ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុនសាជីវកម្មរចនាផ្លូវដែក នៃប្រទេសចិន (China Railway Design Corporation – CRDC)

ទីស្តីការក្រសួង៖ នាព្រឹកថ្ងៃអង្គារ ទី២១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូក្រុមហ៊ុនសាជីវកម្មរចនាផ្លូវដែក នៃប្រទេសចិន (China Railway Design Corporation – CRDC) ដឹកនាំដោយ លោក Zhang Yang អ្នកគ្រប់គ្រងទូទៅរបស់ CRDC ប្រចាំនៅកម្ពុជា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង និងមន្រ្តីពាក់ព័ន្ធ។
ជំនួបនេះរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យពិភាក្សាលើរបាយការណ៍ និងលទ្ធផលនៃការស្រាវជ្រាវផែនការបណ្តាញផ្លូវដែកនៅកម្ពុជា ដែលធ្វើឡើងដោយ ក្រុមហ៊ុនសាជីវកម្មរចនាផ្លូវដែក នៃប្រទេសចិន (China Railway Design Corporation – CRDC)។ ការអភិវឌ្ឍវិស័យផ្លូវដែកនៅកម្ពុជា គឺជាចក្ខុវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល នីតិកាលទី៧នេះ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ។