ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បំពាក់គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេនា ជូនឯកឧត្តម មុំ សៀក ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំធាយ និងជាប្រធានក្រុមប្រឹក្សាសហជីពជាតិកម្ពុជា (CCNU)

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធក្លោងទ្វារ សួនច្បារ និងរូបសំណាក នៅសាលាបឋមសិក្សាទ្រា ស្ថិតក្នុងភូមិទ្រា ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញបំពាក់គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេនា ជូនដល់ឯកឧត្តម មុំ សៀក ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំធាយ និងជាប្រធានក្រុមប្រឹក្សាសហជីពជាតិកម្ពុជា(CCNU) ចំពោះកិច្ចខិតខំប្រឹងប្រែង ជួយជាតិមាតុភូមិ និងប្រជាជន របស់ឯកឧត្តមក្នុងរយៈពេលកន្លងមក។
ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ក្រុមការងារក្រុមការងារចុះជួយមូលដ្ឋានជុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង និងប្រធានសហភាពសហជីពទាំង12 ដែលជាសមាជិកនៃក្រុមប្រឹក្សាសហជីពជាតិកម្ពុជា (CCNU) ផងដែរ។
គ្រឿងឥស្សរិយយសដែលឯកឧត្តម មុំ សៀក ទទួលបានពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជានាពេលនេះ គឺជាសមិទ្ធផលដ៏ឧត្តុង្គឧត្តម ដែលក្នុងរយៈពេលកន្លងមក ឯកឧត្តមបានខិតខំបំពេញតួនាទី ភារកិច្ច ដោយបានយកអស់កម្លាំងកាយ បញ្ញាស្មារតី លះបង់វេលា និងធនធានផ្ទាល់ខ្លួន ដើម្បីរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ ជាមួយរាជរដ្ឋាភិបាល ស្ទើរគ្រប់វិស័យ មានជាអាទិ៍៖
1- វិស័យការងារ៖ ឯកឧត្តមបានចូលរួមយ៉ាងសកម្ម ក្នុងបេសកកម្មការពារសិទ្ធិសេរីភាព និងទាមទារអត្ថប្រយោជន៍ស្របច្បាប់ ជូនកម្មករ និយោជិតទូទាំងរាជធានី/ខេត្ត ពិសេសការចូលរួមចរចាប្រាក់ឈ្នួលអប្បបរមារៀងរាល់ឆ្នាំ ជូនកម្មករនិយោជិត។ ឯកឧត្តមតែងបានយកចិត្តទុកដាក់ក្នុងកិច្ចការងារជួយដល់កម្មករនិយោជិត ដោយស្របតាមរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែគិតគូរពីសុខទុក្ខដល់បងប្អូនកម្មករនិយោជិតជានិច្ច ចាប់តាំងពីក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រហូតមកដល់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដើម្បីអត្ថប្រយោជន៍របស់កម្មករនិយោជិត។
2- ការងារសង្គម៖ ឯកឧត្តមប្រធាន បានចូលរួមយ៉ាងផុសផុលក្នុងការងារមនុស្សធម៌ ដូចជាការជួយឧបត្ថម្ភ ជាថវិកា និងសម្ភារៈ ដល់កម្មករនិយោជិតជាសមាជិក ដែលមានធុរៈផ្សេងៗ។ ជាមួយគ្នានេះ ឯកឧត្តមក៏បានបង្កើតជាមូលនិធិ YSUCCL សម្រាប់ជួយឧបត្ថម្ភកម្មករនិយោជិត ក៏ដូចជាប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតខ្លាំង មានស្ត្រីមេម៉ាយ មានកូនក្នុងបន្ទុកច្រើន ចាស់ជរា គ្មានទីពឹង។ ការណ៍នេះសរបញ្ជាក់អំពីការរួមចំណែកយ៉ាងច្រើនសន្ធឹកសន្ធាប់របស់ឯកឧត្តមប្រធាន ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលបានកាត់បន្ថយបន្ទុកហិរញ្ញវត្ថុរបស់កម្មករ និងបានជួយលើកកម្ពស់សុខុមាលភាពទូទៅរបស់កម្មករ និងក្រុមគ្រួសាររបស់ពួកគេថែមទៀតផង។
ជាងនេះទៀត ឯកឧត្តមបានសម្រេចបង្កើតជាមូលនិធិក្រុមប្រឹក្សាសហជីពជាតិកម្ពុជា(CCNU) ដើម្បីកៀរគរមានជាថវិកា គ្រឿងឧបភោគបរិភោគ និងសម្ភារៈចាំបាច់មួយចំនួន ដើម្បីផ្តល់ជូនវីរកងទ័ពជួរមុខដែលកំពុងការពារប្រទេស និងបងប្អូនប្រជាពលរដ្ឋជាជនភៀសសឹក កាលពីដើមខែសីហា ឆ្នាំ២០២៥ កន្លងទៅនេះ។ ការបង្កើតមូលនិធិ CCNU នេះឡើង គឺក្រោមស្មារតីស្នេហាជាតិមាតុភូមិរបស់ឯកឧត្តម និងក្រុមការងារទាំងមូល ដើម្បីជួយសម្រាលបន្ទុករាជរដ្ឋាភិបាល និងជួយសម្រាលនូវការលំបាកខ្វះខាតរបស់កងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹក។
3- ការងារអប់រំ និងសាសនា ៖ ឯកឧត្តមប្រធាន បានជួយឧបត្ថម្ភកសាងសមិទ្ធផលនានា សាលារៀន វត្តអារាម ជាច្រើនកន្លែង ដោយបានចំណាយធនធានផ្ទាល់ខ្លួន និងមានការចូលរួមពីសប្បុរសជនផងដែរ។ នេះជាការរួមចំណែកយ៉ាងធំធេងក្នុងការបន្តអភិវឌ្ឍន៍ជាមួយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំបន្តពីរាជរដ្ឋាភិបាលអាណត្តិមុនៗ ដែលឆ្លុះបញ្ចាំងថា ពីមួយឆ្នាំទៅមួយឆ្នាំ ប្រទេសកម្ពុជាយើងបន្តអភិវឌ្ឍទៅមុខជានិច្ច។
4- ការងារស្តារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសង្គម៖ ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាល ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានឃុំធាយ ឯកឧត្តមប្រធាន បានធ្វើសកម្មភាពយ៉ាងមមាញឹក ដោយបានដឹកនាំក្រុមការងារក្រោមឱវាទទាំងអស់ ចុះបំពេញការងារនៅមូលដ្ឋានបានយ៉ាងម៉ត់ចត់ ពិសេសបានចំណាយថវិកាយ៉ាងច្រើន រាប់រយលានរៀល ដើម្បីជួយអភិវឌ្ឍន៍មូលដ្ឋានឃុំធាយ អោយបានរីកចម្រើនប្រសើរ និងសំបូរបែប ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម មុំ សៀក បានប្រគល់ថវិកាចំនួន២០.០០០.០០០រៀល( ម្ភៃលានរៀលគត់) ចូលរួមជាមួយមូលនិធិឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី ដើម្បីបន្តចូលរួមឧបត្ថម្ភគាំទ្រដល់វីរកងទ័ព ដែលកំពុងឈរជើងនៅជួរមុខតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ផងដែរ៕