ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជួបសំណេះសំណាល និងប្រគល់រង្វាន់លើកទឹកចិត្តជូនសិស្សានុសិស្សជ័យលាភីនិទ្ទេស A និងរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ខេត្តព្រះសីហនុ

ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងា ររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាលជាមួយសិស្សានុសិស្សជ័យលាភីប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និទ្ទេស A ទូទាំងខេត្តព្រះសីហនុ សម័យប្រឡង ២៨ ខែសីហា ឆ្នាំ២០២៥។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម តំណាងរាស្ត្រមណ្ឌលខេត្តព្រះសីហនុ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្តឯកឧត្តម អភិបាលខេត្ត អ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរ អង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអ្នកអាណាព្យាបាលជាច្រើនរូបទៀត។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានសម្តែងនូវការកោតសរសើរ និងអបអរសាទរយ៉ាងស្មោះអស់ពីចិត្តចំពោះជ័យលាភីនិទ្ទេស A ទាំងអស់ ដែលបានខិតខំប្រឹងប្រែងរហូតទទួលបានលទ្ធផលដ៏ត្រចះត្រចង់នេះ ហើយបានជំរុញឲ្យពួកគេបន្តខិតខំសិក្សារៀនសូត្រថែមទៀត ដើម្បីក្លាយ ជាធនធានមនុស្សដ៏មានគុណភាពសម្រាប់ចូលរួមអភិវឌ្ឍន៍ខេត្តព្រះសីហនុ និងប្រទេស ជាតិទាំងមូល ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា។
ពិធីដ៏មានអត្ថន័យនេះ ក៏មានការប្រគល់ប័ណ្ណថ្លែងអំណរគុណជូនសប្បុរសជន និងប័ណ្ណ សរសើរជូនវិទ្យាល័យ ដែលបានរួមចំណែកយ៉ាងសកម្មក្នុងវិស័យអប់រំ ពិសេសជាងនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានប្រគល់ជូននូវប័ណ្ណសរសើរ និងម៉ូតូដល់សិស្សជ័យលាភី និទ្ទេស A ចំនួន ៥៦ នាក់ ដើម្បីជាការលើក ទឹកចិត្ត និងជាការទទួលស្គាល់នូវការខិតខំប្រឹងប្រែងសិក្សារបស់សិស្សានុសិស្សទាំងអស់។
ក្នុងឱកាសនោះដែរ ឯកឧត្តម សាយ សំអាល់ ក៏បានប្រគល់ជូននូវម៉ូតូសម្រាប់ប្រើប្រាស់ ដល់រដ្ឋបាលក្រុង/ស្រុក និងឃុំ/សង្កាត់ក្នុងខេត្តព្រះសីហនុ រួមមានរដ្ឋបាលក្រុង ព្រះសីហនុ ចំនួន ៣ គ្រឿងរដ្ឋក្រុង កំពង់ សោម ចំនួន ២ គ្រឿង ស្រុកព្រៃនប់ ចំនួន ១ គ្រឿង ឃុំ/សង្កាត់ ចំនួន ២៩ គ្រឿង។