គ្រោះថ្នាក់ទាំងព្រឹកព្រលឹមថ្ងៃចន្ទនេះ! ដោយយន្តហោះដឹកទំនិញ មួយគ្រឿងចុះចតរអិលធ្លាក់ផ្លូវចូលទឹកសមុទ្រ នៅហុងកុងសម្លាប់មនុស្ស ២នាក់

យន្តហោះដឹកទំនិញមួយគ្រឿងបានរអិលចេញពីផ្លូវរត់យន្តហោះ ក្នុងទីក្រុងហុងកុងរួចជ្រុលទៅធ្លាក់ចូលក្នុងទឹកសមុទ្រអំឡុងពេលចុះចតនាព្រឹកព្រលឹមថ្ងៃចន្ទនេះ ដោយបានសម្លាប់មនុស្សចំនួនពីរនាក់។ ជើងហោះហើរដែលរងគ្រោះថ្នាក់នេះបានទៅដល់ទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម និងបានបន្តចុះចតនៅអាកាសយានដ្ឋានអន្តរជាតិហុងកុងនៅម៉ោងប្រហែល ៣ និង ៥០ នាទីព្រឹក នេះបើយោងតាមអាជ្ញាធរអាកាសយានដ្ឋានរបស់ហុងកុង។ សមាជិកនាវិក៤នាក់ស្ថិតនៅលើយន្តហោះត្រូវបានជួយសង្គ្រោះ និងបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។ ហើយតាមរបាយការណ៍បឋមពីប៉ូលិសបាននិយាយថា មានមនុស្សពីរនាក់ផ្សេងទៀតស្ថិតនៅលើផ្លូវរត់យន្តហោះក្នុងអាកាសយានដ្ឋានបានស្លាប់ភ្លាមៗ។ អាជ្ញាធរបាននិយាយថា ផ្លូវរត់យន្តហោះភាគខាងជើងនៃអាកាសយានដ្ឋានហុងកុងនេះ ជាកន្លែងដែលមមាញឹកបំផុតមួយនៅអាស៊ី ដែលយន្តហោះតែងតែរអិលចេញពីផ្លូវរត់ នឹងបានបិទខ្លះផងដែរ។ ប៉ុន្តែផ្លូវរត់ពីរផ្សេងទៀតនៅព្រលានយន្តហោះនេះនៅបន្តដំណើរការដដែល។ សូមបញ្ជាក់ថាយន្តហោះដឹកទំនិញនេះជាប្រភេទ Boeing 747 គឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអាកាសចរណ៍ AirACT របស់ប្រទេសតួកគី ដែលហោះហើរទៅកាន់ Emirates SkyCargo ដែលមានលេខជើងហោះហើរ EK9788។ វាហោះចេញពីអាកាសយានដ្ឋានអន្តរជាតិ Al Maktoum។ នាយកដ្ឋានអាកាសចរណ៍ស៊ីវិលរបស់ហុងកុងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនកំពុងតាមដានជាមួយក្រុមហ៊ុនអាកាសចរណ៍ និងភាគីពាក់ព័ន្ធផ្សេងទៀតចំពោះករណីរអិលធ្លាក់នេះថាបណ្តាលមកពីមូលហេតុអ្វីពិតប្រាកដ៕
សម្រួលអត្ថបទ៖ សុផារិន្ទ