការអភិវឌ្ឍន៍តាមផ្នែក និងផែនការសកម្មភាពរបស់ខ្លួនឱ្យមានភាពផ្សារភ្ជាប់ជាមួយផែនការយុទ្ធសាស្រ្តរបស់ក្រសួង និងរបៀបវារៈគោលនយោបាយអាទិភាពដែលមានចែងក្នុង យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។
ទី២- ត្រូវសហការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍តាមផ្នែកនីមួយ ដើម្បីធានាសង្គតិភាព ឤទិភាព ដោយផ្សារភ្ជាប់ជាមួយយុទ្ធសាស្ត្ររបស់ក្រសួងនិងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងគោលដៅសម្រេចឱ្យបានលទ្ធផលតាមការរំពឹងទុករបស់អង្គភាពនីមួយៗ ។
ទី៣-ត្រូវបន្តបង្កើន ការសម្របសម្រួលផែនការយុទ្ធសាស្រ្តរបស់ក្រសួង ជាមួយនឹង ដៃគូអ្នកផ្តល់ហិរញ្ញប្បទាន ដើម្បីជំរុញសកម្មភាពគាំទ្រដល់ការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍជាតិ រួមទាំង កម្មវិធីកែទម្រង់លើវិស័យធម្មការ និងសាសនាប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។
ទី៤- រាល់ការអនុវត្តកម្មវិធី គម្រោង និងសកម្មភាព នានា ត្រូវតាមដាន ត្រួតពិនិត្យ និងវាយតម្លៃឱ្យបានជាប់ជាប្រចាំ ហើយត្រូវមានរបាយការណ៍លទ្ធផល នៃការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃនោះ។
ទី៥- គ្រប់អង្គភាព ត្រូវពង្រឹងការប្រមូល ចងក្រង និងធ្វើបច្ចុប្បន្នភាពទិន្នន័យរបស់ខ្លួនជាប្រចាំ ប្រកបដោយសង្គតិភាព ដើម្បីគាំទ្រដល់ការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តសកម្មភាព ឱ្យបានពេញលេញ និងទាន់ពេលវេលា។
ទី៦- គ្រប់អង្គភាពក្រោមឱវាទក្រសួង ត្រូវបន្តអនុវត្តការងារប្រកបដោយស្មារតីបុរេសកម្ម សកម្ម និងអន្តរសកម្ម បំផុត ដោយឈរលើអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ»៕