អ៊ីស្រាអែលបើកការវាយប្រហារជាថ្មីលើតំបន់ហ្គាហ្សានិងបិទផ្លូវជំនួយមនុស្សធម៌! ដោយថាក្រុមហាម៉ាសបាញ់សម្លាប់ទាហានខ្លួន និងរំលោភបទឈប់បាញ់របស់ពួកគេ

កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានចាប់ផ្តើមការវាយប្រហារថ្មីមួយប្រឆាំងនឹងគោលដៅរបស់ក្រុមសកម្មប្រយុទ្ធហាម៉ាសនៅតំបន់ហ្គាហ្សាស្ទ្រីបភាគខាងត្បូងហើយ។ យោងតាមសេចក្តីថ្លែងការណ៍បានបញ្ជាក់ទៀតថាប្រតិបតិ្តការនេះដឹកនាំដោយបញ្ជាការភាគខាងត្បូងរបស់ IDF “បន្ទាប់ពីមានការរំលោភបទឈប់បាញ់កាលពីព្រឹកថ្ងៃអាទិត្យ។ អ្នកនាំពាក្យរបស់ IDF បាននិយាយថា៖ ក្នុងរយៈពេលប៉ុន្មានម៉ោងថ្មីៗនេះ យន្តហោះចម្បាំងរបស់អ៊ីស្រាអែល យន្តហោះកងទ័ពអាកាស និងកាំភ្លើងធំបានវាយប្រហារទីតាំងរបស់ហាម៉ាសរាប់សិបកន្លែង រួមទាំងកន្លែងផ្ទុកអាវុធ ការដំឡើងយោធា និងទីតាំងបាញ់បង្ហោះជាដើម។ លើសពីនេះដែរ យន្តហោះចម្បាំងបានទម្លាក់គ្រាប់បែកជាង ១២០គ្រាប់ទៅលើផ្លូវរូងក្រោមដីរបស់ក្រុមហាម៉ាសដែលមានប្រវែងប្រហែល៦គីឡូម៉ែត្រ។ លើសពីនេះកងទ័ពអ៊ីស្រាអែលបានចេញមកនិយាយទៀតថា៖ ទាហានពីរនាក់របស់ខ្លួនត្រូវស្លាប់នៅពេលដែលក្រុមហាម៉ាសបានបាញ់មីស៊ីលប្រឆាំងរថក្រោះ និងបានបាញ់ទៅលើកងទ័ពដែលកំពុងរុះរើលេនដ្ឋានរបស់ខ្លួនក្នុងទីក្រុង Rafah ដែលវាជាឧប្បត្តិហេតុមួយដែលពួកគេចាត់ទុកថាជាការរំលោភលើបទឈប់បាញ់នោះ។ មន្ត្រីយោធាអ៊ីស្រាអែលម្នាក់បាននិយាយថា៖ យ៉ាងហោចណាស់ឧប្បត្តិហេតុបែបនេះគឺបានកើតឡើងចំនួនបីដងដែរកាលពីថ្ងៃអាទិត្យនោះ។ ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយផ្សេងទៀតថា៖ ក្រោមការបំពានរបស់ពួកហាម៉ាស នាយករដ្ឋមន្ត្រី Benjamin Netanyahu បានណែនាំយោធាឱ្យធ្វើសកម្មភាពដោយបង្ខំចិត្តត្រូវតែប្រឆាំងតបតនឹងគោលដៅរបស់ពួកគេក្នុងតំបន់ហ្គាហ្សាស្ទ្រីប។ លោក Netanyahu ក៏បានបញ្ជាឱ្យផ្អាករាល់ដំណើរការផ្តល់ជំនួយមនុស្សធម៌នានាទៅកាន់ Gaza ដែរ រហូតដល់មានការជូនដំណឹងថ្មីបន្ថែមទៀត៕

សម្រួលអត្ថបទ៖ សុផារិន្ទ