ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្រ្តា នាំយកអង្ករវីតាមីនជិត ៨តោន ប្រគល់ជូនមន្ទីរពេទ្យខេត្ត និងមន្ទីរពេទ្យបង្អែកស្រុកចំនួន ៤ ដើម្បីចែកជូនពលរដ្ឋដែលមកសម្រាកព្យាបាលឃជំងឺយកទៅចម្អិនហូបដែលផ្តល់ជីវជាតិបំពេញបន្ថែម

(ក្រចេះ)៖ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បាននាំយកអង្ករវីតាមីនចំនួន ៦០០កេស ស្មើនឹងជិត ៨ តោន មកប្រគល់ជូនដល់មន្ទីរពេទ្យខេត្ត និងមន្ទីរពេទ្យបង្អែកស្រុកចំនួន៤ ដើម្បីចូលរួមក្នុងសកម្មភាពមនុស្សធម៌ ក៏ដូចជាជួយសម្រួលដល់ការស្នាក់អាស្រ័យ ពិនិត្យព្យាបាលជំងឺរបស់ប្រជាពលរដ្ឋ។
ពិធីប្រគល់ និងទទួលអង្ករវីតាមីននេះបានធ្វើឡើងនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ នាមន្ទីរពេទ្យខេត្តក្រចេះ។
ឯកឧត្តម ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានបញ្ជាក់ជូនថា អង្ករទាំងនេះគឺមានការដាក់លាយបញ្ចូលវីតាមីន សម្រាប់យកទៅចម្អិនហូប ជួយផ្តល់ជីវជាតិបំពេញបន្ថែមដល់រាងកាយទ្រុឌទ្រោមរបស់ជំងឺ។ សម្រាប់អង្ករវីតាមីននេះត្រូវបាន ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ធ្វើការបែងចែកប្រគល់ជូនដល់មន្ទីរពេទ្យខេត្តក្រចេះ ចំនួន ២០០កេស ស្មើ ២,៦០០គីឡូក្រាម, មន្ទីរពេទ្យបង្អែកចំនួន៣ ក្នុង ១មន្ទីរពេទ្យ ទទួលបានអង្ករ ១០០កេស ស្មើ ១,៣០០គីឡូក្រាម សម្រាប់ទុកចែកជូនដល់អ្នកជំងឺដែលមានជីវភាពក្រីក្រ ទទួលបានអង្ករដែលមានជាតិវីតាមីនសម្រាប់ដាំហូបជួយឱ្យមានកម្លាំង។
នៅក្នុងឱកាសនេះដែរ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានកោតសរសើរដល់ក្រុមវេជ្ជបណ្ឌិត និងក្រុមគ្រូពេទ្យនៅតាមមន្ទីរពេទ្យទាំងអស់ ដែលតែងតែខិតខំបំពេញការងារអស់ពីកម្លាំងកាយចិត្ត ក្នុងការមើលថែទាំ ពិនិត្យ ពិគ្រោះ ព្យាបាល អ្នកជំងឺប្រកបដោយការទទួលខុសត្រូវខ្ពស់ តាមវិជ្ជាជីវៈ វេជ្ជសាស្រ្តរបស់ក្រុមគ្រូពេទ្យជូនដល់ប្រជាពលរដ្ឋ ដោយមិនប្រកាន់ពេលវេលា និន្នាការនយោបាយ ពណ៍សម្បុរនោះគឺសំដៅធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋដែលមានជំងឺធ្ងន់មកស្រាល អ្នកជំងឺស្រាលមកមានការជាសះស្បើយឡើងវិញ។
ឯកឧត្តម រដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ទោះជាការផ្តល់ជូននូវអង្ករវីតាមីននាឱកាសនេះពុំទាន់អាចឆ្លើយតបទៅ និងតម្រូវការនៃអ្នកជំងឺយ៉ាងណាក៏ដោយ ប៉ុន្តែក៏ពិតជាអាចជួយសម្រួលនូវកង្វះខាតរបស់ប្រជាពលរដ្ឋមួយរយៈពេលនៃការសម្រាកព្យាបាលជំងឺផងដែរ។ រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ បានបោះជំហ៊ានយ៉ាងស្វាហាប់ និងបានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សម្រាប់ការអភិវឌ្ឍនៅកម្ពុជា ក្រោមដំបូលនៃសុខសន្តិភាព។ ដូចគ្នានេះការយកចិត្តទុកដាក់ចំពោះសុខមាលភាពប្រជាពលរដ្ឋជាកត្តាដ៏សំខាន់ និងមិនអាចខ្វះបានសម្រាប់ជីវិតប្រចាំថ្ងៃ។

បន្ថែមពីលើនេះដែរ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្រ្តា បាននាំយកនូវអំណោយជាថ្នាំពេទ្យឧបត្ថម្ភពីក្រុមហ៊ុន United Pharma (Cambodia) Co., LTD និងបានសំណូមពរដល់ប្រជាពលរដ្ឋឱ្យយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដោយប្រកាន់យកនូវការស់នៅស្អាត ហូបស្អាត បរិស្ថានជុំវិញខ្លួនឱ្យបានស្អាតល្អ បញ្ហាសុខភាព គឺជាបញ្ហាប្រឈមមួយដែលត្រូវរួមគ្នាដោះស្រាយដើម្បីសុខដមរម្យនីយកម្មនៃសង្គមកម្ពុជានាពេលបច្ចុប្បន្ន និងឆ្ពោះទៅអនាគត៕