រដ្ឋមន្ត្រីក្រសួងព័ត៌មាន ថ្លែងថា ការផ្សព្វផ្សាយ ការផលិតមាតិកា និងខ្លឹមសារព័ត៌មានសម្បូរបែបគ្រប់ជ្រុងជ្រោយអំពីរូបភាពពិតនៃប្រទេសកម្ពុជា ពិតជាមានភាពចាំបាច់មិនអាចខ្វះបាននៅក្នុងបរិបទនៃការរីករាយដាលនៃព័ត៌មានក្លែងក្លាយ

តាមរយៈអ្នកដែលទទួលបានពាន់រង្វាន់ “ Prestige 40 Under 40 Awards 2025 “ នេះដែរ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន សូមលើកទឹកចិត្តជាពិសេសអ្នកបង្តើតមាតិកា សូមចូលរួមបង្កើនផ្សព្វផ្សាយមាតិកាឱ្យបានកាន់តែទូលំទូលាយអំពីវិស័យទេសចរណ៍ វប្បធម៌ ឱកាសវិនិយោគ និងសក្កានុពលសេដ្ឋកិច្ចនាំប្រទេសកម្ពុជា ប្រកបដោយគំនិតឆ្នៃប្រឌិតខ្ពស់ និងគោរពតាមក្រមសីលធម៌វិជ្ជាជីវៈ,

នេះជាការថ្លែង និងការលើកទឹកចិត្តរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន

ក្នុងឱកាសអញ្ជើញជាអធិបតីពិធីប្រគល់ពានរង្វាន់ “Prestige 40 Under 40 Awards 2025” នាយប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ នា Rosewood Phnom Penh ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម Dominic Williams ឯកអគ្គរាជទូតនៃចក្រភពអង់គ្លេស, ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំកម្ពុជា និងលោកជំទាវ យឹម ឆៃលីន ។

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ថ្លែងបញ្ជាក់ថា បច្ចុប្បន្ន យើងកំពុងរស់នៅក្នុងយុគសម័យមួយដែលព័ត៌មានមានឥទ្ធិពលជាងពេលណាៗទាំងអស់។ ព័ត៌មាន និងគំនិតរបស់យើង អាចធ្វើដំណើររាប់សិបម៉ឺនគីឡូម៉ែត្រត្រឹមតែរយៈពេលប៉ុន្មានវិនាទីតាមរយៈបណ្តាញសង្គមរបស់យើង ។ ការបង្ហោះសារ ឬវីដេអូតែមួយអាចបំផុសគំនិតមនុស្សរាប់លាននាក់ ប៉ុន្តែទន្ទឹមនេះ ព័ត៌មានមិនពិត ពាក្យចចាមអារ៉ាម និងខ្លឹមសារដែលបង្កគ្រោះថ្នាក់ក៏អាចរីករាលដាលយ៉ាងឆាប់រហ័សផងដែរ ប្រសិនបើយើងមិនបានប្រុងប្រយ័ត្ន។ ហេតុនេះ នៅក្នុងបរិបទនៃរីកចម្រើនយ៉ាងឆាប់រហ័សនៃបញ្ញាសិប្បនិម្មិត និងប្រព័ន្ធផ្សព្វផ្សាយសង្គម តួនាទីរបស់អ្នកទាំងអស់គ្នាដែលជាបុគ្គលមានប្រជាប្រិយភាពនៅក្នុងសង្គម គឺពិតមានសារសំខាន់ណាស់ក្នុងការចែករំលែកអំពីរូបភាពល្អៗ បទពិសោធនៃភាពជោគជ័យ និងសកម្មភាពមនុស្សធម៌នានាដែលជាប្រយោជន៍សម្រាប់យុវជន និងសង្គមជាតិរបស់យើង។

ក្នុងកាសនេះដែរ ឯកឧត្តម នេត្រ ភក្ត្រា សំដែងនូវការចូលរួមអបអរសាទរចំពោះជ័យលាភីទាំងអស់ ដែលទទួលនូវពាន់រង្វាន់

“Prestige 40 Under 40 Awards 2025” ជាអ្នកបានចូលរួមបង្កើតនូវសមិទ្ធផលលេចធ្លោ ភាពច្នៃប្រឌិត លើកកម្ពស់វប្បធម៌ តម្លៃនិងអត្តសញ្ញាណរបស់ប្រទេសកម្ពុជាទាំងនៅលើឆាកជាតិ និងអន្តរជាតិ។ តាមរយៈនេះសួមការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលររួមរបស់ Prestige Cambodia ជាមួយរាជរដ្ឋាភិបាលក្នុងការចូលរួមផ្សព្វផ្សាយវប្បធម៌ និងអរិយធម៌របស់កម្ពុជាតាមរយៈវេទិកានានា និងការបង្ហាញប្រាប់ទៅពិភពលោកអំពីសក្តានុពលនៃព្រះរាជាណាចក្រកម្ពុជា។ វត្តមានភ្ញៀវកិត្តិយស និងអ្នកទទួលជ័យលាភី នាពេលនេះ មិនមែនត្រឹមតែជាពិធីផ្តល់ជូននូវពាន់រង្វាន់ប៉ុណ្ណោះទេ ប៉ុន្តែវាជាការទទួលស្គាល់នូវ ស្នាដៃ ទេពកោសល្យ និងចក្ខុវិស័យរបស់អ្នកទាំងអស់គ្នា ដែលបាននឹងកំពុងចូលរួមធ្វើឱ្យប្រទេសកម្ពុជាក្លាយជាប្រទេសនៃភាពច្នៃប្រឌិត និងឱកាស។ 

ឯកឧត្តម រដ្ឋមន្ត្រី បានថ្លែងបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសកម្ពុជា ក្រោមមគ្គុទ្ទេសក៍ដឹកនាំដ៏ឆ្នើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភា និងបន្តដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាននាំប្រទេសកម្ពុជាឱ្យស្គាល់នូវសុខសន្តិភាពពេញលេញ មានកំណើនសេដ្ឋកិច្ចនិងការអភិវឌ្ឍលើគ្រប់វិស័យក្នុងរយៈពេលជាង២ទសវត្សចុងក្រោយនេះ ដែលអនុញ្ញាតឱ្យយុវជន យុវនារីកម្ពុជា មានឱកាសគ្រប់គ្រាន់ក្នុងការសិក្សារៀនសូត្រ បញ្ចេញសមត្ថភាព និងទេពកោសល្យច្នៃប្រឌិតរបស់ខ្លួន ដើម្បីចូលរួមអភិវឌ្ឍន៍ និងសាងកេរ្តិ៍ឈ្មោះប្រទេសកម្ពុជាឱ្យកាន់តែល្បីរន្ទឺ៕