ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រគល់ពានរង្វាន់ “Prestige 40 Under 40 Awards 2025″ ដល់អ្នកចូលរួមផ្សព្វផ្សាយវប្បធម៌ និងអរិយធម៌របស់កម្ពុជាតាមរយៈវេទិកានានា និងការបង្ហាញប្រាប់ទៅពិភពលោកអំពីសក្តានុពលនៃព្រះរាជាណាចក្រកម្ពុជា,

( ក្រចេះ )៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់ពានរង្វាន់ “Prestige 40 Under 40 Awards 2025″ រៀបចំឡើងដោយ Prestige Cambodia នៅយប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ នា Rosewood Phnom Penh ។
ពិធីនេះដែរក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម Dominic Williams ឯកអគ្គរាជទូតនៃចក្រភពអង់គ្លេស, ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំកម្ពុជា, លោកជំទាវ យឹម ឆៃលីន និងអ្នកល្បីៗនៅក្នុងបណ្តាញសង្គមទាំងជាតិ និងអន្តរជាតិជាច្រើនរូប
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា វត្តមានរបស់អ្នកទាំងអស់គ្នានាពេលនេះ មិន មែនត្រឹមតែជាពិធីផ្តល់ជូននូវពាន់រង្វាន់ប៉ុណ្ណោះទេ ប៉ុន្តែវាជាការទទួលស្គាល់នូវ ស្នាដៃ ទេពកោសល្យ និងចក្ខុវិស័យរបស់អ្នកទាំងអស់គ្នាដែលបាននិងកំពុងចូលរួមធ្វើឱ្យប្រទេសកម្ពុជាក្លាយជាប្រទេសនៃភាពច្នៃប្រឌិត និងឱកាស។
ឯកឧត្តម រដ្ឋមន្ត្រី បានគូសបញ្ជាក់ថា
ប្រទេសកម្ពុជា ក្រោមមគ្គុទ្ទេសក៍ដឹកនាំដ៏ឆ្នើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភា និងបន្តដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាននាំប្រទេសកម្ពុជាឱ្យស្គាល់នូវសុខសន្តិភាពពេញលេញ មានកំណើនសេដ្ឋកិច្ចនិងការអភិវឌ្ឍលើគ្រប់វិស័យក្នុងរយៈពេលជាង២ទសវត្សចុងក្រោយនេះ ដែលអនុញ្ញាតឱ្យយុវជន យុវនារីកម្ពុជារបស់មានឱកាសគ្រប់គ្រាន់ក្នុងការសិក្សារៀនសូត្រ បញ្ចេញសមត្ថភាព និងទេពកោសល្យច្នៃប្រឌិតរបស់ខ្លួន ដើម្បីចូលរួមអភិវឌ្ឍន៍ និងសាងកេរ្តិ៍ឈ្មោះប្រទេសកម្ពុជាឱ្យកាន់តែល្បីរន្ទឺ។ ឯកឧត្តម បានលើកឡើងថា បច្ចុប្បន្ន យើងកំពុងរស់នៅក្នុងយុគសម័យមួយដែលព័ត៌មានមានឥទ្ធិពលជាងពេលណាៗទាំងអស់។ ព័ត៌មាន និងគំនិតរបស់យើងអាចធ្វើដំណើររាប់សែនម៉ឺនគីឡូម៉ែត្រ ត្រឹមតែរយៈពេលប៉ុន្មានវិនាទីតាមរយៈបណ្តាញសង្គមរបស់យើង ។ ការបង្ហោះសារ ឬវីដេអូតែមួយអាចបំផុសគំនិតមនុស្សរាប់លាននាក់ ប៉ុន្តែទន្ទឹមនេះ ព័ត៌មានមិនពិត ពាក្យចចាមអារ៉ាម និងខ្លឹមសារដែលបង្កគ្រោះថ្នាក់ក៏អាចរីករាលដាលយ៉ាងឆាប់រហ័សផងដែរ ប្រសិនបើយើងមិនបានប្រុងប្រយ័ត្ន។ ហេតុនេះ នៅក្នុងបរិបទនៃរីកចម្រើនយ៉ាងឆាប់រហ័សនៃបញ្ញាសិប្បនិម្មិត និងប្រព័ន្ធផ្សព្វផ្សាយសង្គម តួនាទីរបស់អ្នកទាំងអស់គ្នាដែលជាបុគ្គលមានប្រជាប្រិយភាពនៅក្នុងសង្គម គឺពិតមានសារសំខាន់ណាស់ក្នុងការចែករំលែកអំពីរូបភាពល្អៗ បទពិសោធនៃភាពជោគជ័យ និងសកម្មភាពមនុស្សធម៌នានាដែលជាប្រយោជន៍សម្រាប់យុវជន និងសង្គមជាតិរបស់យើង។
ក្នុងន័យនេះ ការផ្សព្វផ្សាយ ការផលិតមាតិកា និងខ្លឹមសារព័ត៌មានសម្បូរបែបគ្រប់ជ្រុងជ្រោយអំពីរូបភាពពិតនៃប្រទេសកម្ពុជា ពិតជាមានភាពចាំបាច់មិនអាចខ្វះបាន នៅក្នុងបរិបទនៃការរីករាយដាលនៃព័ត៌មានក្លែងក្លាយ។ ដូចនេះ ឯកឧត្តម នេត្រ ភក្ត្រា សូមលើកទឹកចិត្តទៅកាន់ជ័យលាភីដែលទទួលបានពាន់រង្វាន់នៅថ្ងៃនេះ ជាពិសេសអ្នកបង្តើតមាតិកា សូមចូលរួមបង្កើនផ្សព្វផ្សាយមាតិកាឱ្យបានកាន់តែទូលំទូលាយអំពីវិស័យទេសចរណ៍ វប្បធម៌ ឱកាសវិនិយោគ និងសក្កានុពលសេដ្ឋកិច្ចនាំប្រទេសកម្ពុជា ប្រកបដោយគំនិតឆ្នៃប្រឌិតខ្ពស់ និងគោរពតាមក្រមសីលធម៌វិជ្ជាជីវៈ៕