លោកជំទាវ សូ ភត្រ្តា ចាយបូរិន   អញ្ជើញចូលរួម អង្គកឋិនទានមហាសាមគ្គី នាវត្តមុនីសុវណ្ណ (ហៅវត្តជំពុះក្អែក)

លោកជំទាវ សូ ភត្រ្តា ចាយបូរិន អញ្ជើញចូលរួមអង្គកឋិនទានមហាសាមគ្គី ដើម្បីវេរថ្វាយនិងប្រគេន សម្តេចជាអម្ចាស់ និង ព្រះមន្រ្តីសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស ដើម្បីប្រមូលបច្ច័យកសាងសមិទ្ធផលនានា ទុកជាគរុភណ្ឌក្នុងពុទ្ធសីមា វត្តមុនីសុវណ្ណ (ហៅវត្តចំពុះក្អែក) ដែលស្ថិតនៅក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥។

អង្គកឋិនទានមហាសាមគ្គី វត្តមុនីសុវណ្ណ (ហៅវត្តចំពុះក្អែក) នេះមានការយាងផ្តល់ព្រះរាជាកិត្តិយសដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្ដេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្ដេចព្រះសង្ឃនាយក នៃគណៈមហានិកាយ និងជាសម្តេចព្រះចៅអធិការវត្តមុនីសុវណ្ណ , ព្រះថេរានុថេរគ្រប់ព្រះអង្គ , ឯកឧត្តម លោកជំទាវ ប្រជាពុទ្ធបរិស័ទ និងពុទ្ធបរិស័ទចំណុះជើងវត្តយ៉ាងច្រើនកុះករ ។

ពិធីបុណ្យនេះបានប្រព្រឹត្តទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ដោយមានការដង្ហែអង្គកឋិនប្រទក្សិណជុំវិញព្រះវិហារ និងពិធីវេរថ្វាយនិងប្រគេនត្រៃចីវរ ទេយ្យទាន គ្រឿងអត្ថបរិក្ខារ និងបវរណាបច្ច័យ ជាច្រើនទៀតដល់ សម្តេចជាអម្ចាស់ សម្រាប់ទុកជាគរុភណ្ឌ ដែលជាកិច្ចដ៏វិសេសដើម្បីផ្គត់ផ្គង់ដល់ការប្រើប្រាស់របស់ព្រះសង្ឃបន្ទាប់ពីបញ្ចប់ការគង់ចាំវស្សាក្នុងរយៈកាល៣ខែកន្លងទៅ។

ក្នុងឱកាសដ៏មហានក្ខត្តឫក្សនាវត្តមុនីសុវណ្ណ ហៅវត្តជំពុះក្អែក ដែលបច្ច័យទាំងនោះជាសទ្ធាជ្រះថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងឯកឧត្តម លោកជំទាវប្រជាពុទ្ធបរិស័ទ និងពុទ្ធបរិស័ទទាំងអស់នេះ បានវេរថ្វាយនូវបច្ច័យសរុបចំនួន ១៨៣,០០០,០០០លានរៀល (១៨៣លានរៀល) និង៣៨២៩៥ដុល្លា  (សរុបបច្ច័យដុល្លា ៣៥៤០៤៥ដុល្លា) ដើម្បីទុកសម្រាប់ជាមូលនិធិកសាង និងអភិវឌ្ឍសមិទ្ធផលនានាក្នុងទីអារាម ក្នុងការរួមចំណែកបម្រើដល់វិស័យព្រះពុទ្ធសាសនានៅកម្ពុជា។

សូមជម្រាបជូនថា កឋិនទាន គឺជាបុណ្យប្រពៃណីព្រះពុទ្ធសាសនា ដែលមានសម្តែងទុកក្នុងព្រះវិន័យបិដក ជាបុណ្យដែលមានលក្ខណៈប្លែកពីបុណ្យដទៃ ៥យ៉ាង ៖

ទី១. ប្លែកដោយកាល គឺជាកាលទាន ក្នុងមួយឆ្នាំធ្វើបានតែ១ដង មានរយៈពេលកំណត់ត្រឹមតែ២៩ថ្ងៃ  ដោយរាប់ចាប់ពីថ្ងៃ ១ រោច ខែអស្សុជ រហូតដល់ថ្ងៃ ១៥ កើត ពេញបូណ៌មី ខែកត្តិក (ក្រោយថ្ងៃចេញវស្សា) ហើយវត្តមួយទទួលបានកឋិនតែ១ដងប៉ុណ្ណោះ ។

ទី២.ប្លែកដោយវត្ថុ គឺសំពត់ដែលជាវត្ថុកឋិននោះ មានតែស្បង់ ចីវរ និងសង្ឃាដី ដែលគេធ្វើត្រឹមត្រូវតាម ពុទ្ធប្បញ្ញត្តិ ។ទី៣.ប្លែកដោយអំពើ គឺបុគ្គលអ្នកធ្វើគម្បីធ្វើឱ្យត្រូវតាមវិន័យបញ្ញត្តិ ហើយព្រះសង្ឃត្រូវក្រាលគ្រង ឱ្យត្រូវតាមវិន័យបញ្ញត្តិ 

ទី៤.ប្លែកដោយបដិគ្គាហកៈ គឺអ្នកទទួលសំពត់កឋិន បានតែភិក្ខុដែលនៅចាំព្រះវស្សា គ្រប់៣ខែ ដោយមិនដាច់វស្សាទើបទទួលក្រាលគ្រងបាន ។

នឹងទី៥.ប្លែកដោយអានិសង្ស ជាបុណ្យមានផលានិសង្សច្រើន អ្នកធ្វើទទួលបានអានិសង្ស ៥យ៉ាងគឺ ៖

១.មានប្រាជ្ញាក្លៀវក្លាមុះមុត 

២.មានពណ៌សម្បុរល្អ 

៣.មានរូបល្អ 

៤.មាន ទ្រង់ទ្រាយល្អ 

៥.នឹងបានជាស្តេចចក្រពត្តិក្នុងជាតិណាមួយពុំខានឡើយ។ 

ដោយឡែកចំណែកបដិគ្គាហកៈអ្នកទទួលក៏បាន អានិសង្ស ៥ដូចគ្នាគឺ ៖

១.គឺត្រាច់ទៅទីណាមិនបាច់លាភិក្ខុផងគ្នា 

២.ត្រេចទៅណា មិនបាច់យកត្រៃចីវរគ្រប់ 

៣.ឆាន់គណភោជនបាន 

៤.ទុកដាក់អតិរេកចីវរបានតាមត្រូវការ 

និង៥.ចីវរណាដែលកើតឡើងក្នុងអាវាសនោះ ចីវរនោះ នឹងមានដល់ភិក្ខុទាំងនោះ៕